សៀមរាបៈ ដីព្រៃលិចទឹក កំពុងតែត្រូវបានរលាយហិនហោច ដោយសារតែមានការបើកភ្លើងខៀវពីសំណាក់ នាយផ្នែករដ្ឋបាលជលផល ឃុបឃិតធ្វើឲ្យមានការឈូសឆាយដីព្រៃលិចទឹក យ៉ាងគគ្រឹងគ្រេង ដោយមិនមានការខ្លាចញញើតពីសំណាក់ច្បាប់នោះឡើយ ជាហេតុធ្វើឲ្យមានការរិះគន់យ៉ាងពេញទំហឹង ពីសំណាក់ ប្រជាពលរដ្ឋ ថានាយផ្នែករដ្ឋបាលជលផល កំពង់ឃ្លាំងអសមត្ថភាពក្នុងការគ្រប់គ្រង់ដីព្រៃលិចទឹក ។
តាមប្រភពព៌ត៌មានបានឲ្យដឹងថា នាយផ្នែករដ្ឋបាលជលផលកំពង់ឃ្លាំងមុន ដោយសារតែអំពើពុករលួយរបស់ខ្លួន ទើបស្ថាប័នប្រឆាំងអំពើពុករលួយចាត់វិធានការ ហើយត្រូវបានដកចេញ ក្រោយមក ក៏នាយរងផ្នែកបានកាន់តំណែងជានាយផ្នែក ដោយប្រជាពលរដ្ឋ សង្ឃឹមថា នឹងបានធូរស្បើយ តែផ្ទុយទៅវិញបែរជា ប្រព្រឹត្តអំពើពុករកលួយលើសដើម ដោយបានឃុបឃិតគ្នាជាមួយឈ្នួញធំៗ កាប់គាសដីព្រៃលិចទឹករាប់រយ ហិចតា យកមកធ្វើជាកម្មសិទ្ធ និងបណ្តែតបណ្តោឲ្យមានការរុញស៊ីប អូសលៀស ដែលជាមេក្លោងបំផ្លាញមឆ្ឆាជាតិ ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា លោក នាយផ្នែករដ្ឋបាលជលផល កំពង់ឃ្លាំងកំពុងតែគ្រប់ទឹក និងទទួលសំណែន ពីឈ្មួញរុញស៊ីបយន្ត និងអូសលៀស ដោយសារតែ អ្នកអូសលៀស ត្រូវបានបង់ជូនជំនាញ់ ក្នុងមួយវង់ ១០ម៉ឺនរៀលក្នុងមួយទូក និងបានឲ្យក្រុមឈ្មួញ អូសលៀស ដែលជាឧបកណ៍បំផ្លាញមឆ្ឆាជាតិ បំផ្លាញតាំងពីមឆ្ឆាពងកូននៅក្នុងភក់ បង្ករឲ្យខ្ទេចខ្ទីគ្មានសល់ ដោយសារតែការអូសលៀស និងរុញស៊ីប ទើបប្រជាពលរដ្ឋ បានសំណូមពរ ឲ្យលោក ព្រឹន សាវិន្ទ នាយខណ្ទរដ្ឋបាលជលផលសៀមរាប ជួយចាត់ វិធានការទប់ស្កាត់ជាបន្ទាន់ ។
តាមការអំអាងរបស់ ប្រជានេសាទបាន ឲ្យដឹងថា ផលនេសាទឆ្នាំ២០១៧នេះ មានការថយចុះ ដោយសារតែ នាយផ្នែករដ្ឋបាលជលផលកំពង់ឃ្លាំង បើកដៃ និងឃុបឃិតជាមួយឈ្មួញធំ អូសលៀស និងរុញស៊ីប ដោយម៉ាស៊ីនធំ មុខ២ម៉ែត្រ និងអូសជម្រៅទៅក្នុងភក់២តឹក បណ្តាលឲ្យបំផ្លាញ់ដល់កំណើតនៃមឆ្ឆាជាតិ និង បណ្តាលឲ្យទឹកកក ស្អុយ បំបែកពងមឆ្ឆាជាតិ ទើបធ្វើឲ្យមានការថយចុះនូវ បរិមាណត្រីក្នុងឆ្នាំនេះ ។ ដោយ ប៊ុន រដ្ឋា