ខេត្តព្រះសីហនុ ៖ អនុប្រធានមន្ទីរលោក កឹម សុផល្លី និង លោកស្រី តូច ប៊ុនណាវី ប្រធានការិយាល័យថវិការនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះសីហនុ ត្រូវបានប្រធានមន្ទីរនិងប្រធានការិយាល័យគណនេយ្យរបស់មន្ទីរជាច្រើននៅក្នុងខេត្តរិៈគន់ថា មន្ត្រីទាំងពីររូបខាងលើបានរួមដៃគ្នាប្រព្រឹត្តអំពើពុករលួយយ៉ាងធ្ងន់ធ្ងរ តាមរយៈការទាមទារប្រាក់ទឹកតែតាមភាគរយពីគម្រោងចំណាយរបស់មន្ទីជុំវិញខេត្ត នៅពេលរត់ឯកសារដើម្បីបើកសាច់ប្រាក់ម្តងៗ។
តាមប្រភពពីប្រធានមន្ទីរនិងប្រធានគណនេយ្យមន្ទីរជាច្រើននៅខេត្តព្រះសីហនុបានថ្លែងដូចៗគ្នាថា នៅពេលសាមីមន្ទីរនីមួយៗរត់ឯកសារចូលមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុតែងតែជួបការលំបាកដោយសារតែត្រូវបានប្រធានការិយាល័យថវិការ លោកស្រី តូច ប៊ុនណាវី និងអនុប្រធានមន្ទីរទទួលបន្ទុកថវិការលោក កឹម សុផល្លី ទាមទារប្រាក់ទឹកតែតាមភាគរយពី ០.៥% ទៅជាង ១% លើថវិការជំពូកផ្សេងៗលែកលែងតែជំពូក ៦៣និង៦៤ ចេញប៉ុនណ្ណោះ។
ក្រៅពីការចំណាយលើមន្ត្រីទាំងពីររូបនោះគឺមានការចំណាយលើមន្ត្រីជំនាញតូចតាចនៅការិយាល័យថវិការនិងការិយាល័យរដ្ឋបាលក្នុងនោះមានមន្ត្រីកាន់ត្រាម្នាក់ថែមទៀត ប៉ុន្តែការចំណាយលើមន្ត្រីទាំងអស់នោះមិនធ្ងន់ធ្ងរប៉ុន្មានទេ។ ចំពោះលោកស្រីប្រធានការិយល័យនិងលោកអនុប្រធានមន្ទីរទទួលបន្ទុកថវិការគឺនូវរាល់ការរត់ឯកសារសុំដកសាច់ប្រាក់ម្តងៗគឺត្រូវតែចំណាយជូនពួកគាត់ដោយមិនមានការលែកលែងម្តងណាទេ។
គេធ្លាប់បានឃើញមន្ទីរហិរញ្ញវត្ថុបានធ្វើការកំណែទម្រង់បានរយៈពេលមួយខែខណៈពេលប្តូរលោកប្រធានមន្ទីរ ហេង ស៊ីនឿន មកភ្នំពេញជំនួសដោយលោកប្រធានមន្ទីរបច្ចុប្បន្នលោក ស៊ុន ថូង ដោយមានការឯកភាពគ្នាជាសម្ងាត់ដោយតម្រូវឲ្យអ្នករត់ឯកសារបើកសាច់ប្រាក់បង់ប្រាក់ទឹកតែជូនទៅលោកស្រីប្រធានការិយាល័យថវិការតែម្នាក់ ដើម្បីយកប្រាក់ទឹកតែនេះមកចែកគ្នាចាយនៅក្នុងមន្ទីរ ប៉ុន្តែក្រោយមកអ្វីៗគឺបានវិលទៅសភាពដើមវិញ។
ដោយប្រធានការិយាល័យគណនេយ្យមន្ទីរនីមួយៗដែលរត់ការដកសាច់ប្រាក់គឺត្រូវតែកាន់ប្រាក់ដើរពង្រាយតាមតុមន្ត្រីជំនាញនីមួយៗរបស់មន្ទីរហិរញ្ញវត្ថុបើអ្នករត់ឯកសារមិនទៅបង្រាយប្រាក់ជូនមន្ត្រីជំនាញទាំងនោះទេគឺឯកសារទាំងនោះប្រាកដជាមានភាពខុសឆ្គងនិងត្រូវបង្វិលមកជូនសាមីអង្គភាពដើមធ្វើសាជាថ្មីនិងត្រូវចំណាយប្រាក់ដដែល ហើយអ្នកដែលត្រូវចំណាយច្រើននោះគឺលោកស្រីប្រធានការិយាល័យថវិការនិងលោកអនុប្រធានមន្ទីរទទួលបន្ទុកតែម្តង។
ប្រធានមន្ទីរនិងប្រធានគណនេយ្យមន្ទីរជាច្រើនបានឲ្យដឹងថាដើម្បីលុបបំបាត់អំពើពុករលួយឲ្យ មានប្រសិទ្ធភាព សំរាបខេត្តព្រះសីហនុ គឺសុំឲ្យរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរួមនិងអង្គភាពប្រឆាំងអំពើពុករលួយបើកការស៊ើបអង្កេតណ៍លើរឿងអាស្រូវលោកស្រីប្រធានការិល័យថវិការនិងលោកអនុប្រធានមន្ទីរទទួលបន្ទូកថវិការរបស់ប្រធានមន្ទីរហិរញ្ញវត្ថុខេត្តព្រះសីហនុ នោះអំពើពុករលួយក្នុងខេត្តមួយនេះប្រាកដជាថយជាមិនខាន។