លោក ឡេង វិបុល ប្រធាន​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក រង​ការរិះគន់​ពី​កសិករ​នាំ​ស្វាយ​យកទៅលក់​នៅប្រទេសវៀតណាម

0

អួង វឹង 3: ខេត្តកំពត: ​ប្រជាកសិករ​នៅ​ខេត្តកំពតនិងខេត្តកែប ពិសេស​ប្រជាពលរដ្ឋ​ រស់នៅស្រុក​ទឹកឈូកនិងស្រុកដំណាក់ចង្អេីរខេត្តកែប បាន​រិះគន់​លោក ឡេង វិបុល ប្រធាន​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក​និង​បក្ខពួក ព្រមទាំង​មន្ត្រី​ជំនាញ​មួយចំនួន​ទៀតថា មិនបាន​ធ្វើការ​តាម​ជំនាញ​ដើម្បី​បម្រើ​និង​ការពារ​ផលប្រយោជន៍​ប្រជាកសិករ​និង​ប្រទេសជាតិ​ទេ គឺ​គិតតែ​រឿង​ពុករលួយ​ប្រមូល​លុយ​ឲ្យ​បាន​ច្រើន​ប៉ុណ្ណោះ​។ ការរិះគន់​នេះ​គឺ​បាន​កើតឡើង​ក្រោយពី​កសិករ​ត្អូញត្អែរ​ករណី​មន្ត្រី​ជំនាញ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក ប្រើ​អំណាច​គាប​យកលុយ​ពី​ពួកគាត់​កាន់តែ​ច្រើនឡើងៗ​តាម​អំពើ​ចិត្ត​របស់​ពួកគេ​។​

ប្រជាកសិករ​បាន​រាយ​ការណ៍​ប្រាប់​អ្នកសារព័ត៌មាន​ថា ស្វាយកែវ​រមៀត​និង​ផលិតផល​មួយចំនួន​តូច​ទៀត ដែល​ដាំ​បាន​ដោយ​កម្លាំង​ញើស​ឈាម​ពួកគាត់​មិន​ម៉ៅ​ឱ្យ​ឈ្មួញ​ទេ គឺ​សុខចិត្ត​ដឹក​ទៅ​យួន​ដោយផ្ទាល់​។ ប៉ុន្តែ​មុននឹង​ចេញ​ផុតពី​ច្រកទ្វារ​ព្រែក​ចាក ខាង​សមត្ថកិច្ច​កម្ពុជា​បានកំណត់​ឲ្យ​បង់លុយ​ច្រើន​កន្លែង​តាំងពី​គយ ពេទ្យសត្វ នគរបាល កាំកុងត្រូល​ជាដើម ហើយ​មន្ត្រី​ជំនាញ​ទាំងនោះ​គ្មាន​ធ្វើ​ក្រដាស​ស្នាម​បែ​បទ​អ្វី​ត្រឹមត្រូវ​ទេ គឺ​តថ្លៃ​ជាមួយ​ឈ្មួញ​យកលុយ​ដូច​មុខរបរ​រកស៊ី ហើយ​ប្រើ​សំដី​មិន​សមរម្យ​ទៀតផង​។​

ចំពោះមុខ​ការរិះគន់​ពី​គ្រប់ទិសទី​នោះ​លោក ឡេង វិបុល ប្រធាន​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក បាន​បំភ្លឺ​ប្រាប់​អ្នកសារព័ត៌មាន​ថា លោក​រវល់​ការងារ​ច្រើន​នៅ​សាលាខេត្ត​។ ដូច្នេះ​ក្នុងករណី​បងប្អូន​ណា​ជួប​បញ្ហា​ដូចខាងលើ​មែន សូម​អញ្ជើញ​នាំគ្នា​មកជួប​លោក​ដោយផ្ទាល់​ឬ​តាម​ទូរ​សព្ទ​ក៏បាន​។ តែ​ប្រជាពលរដ្ឋ​ស្រុក​ទឹកឈូ បាន​បញ្ជាក់ថា ដោយសារតែ​ច្បាប់​កម្ពុជា​ធូររលុង មន្ត្រី​ពុករលួយ​បក្ខពួក​នេះហើយ បានជា​មន្ត្រី​ជំនាញ​មិនបាន​បម្រើ​ផលប្រយោជន៍​ជាតិ​និង​ប្រជាពលរដ្ឋ​គឺ​គិតតែ​ប្រព្រឹត្ត​អំពើពុករលួយ​ប្រមូល​លុយ​ចែកគ្នា ហើយ​ឆ្លើយ​យករួចខ្លួន​រហូត​។​

ក្រុម​ឈ្មួញ​ខ្មែរ​ដែល​ដឹកទំនិញ​ឆ្លងដែន​និង​ក្រុម​កសិករ​ធ្វើ​ចម្ការ​ក្នុង​ទឹកដី​ឃុំ​ត្រពាំង​ព្រីង ស្រុក​ទឹកឈូ ខេត្តកំពត​បាន​រៀបរាប់ថា មន្ត្រី​ជំនាញ​កំពុងតែ​បានចិត្ត​យ៉ាងខ្លាំង​ព្រោះ​អាជ្ញាធរ​ខេត្តកំពត និង​មន្ត្រី​ក្រសួង​ពាក់ព័ន្ធ​ក៏​ស្ងាត់​មាត់​ចាំ​យកលុយ​ពី​មន្ត្រី​នៅតាម​ច្រកព្រំដែន​ដោយ​គ្មាន​ខ្វល់ខ្វាយ​ពី​សុខទុក្ខ​ប្រជាពលរដ្ឋ​ទាល់តែសោះ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា​ក្នុង​មួយថ្ងៃៗ​មន្ត្រី​ជំនាញ​នៅតាម​ព្រំដែន​ដូចជា​លោក ឡេង វិបុល ប្រធាន​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក​ជាដើម​រកលុយ​បាន​រាប់លាន​រៀល​ដែល​អ្នកខ្លះ​សល់​លុយ​ទិញ​ផ្ទះ​ទិញ​ដី​ច្រើន​កន្លែង ខណៈ​ប្រជាពលរដ្ឋ​រកស៊ី​តូចតាច​និង​មន្ត្រី​ខ្លះ​គ្មាន​ឱកាស​ពុករលួយ នៅតែមាន​ជីវភាព​ក្រីក្រ​ខ្វះខាត​រហូត​៕​