​សូមទស្សនា VDEO ចិន​ប្តេជ្ញា​ប​ង្គ្រា​ម​ពួក​អ៊ុយ​ហ្គួ​រ​(Ouïghour)​ផ្តាច់​ទឹកដី​និយម និង​បង្ករ​ភេរ​វករ​

0

​ចិន ៖ កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ ជនជាតិ​Ouïghour១៣​នាក់ ត្រូវបាន​ប្រហារជីវិត នៅក្នុង​ខេត្ត​Xinjiang ប៉ែក​ពាយព្យ​នៃ​ប្រទេស​ចិន​។ នៅ​ថ្ងៃ​ដដែល​នោះ តុលាការ​ចិន ក៏បាន​កាត់ទោស​ឱ្យ​ប្រហារជីវិត​ជនជាតិ​Ouïghour៣​នាក់​ផ្សេង​ដែរ​។ រីឯ​៥​នាក់​ទៀត​ត្រូវ​ជាប់គុក​ជាច្រើន​ឆ្នាំ​ឬ​អស់​មួយជីវិត​។ សម្រាប់​អាជ្ញាធរ​ចិន ពួក​អ្នកទោស​Ouïghour​ទាំងអស់នេះ បាន​បង្ក​ភេរវកម្ម​ជា​បន្តបន្ទាប់ នៅក្នុង​ខេត្ត និង​នៅក្រៅ​ខេត្ត​Xinjiang ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​។

ហេតុអ្វី​បានជា​រដ្ឋអំណាច​ចិន​បង្កើន​ការ​វាយ បង្ក្រាប​ទៅលើ​ជនជាតិ​Ouïghour? សូម​អញ្ជើញ​ស្តាប់​ការបកស្រាយ​របស់ ហ្ស​ង់​-​ហ្វ្រ​ង់​ស័​រ តាន់​៖ ​ជាក់ច្បាស់​ណាស់ ទីក្រុង​ប៉េកាំង​(Pékin)​កំពុង​បង្កើន​ការ​វាយ​បង្ក្រាប​ទៅលើ​ជនជាតិ អ៊ុយ​ហ្គួ​រ​(Ouïghour)​ផ្តាច់​ទឹកដី​និយម នៅ​ខេត្ត​ស៊ី​ង​ជាំ​ង​(Xinjiang) ប៉ែក​ពាយព្យ​នៃ​ប្រទេស​។ តាំងពី​ខែឧសភា​មក អាជ្ញាធរ​ចិន​បាន​ចាប់ខ្លួន​ពួក​Ouïghour ជាច្រើន​រយ​នាក់ បាននិងកំពុង​បន្ត​ការកាត់ក្តី​ដែល​ជួនកាល​បាន​ប្រព្រឹត្ត​ទៅជា សាធារណៈ បាន​ដាក់ទោស​ធ្ងន់ធ្ងរ​ប្រហារជីវិត​ឬ​ជាប់គុក​មួយជីវិត​។

យោងទៅតាម​តុលាការ អ្នកទោស​ទាំងនេះ​ជា​ពួក​ភេរវជន​។ ​សម្រាប់​ថ្នាក់ដឹកនាំ​ចិន ការប្រើ​ធម៌​ក្តៅ​បែបនេះ​ជាការ​មួយ​ចាំបាច់ ក្នុង​គោលដៅ​ប្រដៅ និង​បំភិតបំភ័យ​ពួក​ជនជាតិ​Ouïghour​ឱ្យ​ឈប់​ងើប​បះ បោរ ឱ្យ​ឈប់​បង្ក​ភេរវកម្ម និង​ឱ្យ​ឈប់​ទាមទារ​ផ្តាច់​ទឹកដី​។ សារ​ជា​ផ្លូវការ​របស់​អាជ្ញាធរ​ចិន គឺ​តាម​កម្ទេច​ពួក​ភេរវជន​Ouïghour​ឱ្យ​ទាល់តែ​អស់រលីង ក្នុង​រយៈពេល​មួយឆ្នាំ​ខាងមុខនេះ​។​ ​ចំណាត់ការ​ធម៌​ក្តៅ​នេះ​ធ្លាក់​មកដល់ ជួន​ចំពេល​ដែល​ភេរវកម្ម​ជាច្រើន​បានកើត​ឡើងជា​បន្តបន្ទាប់​។

