ខេត្តកំពង់ស្ពឺ ៖ ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ លោក ញឹល សំបូរ និងកូនប្រសាប្រុសជាអនុប្រធានមន្ទីរ ត្រូវបានមន្ត្រីជាច្រើនអះអាងថាប្រធានមន្ទីរ អនុប្រធានមន្ទីរដែលត្រូវជាឪពុកក្មេក កូនប្រសាគ្នានោះ កំពង់រួមដៃគ្នាប្រព្រឹត្តអំពើពុករលួយយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងពានិជ្ជកម្ម លោកទេសរដ្ឋមន្ត្រី ឪម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយគួរចាត់វិធានការស៊ើបអង្កេតណ៍លើករណីនេះជាបន្ទាន់។
តាមមន្ត្រីនៅក្នុងមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺបានឲ្យដឹងថា ចាប់តាំងពីលោក ញឹល សំបូរ ត្រូវបានតែងតាំងជាប្រធានមន្ទីរមកនោះ សកម្មភាពអំពើពុករលួយបានកើតមានឡើងឥតស្រាកស្រាំពីមួយឆ្នាំទៅមួយឆ្នាំកាន់តែមានសភាពធ្ងន់ធ្ងរទៅ ជាក់ស្តែងនៅឆ្នាំ២០១៣ លោក ញឹល សំបូរ និងកូនប្រសាជាអនុប្រធានមន្ទីរបានរួមដៃគ្នាប្រព្រឹត្តអំពើពុករលួយបានប្រាក់មិនតិចជាង៤០០លានរៀលនោះទេ។ តាមរយៈការជួសជុលអាគារដែលមានតម្លៃ៥០៣លានរៀល និងការចាក់ដីលុបស្រះនៅក្រោយមន្ទីរដែលមានតម្លៃចំនួន១៩៣លានរៀល ការថែទាំនិងជួសជុលរថយន្តដែលមានតម្លៃ៣១លានរៀលនិងការថែទាំជួសជុលសម្ភារៈឧបករណ៍ការិយាល័យអស់២៤លានរៀល ដែលការចំណាយទាំងនេះសុទ្ធតែជាការបំប៉ោងតួលេខជិតមួយគុណនិងដប់ឯណោះ។
នេះគ្រាន់តែជាតួលេខត្រួសៗមិនទាន់និយាយលំអិត ចំពោះការចំណាយលើផ្នែកផ្សេងៗក៍មានលក្ខណៈប្រហាក់ប្រហែលនិងការចំណាយខាងលើនេះដែរ។ បើចង់ដឹងច្បាស់អំពីការពិតសូមលោកអ្នក ធ្វើដំណើរទៅកាន់មន្ទីរពានិជ្ជកម្មខេត្តកំពង់ស្ពឺ ហើយក្រឡេកមើលអាគារដែលគេជួសជុល ទំហំស្រះដែលគេចាក់ដីលុបបំពេញ និងរថយន្តដែលគេប្រើប្រាស់នៅក្នុងមន្ទីរថាតើ សមនឹងការចំណាយប្រាក់អស់ចំនួនដ៍សន្ធឹកសន្ធាប់ដូចខាងលើនេះទេ? លោកអ្នកពិចារណា និងវាយតម្លៃដោយខ្លួនឯងចោះ។ ចំពោះការចំណាយថវិការខាងលើវាស្ថិតនៅក្រោមការដេញថ្លៃក៍ពិតមែន ប៉ុន្តែការដេញថ្លៃនោះជាការដេញថ្លៃតាមបែបពុករលួយ ហើយអ្នកដែលទទួលបានផលប្រយោជន៍គឺគណៈកម្មាធិការលទ្ធកម្ម ជាពិសេសមន្ទីរម្ចាស់គម្រោងនេះឯង។
ការលើកឡើងទាំងនេះគ្រាន់តែជាចំណែកមួយដ៍តូចដែលប្រព្រឹត្តឡើងដោយលោក ញឹល សំបូរ និងកូនប្រសា ស សុភា ជាអនុប្រធានមន្ទីររួមនិងមន្ត្រីមួយចំនួនទៀត។ សូមបញ្ជាក់ថា សំរាប់មន្ទីរពានិជ្ជកម្មខេត្តកំពង់ស្ពឺបានចំណាយថវិការជាតិនាឆ្នាំ២០១៣ អស់ទឹកប្រាក់ជាង ១០៨១លានរៀល ដោយក្នុងនោះចំណាយលើជំពូក៦០ អស់ទឹកប្រាក់សរុបជាង ៤០លានរៀល ជំពូក៦១ អស់ទឹកប្រាក់សរុបជាង ៧៥២លានរៀល ជំពូក៦២ អស់ទឹកប្រាក់សរុបជាង ១២៦លានរៀល ជំពូក៦៤ ចំណាយអស់ទឹកប្រាក់សរុបជាង ១៦២លានរៀល។
ចំពោះថវិការដែលលោក ញឹល សំបូរ និងកូនប្រសាប្រុសដែលពុករលួយបានច្រើនគឺប្រាក់ជំពូក៦១ ជំពូក៦២ និងជំពូក៦០។ ចំណែកប្រាក់នៅក្នុងជំពូក៦៤ គឺមិនមានបញ្ហាអ្វីគួរឲ្យកត់សំគាល់ទេ ដោយអស់ពេលសូមបន្តតាមដានការចុះផ្សាយលំអិតអំពីភាពមិនប្រក្រតីពុករលួយរបស់លោក ញឹល សំបូរ និងកូនប្រសានៅវគ្គក្រោយ៕