ខេត្តរតនគិរី៖ មន្ត្រីនគរបាលព្រហ្មទណ្ឌម្នាក់ បានលួងលោម ក្មេងស្រីរងគ្រោះចំនួន២នាក់ យកទៅផ្ទះសំណាក់ រំលោភបានសម្រេចជាមួយពាក្យ
សន្យាទិញខ្សែ.ក និងទូរស័ព្ទដៃឲ្យម្នាក់មួយគ្រឿង ប៉ុន្តែពេលបានសម្រេចដូចបំណងហើយនោះទូរស័ព្ទដែលទិញឱ្យបានដកយកមកវិញបាត់។
ករណីមន្ត្រីនគរបាលលួងលោមកអនីតិជនយកទៅរំលោភសេពសន្ថវ:បានសម្រេចដល់ទីជម្រៅ កើតឡើងតាំងពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧កន្លងទៅ នៅក្នុងផ្ទះសំណាក់នោះ។
ក្មេងស្រីរងគ្រោះម ទី១-ឈ្មោះ ព.ច.ន អាយុ១៣ឆ្នាំ ជនជាតិច្រាយ និងទី២-ឈ្មោះ ស.ល អាយុ១២ឆ្នាំ ជនជាតិច្រាយដូចគ្នា មានទីលំនៅភូមិឡំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ។
ចំណែកមន្ត្រីនគរបាលជាប់ចោទលួងលោមក្មេងស្រីទាំង ២នាក់នោះយកទៅរំលោភមាន ឈ្មោះ មាស សុភ័ណ្ណ មានលំនៅភូមិ-ឃុំជាមួយគ្នា ជាមន្ត្រីនគរបាលផ្នែកព្រហ្មទណ្ឌនៃអធិការស្រុកអូរយ៉ាដាវ។
ក្មេងស្រីរងគ្រោះបានរៀបរាប់ថា ជាធម្មតាពួកនាងតែងតែទៅផ្ទះឈ្មោះ មាស សូភ័ណ្ណ ដែលនៅជិតគ្នា និងជួយធ្វើការងារផ្ទះស្ទើររៀងរាល់ថ្ងៃបានប្រាក់ក្នុង១ខែ ៥ម៉ឺនរៀល។ ជនរងគ្រោះបានបន្តទៀតថា នៅថ្ងៃកើតហេតុ ឈ្មោះ មាស សូភ័ណ្ណ បានលួងលោមនាំទៅខេត្តនឹងទិញខ្សែ.ក ឲ្យម្នាក់មួយខ្សែ ព្រមទាំងទូរស័ព្ទដៃម្នាក់មួយគ្រឿងផងដែរ។
ក្មេងស្រីបន្តថា បន្ទាប់ពីត្រូវរ៉ូវគ្នាម៉ោងជាង ៣ រសៀល លោកប៉ូលិសបានឈប់ឡានចាំនៅក្រៅភូមិឲ្យពួកគាត់ទាំងពីរដើរកាត់ក្រោយភូមិទៅជួបគ្នាជិះរថយន្តទៅដល់ក្រុងបានលុង ពូភ័ណ្ណ នាំពួកនាងចូលផ្ទះសំណាក់ ក៏ប៉ុន្តែនាងមិនស្គាល់«យីហោ»ទេ។ ពួកនាងបានបន្តទៀតថា ក្រោយពីរំលោភបានសម្រេចហើយទាំងពីរនាក់ ឈ្មោះ មាស សូភ័ណ្ណ បាននាំនាងទៅផ្សារ ទិញទូរស័ព្ទដៃឲ្យម្នាក់មួយគ្រឿង លុះជិះរថយន្តមកវិញបានទំលាក់ពួកនាងចោលតាមផ្លូវ ហើយដកយកទូរស័ព្ទដែលទិញឲ្យម្នាក់មួយនោះ យកវិញទាំងអស់។
លោក ពូយ ស្រាក់ ជាឪពុកក្មេងស្រី បានរៀបរាប់ថា ដោយបាត់កូនដល់យប់ មិនឃើញកូនមកផ្ទះក៏ផ្អើលឆោឡោនាំគ្នាដើររកកូនស្រី រហូតដល់ម៉ោង១០យប់ថ្ងៃដដែល ទើបរកឃើញក្មេងស្រីទាំង២នាក់ នៅភូមិប៉ក់តូច ដែលនៅចំងាយប្រមាណ ជាង ២គីឡូម៉ែត្រពីភូមិឡំ។
