ខេត្តរតនគិរី៖ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកម៉ូតូក្នុងទិសដៅបញ្ច្រាសគ្នាបណ្តាលឲ្យស្ត្រីវ័យចំណាស់ម្នាក់រងរបួសធ្ងន់ កាលពីវេលាម៉ោង១១នឹង១៥នាទីព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២១
ខែធ្នូ ឆ្នាំ២០១៧នៅចំណុចផ្លូវបំបែកជាបួន មុខការ៉ាស់សាំង ជាង អេង តាមបណ្តោយផ្លូវជាតិលេខ៧៦ ចន្លោះបង្គោលគីឡូលេខ ២៧២ -២៧៣ ស្ថិតនៅភូមិលំផាត់ ឃុំជយ័ឧត្តម ស្រុកលំផាត់ ។
មន្ត្រីនគរបាលស្រុកលំផាត់បានឲ្យដឹងថា ស្ត្រីអ្នកបេីកបរម៉ូតូបង្ក ឈ្មោះ សុវណ្ណ កែវឃឹម អាយុ ៥៦ឆ្នាំជនជាតិឡាវ មុខរបរ កសិករ មានទីលំនៅភូមិឃុំកើតហេតុខាងលើ ជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម C១២៥ ពណ៌ខ្មៅ អត់ស្លាកលេខ ក្នុងទិសដៅពីត្បូងទៅជើង រងរបួសបែកក្បាលខាងឆ្វេងផ្នែកខាងក្រោយ និងរបួសប្រអប់ជេីងខាងឆ្វេងគ្មានពាក់មួកសុវត្ថភាព ជិះឆ្លងផ្លូវមិនបានប្រុងប្រយ័ត្នខណ:រថយន្ត១គ្រឿងបើកលឿនចាប់ហ្វ្រាំងមិននៅបុកពេញទំហឹងតែម្តង ។
ចំណែកអ្នកបេីកបររថយន្តរងគ្រោះឈ្មោះ ប៉ាវ ឡា ភេទប្រុសអាយុ ៣៣ឆ្នាំជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុនតូតាល់ ជិះរថយន្ត១គ្រឿងម៉ាកហ្វត Ranger ផលិតឆ្នាំ២០១៣ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ២Z.២៧០០ ក្នុងទិសដៅពីជើងទៅត្បូង ។
អ្នករួមដំណេីរ ឈ្មោះ បូ មន្តណា ភេទប្រុសអាយុ ៣៦ឆ្នាំជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុនតូតាល់អ្នកទាំង២ រស់នៅសង្កាត់ក្បាលកោះ ខណ្ឌ័ច្បារអំពៅ រាជធានីភ្នំពេញ ។
ក្រោយកើតហេតុ កម្លាំងនគរបាលជំនាញចុះមកត្រួតពិនិត្យនឹងវាស់វែងនៅកន្លែងកើតហេតុដឹកបញ្ជូនជនរងគ្រោះតាមរថយន្តឯកជន ទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ។
ដោយឡែកមធ្យោបាយទាំង២គ្រឿងសមត្ថកិច្ចបានអូសយកមករក្សារទុកនៅអធិការដ្ឋាននគរបាលស្រុកលំផាត់ជាបណ្តោះអាសន្ន ដើម្បីរងចាំការសម្របសម្រួលតាមនិតិវិធី ៕ យក្ខឡោម





































