កំពត៖ ស្រះទឹកបុរាណដែលស្ថិតក្នុងភូមិដំណាក់កន្ទួត ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត បន្ទាប់ពីត្រូវក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតបានហ៊ុមព័ទ្ធរបងនោះ ត្រូវប្រជាពលរដ្ឋមួយផ្នែកតូចមានប្រតិកម្ម និងរិះគន់ថា៖ក្រុមហ៊ុន
ទឹកស្អាតនេះមានគំនិតកេងយកស្រះបុរាណធ្វើជាកម្មសិទ្ធិផ្តាច់មុខ។
យោងតាមប្រភពជាផ្លូវការបានឲ្យដឹងថា៖ស្រះទឹកបុរាណ ក្នុងឃុំដំណាក់កន្ទួតខាងត្បូង(ក្បែររមណីយដ្ឋានភ្នំកំពង់ត្រាច)ត្រូវក្រុមហ៊ុនមួយវិនិយោគ ដើម្បីផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋទូទាំងស្រុកកំពង់ត្រាចជាង១០ឆ្នាំមកហើយ លុះពេលក្រុមហ៊ុនខាងលើធ្វើរបងហ៊ុមព័ទ្ធស្រះបុរាណនេះ ទើបមានប្រតិកម្មពីសំណាក់ពលរដ្ឋតែម្តង។
ប្រភពដដែលបានបង្ហើបផងដែរថា៖ក្នុងករណីពង្រីកស្រះមិនបញ្ហាទេ ថ្វីត្បិតខុសទ្រង់ទ្រាយប្រវតិ្តសាស្ត្រក្តី ប៉ុន្តែការហ៊ុមព័ទ្ធរបងនោះអាចប៉ះពាល់សោភ័ណភាពតំបន់ទេសចរណ៍ ដែលជារឿយៗមានផលិតកម្មភាពយន្តមកថតរឿងនៅរូងភ្នំក្បែរទីតាំងស្រះទឹកនេះ ដែលអាចធ្វើឲ្យសាធារណជនយល់ច្រឡំថាជាស្រះទឹកឯកជនផងដែរ។ជាមួួយនេះដែរប្រភពក៏បានអះអាងថា តម្លៃប្រើប្រាស់ទឹកស្អាតក្នុងស្រុកកំពង់ត្រាចនាពេលបច្ចុប្បន្នហាក់មានតម្លៃខ្ពស់ជាងបណ្តាទឹកស្អាតនានាទូទាំងប្រទេស គឺក្នុងមួយម៉ែត្រត្រីគុណ២.៥០០រៀលឯណោះ។
លោក ជា គឹម ឡុង ប្រធានក្រុមហ៊ុនផលិតទឹកស្អាតកំពង់ត្រាច បានបំភ្លឺថា ការហ៊ុមរបងនោះគឺអនុវត្តតាមការណែនាំត្រឹមត្រូវពីក្រសួងឧស្សាហកម្មនិងសិប្បកម្ម ដោយតម្រូវឲ្យស្រះមានកត្តាអនាម័យ បញ្ចៀសពីការចុះហែលលេង ក៏ដូចជារេរាំងមិនឲ្យសត្វគ្រប់ប្រភេទ ពិសេសសត្វពាហនៈ ចូលក្នុងបរិវេណនៃស្រះទឹកនេះជាដើម។លោកបានបញ្ជាក់ថា៖ ស្រះនេះមិនមែនជាកម្មសិទ្ធិឯកជនទេ ពោលគឺរាល់ការស្នើសុំច្បាប់-ឯកសារផ្សេងៗលោកតែងតែសរសេរថា ស្រះទឹកសាធារណៈជានិច្ច។លោកបានបន្តថា ទោះជាយ៉ាងណាក្រុមហ៊ុននឹងឈូសឆាយដីធ្វើផ្លូវតាមការចង់បានរបស់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់។និយាយរួមបើមានការជួបគ្នាអ្វីៗគ្រប់យ៉ាងអាចដោះស្រាយបានទាំងអស់ សូមកុំឲ្យតែកើតឡើងក្រោមការញុះញង់ពីមាត់មនុស្សបី បួននាក់ដែលមានគំនិតមិនល្អនោះគឺជាការប្រសើរបំផុត។លោកបានបញ្ជាក់ទៀតថា ចាប់ពីឆ្នាំ២០១៨តទៅ លោកនឹងអនុវត្តតាមការកំណត់របស់ក្រសួងគឺបើគិតត្រឹមបីម៉ែត្រត្រីគុណចុះតម្លៃ២.០០០រៀល ពីបួនទៅប្រាំពីរម៉ែត្រត្រីគុណ២.៣០០រៀល និងចាប់ពីប្រាំបីម៉ែត្រត្រីគុណឡើងទៅ គឺតម្លៃ២.៥០០រៀល។
ទាក់ទិននឹងបញ្ហាខាងលើ លោកអូន ខន អភិបាលស្រុកកំពង់ត្រាច បានបញ្ជាក់ថា បន្ទាប់ពីមានប្រតិកម្មពីសំណាក់ពលរដ្ឋ លោកក៏បានហៅម្ចាស់ក្រុមហ៊ុនទឹកស្អាតមកសាកសួរ ហើយត្រូវបានលោកជា គឹមឡុងយកច្បាប់មកបង្ហាញផងដែរ។លោកថា ចំណែកការហ៊ុមព័ទ្ធរបងក៏មានការអនុញ្ញាតពីលោក អ៊ុម សីុណាត អតីតអភិបាលស្រុកកំពង់ត្រាច ដោយយោងតាមការណែនាំរបស់ក្រសួងស្តីពីសុវត្ថិភាពនិងបញ្ហាអនាម័យទឹក។លោកអភិបាលស្រុកបានបន្តថា ក្រុមហ៊ុនបានសុខចិត្តយល់ព្រមរុះរើរបងចេញភ្លាម ខណៈពេលតំបន់នេះប្រែក្លាយជាមណ្ឌលទេសចរណ៍តាមការសម្រេចណាមួយនោះ។
ជុំវិញករណីខាងលើ លោកចាន់ ចេស្តា អភិបាលខេត្តកំពត បានបញ្ជាក់ប្រាប់ទូរទស្យន៍ apsara កាលពីថ្ងៃទី១៧ខែធ្នូ ឆ្នាំ២០១៧ថា៖លោកគាំទ្ររាល់ការធ្វើរបងហ៊ុមព័ទ្ធស្រះបុរាណនេះ ក្នុងគោលបំណងការពារទឹកសម្រាប់ផ្គត់ផ្គង់ ប្រើប្រាស់ជូនប្រជាពលរដ្ឋក្នុងតំបន់ស្រុកកំពង់ត្រាចទាំងមូល។លោកថា នេះជាកត្តាមួយជួយការពសរកុំឲ្យសត្វពាហនៈចុះផឹកទឹ ឬសត្វចង្រៃផ្សេងទៀតមកយាយយីផងដែរ ប៉ុន្តែទីតាំងស្រះបុរាណនេះមិនអនុញ្ញាតឲ្យយកធ្វើជាកម្មសិទ្ធិឯកជនឡើយ ពោលគឺគ្រាន់តែជាគោលការណ៍សម្រាប់អភិរក្សតែប៉ុណ្ណោះ។លោកបានបន្ថែមទៀតថា៖លោកយល់ព្រមធ្វើចំណារជូនទៅក្រុមហ៊ុន ដើម្បីផលិតទឹកស្អាតជូនដល់ប្រជាពលរដ្ឋប្រើប្រាស់រហូតដល់មានក្រុមហ៊ុនទឹកស្អាតថ្មីមកវិនិយោគបន្តទើបឲ្យដកចេញវិញ ហើយទីតាំងស្រះទឹកបុរាណនេះ នឹងនៅតែមានឈ្មោះជាស្រះទឹកសាធារណៈ និងស្រះប្រវតិ្តសាស្ត្រដដែល៕





