លោកបន្តទៀតថា ក្រោយពីបានសាកសួរកូនស្រីអំពីដំណើររឿងរួច គាត់ក៏បានដាក់ពាក្យបណ្ដឹងទៅភូមិ ឃុំ និងប៉ុស្តិ៍រដ្ឋបាល ក៏ប៉ុន្តែសមត្ថកិច្ចមិនបានចាប់ខ្លួនជនសង្ស័យឡើយ។ ពេលនេះខាងអាជ្ញាធរ បានឲ្យក្រុមគ្រួសារគាត់ធ្វើការសម្របសម្រួលគ្នាជាមួយប្រពន្ធលោក មាស សូភ័ណ្ណ ជាជនជាប់ចោទដោយពួកគាត់ទាមទារសំណងម្នាក់៦ពាន់ដុល្លារ។
លោក ពូយ ស្រាក់ បានបញ្ជាក់នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៨នេះថា ពួកគាត់ទទួលប្រាក់សំណង ចំនួន៦ពាន់ដុល្លារគ្រប់ចំនួនហើយ។
លោក មាស សុភ័ណ្ណ មន្ត្រីនគរបាលអធិការស្រុកអូរយ៉ាដាវ មិនអាចសុំការបំភ្លឺបានទេ ដោយទូរស័ព្ទចុចមិនចូល បើចូលគ្មានអ្នកទទួលទេគឺចុចបិទតែម្តង។
ជុំវិញករណីខាងលើនេះ លោកស្រីឧត្ដមសេនីយ៍ត្រី កែវ ដាវី ស្នងការរងខេត្តរតនគិរី ទទួលបន្ទុកផ្នែកជួញដូរ និងការពារអនិតិជន(យេនឌ័រ) បានឲ្យដឹងថា ករណីខាងលើនេះ បើទោះជាមានការសម្របសម្រួលគ្នាយ៉ាងណាក៏ដោយ ជនប្រព្រឹទ្ធខុសច្បាប់ទៅលើក្មេងស្រី ដែលមិនគ្រប់អាយុ (អនិតិជន)ត្រូវតែមានទោសហើយលោកស្រីនឹងឱ្យកម្លាំងស្រាវជ្រាវលើករណីឱ្យបានច្បាស់លាស់។
នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៨នេះ លោកស្រីស្នងការរង បានប្រាប់តាមទូរស័ព្ទថា ករណីលួងលោមរំលោភលើក្មេងស្រី ២នាក់ខាងលើសំណុំរឿងត្រូវបានបញ្ជូនទៅតុលាការផុតពីដៃលោកស្រីហើយ។ ចំណែកតាមការស្រាវជ្រាវ គឺជាការភាន់ច្រឡំ ករណីខាងលើនេះមិនពិតដូចការចោទប្រកាន់នោះទេ គ្រាន់តែអាណាព្យាបាល បានបាត់កូនហើយធ្វើការចោទប្រកាន់តែប៉ុណ្ណោះ។
ករណីខាងលើនេះ ត្រូវបានមជ្ឈដ្ឋានទូទៅមានចម្ងល់ថា ហាក់ដូចជាមានអាថ៌កំបាំងបន្ទាប់ពីជនសង្ស័យបានបង់ថ្លៃខូចខាតឲ្យជនរងគ្រោះរួច តែបែរជាសមត្ថកិច្ចថារឿងមិនពិតទៅវិញដូចជាអស់សំណើចដែរ។
អ្នកនាំពាក្យសាលាដំបូងខេត្តរតនគិរី ជុំវិញបញ្ហាខាងលើនេះមិនអាចសុំការបំភ្លឺបាននៅឡើយទេ ៕ យក្ខឡោម





































