កំពតៈ ប្រជានេសាទ ក្នុងឃុំ ព្រែកត្នោត សហការណ៍ ជាមួយកម្លាំង ជលផល ខេត្ត បានចុះបង្ក្រាប ទូកនេសាទ ខុសច្បាប់ ប្រើរនាស់ អូសឈ្លើង(អូបាល់) 
ពីរគ្រឿង នៅចំណុច ក្តាត ស្ថិត ភូមិចង្ហោន ឃុំព្រែកត្នោត ស្រុក ទឹកឈូរ ខេត្តកំពត។
តំណាងប្រជានេសាទម្នាក់ ឈ្មោះ សុខ សុវណ្ណ រស់នៅ ក្នុងភូមិ ចង្ហោន ឃុំ ព្រែកត្នោត បានប្រាប់ឲ្យដឹង នៅរសៀល ថ្ងៃទី ១៩ ខែធ្នូ នេះថា នៅក្នុងរយៈពេល ជិតពីរខែ មកនេះ ពួកគេមាន វិបត្តិ សេដ្ឋកិច្ច ក្នុងគ្រួសារ ដោយសារការ នេសាទមិនបាន។
មូលហេតុ មកពីទូក នេសាទ អូសបាល់ របស់ខេត្ត ព្រះសីហនុ បានចូលមក មកនេសាទ នៅតំបន់ទឹករាក់ (នៅចំណុចក្តាត) ដែលប្រជានេសាទ ឃុំព្រែកត្នោត តែងទៅនេសាទ ជាប្រចាំ។
ហេតុនេះហើយ ទើបរូបលោក និងក្រុមអ្នកនេសាទ ទាំងអស់ បាន សម្រេចចិត្ត នាំគ្នា រាយការណ៍ប្រាប់ មន្ត្រីជំនាញ អាជ្ញាធរពាក់ព័ន្ធ ឲ្យជួយ បង្គ្រាប និងលប់បំបាត់ បទស្មើសនេសាទ នៅលើដែន ទឹកសមុទ្រ ខេត្តកំពត។
លោកបន្តទៀតថា មានទូកប្រើឧបករណ៍ ប្រភេទនេះ នៅមានច្រើនទៀត កំពុងតែសកម្មភាព ចូលមកនេសាទ នៅត្រង់ ចំណុចក្តាតនេះ។
ដូច្នេះលោក ស្នើសុំឲ្យ មន្ត្រីជំនាញ និងមន្ត្រីដែល ពាក់ព័ន្ធ គ្រាប់ស្ថានប័ន ជួយទប់ស្កាត់ និងលប់បំបាត់ បទល្មើសនេះ ឲ្យបាន ដើម្បីជួយ ឲ្យគ្រួសារ អ្នកនេសាទ ទាំងអស់ អាចមានថវិការ ផ្គត់ផ្គងក្នុងគ្រួសារ ។
លោក សរ សារិន នាយខ័ណ្ឌ ជលផល ខេត្តកំពត បានមាន ប្រសាសន៍ថា កាលពីថ្ងៃទី១៨ ខែធ្នូ ម្សិលមិញ ប្រជាជននេសាទ ឃុំព្រែកត្នោត បានរាយការណ៍ថា នៅចំណុចក្តាត ភូមិ ចង្ហោន ឃុំព្រែកត្នោត ស្រុក ទឹកឈូ ខេត្ត កំពត មានទូកនេសាទមកពី កំពង់សោម បានចូល មកនេសាទ ដោយប្រើឧបករណ៍ រនាស់អូស ឈ្លើង (ហៅ “អូសបាល់” ) ដែលច្បាប់ បានហាម ឃាត់។
ពេលបានដំណឹងភ្លាម នៅម៉ោង១រសៀល ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០១៧ កម្លាំង សមត្ថកិច្ច ជំនាញ និងពាក់ព័ន្ធទាំងអស់ បានចុះ ទៅបង្ក្រាប ទូកកំពុង នេសាទ ចំនួនប្រាំ ទៅ ប្រាំមួយគ្រឿង ប៉ុន្តែ ចាប់បាន តែពីរគ្រឿង ដោយសារ ទូកផ្សេងទៀត បានបើករត់ ទៅកំពង់ សោមវិញ។
លោកនាយខ័ណ្ឌ បានបន្តថា ទូកនេសាទ ប្រើឧបករណ៍ ខុសច្បាប់ ដែលមក នេសាទ នៅលើផ្ទៃទឹក ខេត្តកំពត នេះ គឺជាទូករបស់ អ្នកនេសាទខ្មែរ យើងនៅ នៅខេត្ត ព្រះសីហនុ។
បើតាមការសាក សួរម្ចាស់ទូក បានឲ្យដឹងថា ពីមុនទូកនេះ ប្រើសម្រាប់ ដាក់មងប៉េការ ទើបតែប៉ុន្មានថ្ងៃ ចុងក្រោយនេះ បែកគំនិត មកប្រើឧបករណ៍ អូសបាល់ (អូសឈ្មើង)នៅក្នុងទឹកដី ខេត្តកំពត ក៏ត្រូវ ប្រជានេសាទ ឃុំព្រែកត្នោត រាយការណ៍ មកកម្លាំង ជំនាញចុះ ចាប់តែម្តង។
លោកបានស្នើសុំ ឲ្យប្រជានេសាទ ទាំងអស់ ចៀសវាង កុំប្រើឧបករណ៍ នេសាទ ខុសច្បាប់ ដើម្បីថែរក្សា បរិមាណ ទិន្នផល សមុទ្រ របស់យើង ឲ្យបានគង់វង្ស មិនបាត់បង់ ឬផុតពូជ។
ជាពិសេស សូមចូលរួម សហការណ៍ ជាមួយនឹង កម្លាំងជំនាញ ឬស្ថាប័ន អង្គភាព ពាក់ព័ន្ធនានា តាមរយៈ ការ ផ្សព្វផ្សាយ ណែនាំ កុំប្រើប្រាស់ ឧបករណ៍ ខុសច្បាប់ ។
សូមជម្រាបថា ម្ចាស់ទូក បានទំនាក់ទំនង មកសុំធ្វើការ ដោះស្រាយ តាមផ្លូវច្បាប់ ហើយ ហើយមន្ត្រី ជលផល កំពុងតែក៏សាង សំនុំរឿង ចាត់ចែងតាម នីតិវិធីច្បាប់ ស្តីអំពី ជលផល ថាត្រូវពិន័យឬ រឹបអូសអ្វីខ្លះ ៕





































