ច្រករបៀងព្រែកអន្សា ក្នុងស្រុកបន្ទាយមាស ខេត្តកំពត រងការរិះគន់យកលុយពីរថយន្តដឹកស្រូវកាន់តែច្រើន

0

កំពត៖ ប្រជាពលរដ្ឋជាឈ្មួញរកស៊ីនាំស្រូវពីប្រទេសកម្ពុជាយកទៅលក់ឲ្យឈ្មួញនៅប្រទេសវៀតណាមនៅព្រំដែនខេត្តកំពតបានត្អូញត្អែរនៅចុងខែវិច្ឆិកា ឆ្នាំ២០១៧ នេះថាសមត្ថកិច្ចពាក់ព័ន្ធនៅច្រករបៀងព្រែកអន្សាក្នុងឃុំព្រៃទន្លេ ស្រុកបន្ទាយមាស ខេត្តកំពត បានយកលុយពីរថយន្តដឹកស្រូវកាន់តែច្រើនឡើងៗ។ ប្រភពដដែលបានបញ្ជាក់ថា មិនត្រឹមតែសមត្ថកិច្ចនៅច្រករបៀងព្រំដែននោះទេគឺសូម្បីតែសមត្ថកិច្ចពាក់ព័ន្ធនៅតាមដងផ្លូវនានាឆ្ពោះទៅកាន់ច្រករបៀងព្រំដែនមួយនេះក៏បានយកលុយពីម្ចាស់រថយន្តដឹកស្រូវកាន់តែច្រើនផងដែរ។
ឈ្មួញដឹកស្រូវពីខេត្តបាត់ដំបង កំពត កំពង់ស្ពឺ និងខេត្តតាកែវជាដើមបានបញ្ជាក់ថា នគរបាលប៉ុស្តិ៍ច្រករបៀងព្រែកអន្សា បានយកលុយពីរថយន្តដឹកស្រូវក្នុង១រថយន្តៗច្រើនម៉ឺនរៀលដែលលុយទាំងនោះទំនងមិនបានចូលទៅក្នុងកញ្ចប់ថវិកាជាតិទាំងស្រុងនោះទេព្រោះមន្ត្រីទាំងនោះគ្មានការកំណត់ច្បាស់លាស់ទេ គឺអាស្រ័យលើការចរចាជាក់ស្តែងជាមួយម្ចាស់រថយន្តដឹកស្រូវ។ ប្រភពដដែលបានបញ្ជាក់ថា មានរថយន្តខ្លះបានបង់លុយតិចតួចប៉ុណ្ណោះទៅឲ្យមន្ត្រីជំនាញទាំងនោះ ព្រោះពួកគេស្គាល់គ្នាឬមានខ្នងបង្អែកជាដើម ខណៈឈ្មួញខ្លះដែលទើបចេញរកស៊ីថ្មីថ្មោងឬមិនស្គាល់មន្ត្រីជំនាញក៏បង់លុយច្រើនតាមនោះដែរ។
តាមស្ថានភាពជាក់ស្តែងមានរថយន្តដឹកស្រូវក្នុងមួយថ្ងៃៗរាប់រយគ្រឿងដឹកចេញពីតាមបណ្តាខេត្តផ្សេងៗឆ្ពោះទៅកាន់ច្រករបៀងព្រំដែនមួយនេះ ព្រោះច្រករបៀងមួយនេះមានភាពងាយស្រួលដឹកជញ្ជូនដែលមានទូកឈ្មួញយួនមកចតចាំទិញទាំងយប់ទាំងថ្ងៃ។ ក្រុមឈ្មួញដឹកស្រូវបានរិះគន់ថា រដ្ឋាភិបាលកម្ពុជាមិនត្រឹមតែមិនបានរកទីផ្សារលក់ស្រូវក្នុងស្រុកឲ្យបានសមរម្យនិងមានស្ថិរភាពទេ តែបែរជាបណ្តែតបណ្តោយឲ្យមន្ត្រីខិលខូចគាបយកលុយពីឈ្មួញស្រូវនិងកសិករដែលដឹកស្រូវយកទៅលក់ឲ្យឈ្មួញយួននៅតាមច្រកព្រំដែន។
ក្រុមឈ្មួញដឹកស្រូវនិងកសិករតាមបណ្តាខេត្តនានា បានស្នើដល់រដ្ឋាភិបាល ពិសេសក្រសួងពាក់ព័ន្ធដូចជាក្រសួងកសិកម្មនិងក្រសួងពាណិជ្ជកម្ម គប្បីជួយដោះស្រាយបញ្ហាជូនពួកគាត់ផង ព្រោះផលចំណេញពីវិស័យស្រូវអង្ករនេះមានចំនួនកាន់តែតិច។ ប្រភពដដែលបានពន្យល់ថា ការផលិតនិងការធ្វើជំនួញរបស់កសិករខ្មែរនិងឈ្មួញខ្មែរ ជួបបញ្ហាជាច្រើនដូចជាខ្វះទឹកធ្វើស្រែ គ្មានបច្ចេកទេសផលិតបានត្រឹមត្រូវ គ្មានការគាំពារពីរដ្ឋាភិបាលទាំងដើមទុន ការដឹកជញ្ជូននិងការរកទីផ្សារជាដើម ខណៈការនាំចេញសព្វថ្ងៃនេះបានផលច្រើនទៅលើឈ្មួញសៀមនិងយួនដែលជាឈ្មួញកណ្តាល។ ដូច្នេះរដ្ឋាភិបាលគប្បីសហការជាមួយដៃគូពាក់ព័ន្ធគួរដោះស្រាយបញ្ហាខាងលើដោយប្រសិទ្ធភាព និងធានាបានស្ថិរភាពយូរអង្វែងផងដែរ ពិសេសទប់ស្កាត់មន្ត្រីពុករលួយដែលគាបយកលុយពីឈ្មួញដឹកស្រូវនៅលក់តាមច្រកទ្វារព្រំដែន៕