ការប្រមូលផលស្រូវក្នុងខេត្តកំពតបានចំនួនជាងបួនសែនតោន

0

កំពត៖ យោងតាមរបាយការណ៍របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពតបានឲ្យដឹងថា ការប្រមូលផលស្រូវទូទាំងខេត្តកំពតគិតមកដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧នេះមានសរុបមានចំនួន៤០៤,០៥០តោន ស្មើនឹង៩២ភាគរយនៃផ្ទៃដីសរុប។
នៅក្នុងរបាយការណ៍ដដែលនោះក៏បានបញ្ជាក់ដែរថា ទូទាំងខេត្តកំពតមានផែនការអនុវត្តដាំដំណាំស្រួវលើផ្ទៃដីចំនួន១២៦,០០០ហិចតាជារៀងរាល់ឆ្នាំ ប៉ុន្តែការអនុវត្តជាក់ស្តែងដែលអាចប្រមូលផលបាននៅលើផ្ទៃដីចំនួន ១៣៨,៣៩៩ហិចតាលើពីផែនការ។ ក្នុងនោះផ្ទៃដីដែលប្រមូលផលស្រូវរួចមានចំនួន ១២៧,៦៨៤ហិចតា។
សម្រាប់ខេត្តកំពត ផ្ទៃដីមួយហិតាអាចប្រមូលផលបានជាមធ្យម ៣.១៦៤តោននៅក្នុងឆ្នាំ២០១៧ ដែលទិន្នផលនេះ ប្រហាក់ប្រហែលនឹងឆ្នាំ២០១៦ដែរ ខណៈទិន្នន័យប្រមូលផលសរុប១០០% ទូទាំងខេត្តមានចំនួន ៤៧៥,៦៨២តោន។
លោកស្រី ជុំ មាស ជាកសិករ រស់នៅក្នុងភូមិដំណាក់ត្រាច ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត ប្រាប់ឲ្យដឹងនៅថ្ងៃទី២៦ ខែធ្នូរ ឆ្នាំ២០១៧ថា នៅឆ្នាំនេះការប្រមូលផលស្រូវផ្កាម្លិះរបស់លោកស្រីបានច្រើនជាងឆ្នាំមុន ផ្ទៃដី២ហិចតា លោកស្រីអាចប្រមូលផលលក់បានចំនួនជិត៥តោន និងទុកទទួលទាន ប្រហែល២តោនស្រូវទៀត។
បើទោះជាយ៉ាងនេះក្តី មន្ទីរកសិកម្មនៅមិនអាចសន្និដ្ឋានធ្វើការប្រៀបធៀបតើទិន្នផលឆ្នាំនេះកើនឡើងឬថយចុះនោះទេបើធៀបនឹងឆ្នាំមុន ព្រោះការប្រមូលផលនៅមិនទាន់បានបញ្ចប់រួចរាល់១០០%នៅឡើយទេ។

សូមជម្រាបថាខេត្តកំពតមានប្រជាជនប្រមាណ៨៧% ជាកសិករដាំដំណាំស្រូវ ហើយតុល្យភាពស្បៀង ឆ្នាំ ២០១៦- ២០១៧ បានបង្ហាញថា បរិមាណស្រូវសរុបសម្រាប់ទុកពូជ និងកាត់ការបាត់បង់ពេលប្រមូលផលមានចំនួន ៦១,៨៣៩តោន ដូច្នេះស្រូវដែលនៅសល់ចំនួន ៤១៣,៨៣៤តោនហើយបើគិតជាអង្ករមានស្មើនឹងចំនួន២៦៤,៨៦០តោន ខណៈដែលតម្រូវការស្បៀងក្នុងមួយឆ្នាំសម្រាប់ប្រជាជនទូទាំងខេត្ត(៦៣៤,៥៧៨នាក់ x ១៤៣គក្រ) ស្នើរនឹង៩០,៧៤៥ ។ បរិមាណស្បៀងលើពីតម្រូវការ និងអាចនាំចេញមានចំនួនប្រមាណជា ១៧៤.១១៥តោនអង្ករ ស្មើ និង២៧២.០៥៥តោនស្រូវ៕