អតីតអភិបាលក្រុងបានលុងត្រូវបានឃាត់ខ្លួនពីបទ «សមគំនិតក្នុងអំពើលួច» តាមដីកាសាលាដំបូងខេត្តរតនគិរី

0

រតនគរី៖ លោក អ៊ុក សំអុល ត្រូវបាននគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ឃាត់ខ្លួននៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨កន្លងទៅ នៅម្តុំ

មន្ទីរពេទ្យព្រះកុសមៈ (ពេទ្យលោកសង្ឃ) រាជធានីភ្នំពេញ តាមដីកាបង្គាប់ឲ្យចាប់ខ្លួន របស់សាលាដំបូងខេត្តរតន
គិរី។

ការចាប់ខ្លួនអតីតអភិបាលក្រុងបានលុងរូបនេះគឺយោងតាមដីការបង្គាប់ឲ្យចាប់ខ្លួនលេខ ១៨/
១៧ ចុះថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧ ដែលចេញដោយលោកយិន ពិសិដ្ឋ ចៅក្រមស៉ើបសួរសាលា
ដំបូងខេត្តរតនគិរី ដាក់ឲ្យស្ថិតក្រោមការត្រួតពិ
និត្យពីបទ សមគំនិតក្នុងការលួច តាមបញ្ញាត្តិមាត្រា
២៩ មាត្រា៣៥៣ និងមាត្រា៣៥៦ នៃក្រមព្រហ្ម
ទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ប្រព្រឹត្តនៅភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧ ។

បើតាមដីការបង្គាប់ឲ្យចាប់ខ្លួន អតីតអភិបាល
ក្រុងបានលុង លោក អ៊ុក សំអុល មានអាយុ៣៨ឆ្នាំ មានស្រុកកំណើតភូមិត្រពាំងធំ ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ ទីលំនៅបច្ចុប្បន្នរស់នៅភូមិថ្មដា សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ។

តាមប្រភពព័ត៌មានពីមន្រ្ដីសាលាក្រុងបានលុង
ដែលសូមមិនបញ្ចេញឈ្មោះ បានលួចបង្ហើបឲ្យដឹងថា លោក អ៊ុក សំអុល អតីតអភិបាល ក្រុងបានលុង បានកាន់ដំណែងជាអភិបាលនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៤ ដល់ថ្ងៃ២៨ ខែមិថុនា ឆ្នាំ២០១៦ ហើយនៅក្នុងអំឡុងការកាន់ដំណែងរបស់លោកគឺមានការថ្នង់ថ្នាក់ជាមួយមន្រ្ដីជាច្រើនតាំងពីថ្នាក់ទាបរហូតដល់ថ្នាក់ខ្ពស់ក្នុងខេត្តរតនគិរី ។

មកដល់រសៀលថ្ងៃទី០៣ ខែមករា ដដែរនេះ លោកឧត្តមសេនីយ៍ត្រី ផែន ឌីណា ស្នងការរងទទួលផែនព្រហ្មទណ្ឌ បានឲ្យដឹងថា លោកបានបញ្ជាឲ្យកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ទៅទទួលយកអតីតអភិបាលក្រុងបានលុង លោក អ៊ុក សំអុល ពីនាយកព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ មកកាន់សាលាដំបូងខេត្តរតនគិរី ដើម្បីចាត់ការបន្ដរតាមនិតិវិធីច្បាប់ ៕ យក្ខឡោម