សមត្ថកិច្ចចម្រុះចុះបង្ក្រាបឈេីសុក្រំបានជាច្រេីនដុំដែលឈ្មួញយកមកលាក់ទុកនៅក្បែរដែនជម្រកសត្វលំផាត់

0

ខេត្ដរតនគីរី៖ ឈើប្រភេទសុក្រំជាច្រេីដុំ ឡាំង៤ជ្រុង មានមុខកាតប្រវែង៥ទៅ៦ម៉ែត្រចំនួន១១៣ដុំ ដែលក្រុមឈ្មួញដឹកយកមកលាក់ទុកនៅក្នុងព្រៃ ត្រូវបានកម្លាំងនគរបាលសេដ្ឋកិច្ចខេត្តសហការជាមួយកម្លាំងនគរបាលស្រុកលំផាត់បង្ក្រាបបាន កាលពីវេលាម៉ោង១នឹង៣០នាទីរសៀល ថ្ងៃអាទិត្យ ៦រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ២០១៨នៅត្រង់ចំណុចក្បែរខ្ទមស្រែតាផល្លី ក្នុងដែនជម្រកសត្វព្រៃលំផាត់ ស្ថិតនៅក្នុងភូមិស្រែឈូក ឃុំជ័យឧត្តម ស្រុកលំផាត់។

ដោយមានការបញ្ជារពី ឯកឧត្តម ឧត្តមសេនីយ៍ ងួន គឿន ស្នងការដ្ឋាននគរបាលខេត្តរតនគីរី ដឹកនាំកម្លាំងចុះបង្ក្រាបលោកវរៈសេនីយ៍ឯក នូវ ដារ៉ា ប្រធានការិយាល័យ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត បានដឹកនាំកម្លាំងក្រោមឱវាទ រួមសហការនិងកម្លាំងប្រតិបត្តិសឹករងខេត្ត និងកម្លាំងបរិស្ថានដែនជម្រកសត្វព្រៃលំផាត់ ចុះបង្ក្រាបឈើប្រភេទសុក្រំបានចំនួន១១៣ដុំ ត្រូវបានក្រុមឈ្មួញដឹកយកមកលាក់ទុក នៅចំណុចគីឡូម៉ែត្រលេខ២៥៥ ។

បើតាមការឲ្យដឹងពីលោក វរៈសេនីយ៍ឯក នូវ ដារ៉ា ប្រធានការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត បានបញ្ជាក់ថា ក្រោយពីទទួលបានសេចក្តីរាយការ ជាក់លាក់ពីបណ្តាញសម្ងាត់របស់លោក ក៏បានឆ្លងយោបល់សុំគោលការ ពីឯកឧត្តម ឧត្តមសេនីយ៍ ស្នងការនគរបាលខេត្តរតនគិរី ដោយមានការឯកភាពទើបកម្លាំងនគរបាលសហការគ្នាជាមួយកម្លាំងជំនាញចុះបង្ក្រាប នឹងរឹបអូសធ្វើកំណត់ហេតុប្រគល់ជូនទៅឲ្យកម្លាំងបរិស្ថាន ដែនជម្រកសត្វព្រៃលំផាត់ដើម្បីចាត់ការបន្ត ។

ដោយឡែកចំនួនឈើទាំងនោះមិនទាន់ដឹងពីទូរលេខនៅឡើយទេនៅរសៀលថ្ងៃដដែលនេះ។

សូមបញ្ជាក់ថា នៅក្នុងប្រតិបត្តិការណ៍ចាប់ឈើខាងលើនេះម្ចាស់ឈើមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ
ប៉ុន្តែប្រភពពីកន្លែងបង្ក្រាបឈើលួចបង្ហើបប្រាប់ ដោយសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ឈើទាំងអស់ដែលបង្ក្រាបនេះជារបស់ លោក ស្រៀង ម៉េង ហៅម៉េង៣ពូថៅ មានឋានៈផ្កាយមួយយោធាដែលមានឈ្មោះល្បី នៅខេត្តមណ្ឌលគីរីខាង កាប់បំផ្លាញព្រៃឈេើនៅក្នុងដនជម្រកបរិស្ថាន ស្រុកកោះញែក នឹងដឹកជញ្ជួនតាមរថយន្ដយីឌុបធំៗ។ ហើយប្រភពឈើដែលចាប់បាន ខាងលើនេះទៀតសោធ គឺដឹកចេញមកពីតំបន់ដែនជម្រកសត្វព្រៃលំផាត់ខេត្តរតនគីរី់ មានព្រំប្រទល់ជាប់ស្រុកកោះញែកខេត្តមណ្ឌលគីរី ។

ប្រភពពីប្រជាពលរដ្ឋ រស់នៅតំបន់នោះ ក៏មានការលើកឡើងផងដែរថា ក្នុងមួយយប់ៗមានរថយន្តខ្នាតយីឌុប និងរថយន្តខ្នាតV១ដឹកឈើ មិនតិចជាង៥គ្រឿងទៅ១០គ្រឿងនោះឡើយ ៕ យក្ខឡោម