ខ្សែប្រយុទ្ធក្រុមអ៊ុយរ៉ាហ្គាយកីឡាករ Luis Suarez (ល្វីស ស៊ូអារ៉េស) បានអះអាងថា រូបគេនឹងចូលលេង បានវិញ១០០%ក្នុងជំនួបជាមួយអង់គ្លេសនៅថ្ងៃព្រហស្បតិ៍នេះ ។ ខ្សែប្រយុទ្ធក្លិបហង្សក្រហម Liverpool រូបនេះបានធ្វើការវះកាត់ជង្គង់កាលពីខែមុនហើយមិនបានចូលលេង ចាប់តាំងពីថ្ងៃបិទរដូវកាលមកម្ល៉េះ ប៉ុន្តែនៅពេលនេះរូបគេបានបញ្ជាក់ថា គេបានជាសះស្បើយ១០០%ហើយ និងអាចចូលលេងបានវិញក្នុងការប្រកួតជាមួយអង់គ្លេស ។ Suarez ប្រាប់ BBC Sport ថា “ពេលនេះខ្ញុំល្អឡើងវិញហើយ ក្រុមគ្រូពេទ្យបានខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីធ្វើឲ្យបញ្ហារបួសរបស់ខ្ញុំជាទាន់ពេល” ។
Suarez និយាយទៀតថា “ខ្ញុំដឹងថាការប្រកួតដំបូងជាមួយកូស្តារីកាវាមានបញ្ហាសម្រាប់ខ្ញុំ ប៉ុន្តែសម្រាប់ការប្រកួតលើកទី២នេះខ្ញុំពិតជាអាចលេងបាន” ។ គួរបញ្ជាក់ថា Suarez ស៊ុតបាន៣១គ្រាប់ឲ្យ Liverpool កាលពីរដូវកាលមុននាំឲ្យរូបគេឈ្នះពានកីឡាករលេងល្អប្រចាំឆ្នាំក្នុងលីករបស់អង់គ្លេសផងដែរ ៕