ភេរវកម្ម​បានកើត​ឡើង​នៅក្នុង​ខេត្ត​Xinjiang និង​ធ្ងន់ធ្ងរ​ជាងនេះទៅទៀត នៅក្រៅ​ខេត្ត​Xinjiang រួមមាន​ជាអាទិ៍​ការវាយប្រហារ​ទៅលើ​អ្នកដំណើរ​ក្នុង​ស្ថាន​នី​យ រ​ថ្ត​ភ្លើង​មួយ​នៅ​Kunming ក្នុង​ខេត្ត​Yunnan កាលពី​ខែ​មិនា​កន្លងទៅនេះ និង​នៅលើ​ទីលាន Tiananmen ក្នុង​ទីក្រុង​Pékin នៅ​ចំ​ទីតាំង​នៃ​និមិត្តរូប​របស់​រដ្ឋអំណាច​កុ​ម្មុយ​និ​ស្ត​ចិន​តែម្តង កាលពី​ខែតុលា​ឆ្នាំ​២០១៣​។​ Xinjiang ជា​តំបន់​រសើប​ជាងគេ​បង្អស់​មួយ​នៅ​ប្រទេស​ចិន​សព្វថ្ងៃ ដ្បិត​វា​ជា​អតីត​រដ្ឋ​ឯករាជ្យ​មួយ​ដែលមាន​ឈ្មោះ​ដើម​ថា ទួ​រ​កេ​ស្តង់​ខាងកើត​(Turkestan oriental) និង​ដែល​ត្រូវបាន​ចិន​លេប​យក​នៅ​ឆ្នាំ​១៨៨៤​។​ ​

រហូតដល់​ឆ្នាំ​១៩៤៩ ដែលជា​ឆ្នាំ​កំណើត​នៃ​របប​កុ​ម្មុយ​និ​ស្ត​ចិន​បច្ចុប្បន្ន Xinjiang ត្រូវបាន​គ្រប់គ្រង​របៀប​ឯករាជ្យ​បំផុត នៅ​ឆ្ងាយ​សែនឆ្ងាយ​ពី​ទីក្រុង​Pékin​។ គេ​ត្រូវ​រង់ចាំ​ដល់​ឆ្នាំ​១៩៥៥ ទើប​ឃើញ​របប​កុ​ម្មុយ​និ​ស្ត​ចិន ពង្រឹង​ការត្រួតត្រា​ទៅលើ​ដែនដី​នេះ ដែល​តាំងពី​ពេល​នោះមក បាន​ក្លាយជា​«​តំបន់​ស្វយ័ត​Ouïghour Xinjiang» ពីព្រោះ​ប្រជាជន​ភាគច្រើន​នៅ​ទីនោះ​ជា​ជនជាតិ​Ouïghour អ្នក​កាន់សាសនា​អ៊ីស្លាម​។​ ​

ថ្នាក់ដឹកនាំ​ចិន​ផ្តើម​បារម្ភ​ខ្លាច​ពួក​Ouïghour​ទាមទារ​ឯករាជ្យ តាំងពី​ទសវត្សរ៍​ទី​៦០​មក ពីព្រោះ​កាលណោះ ក្នុងសម័យ​សង្គ្រាមត្រជាក់ សូ​វៀត​ដែលជា​សត្រូវ​របស់​ចិន បាន​ជួយ​គាំទ្រ​និង​ប្រដាប់អាវុធ​ចលនា​ជាតិនិយម​Ouïghour​ប្រឆាំងនឹង​ចិន​។ ចលនា​ជាតិនិយម​នេះ ថែមទាំង​បាន​បំផុសបំផុល​ឱ្យមាន​បាតុកម្ម​និស្សិត​Ouïghourn នៅ​Xingjiqng​ទៀតផង នៅក្នុង​ទសវត្សរ៍​ទី​៨០​។ មិនតែប៉ុណ្ណោះ នៅក្នុង​ទសវត្សរ៍​ទី​៩០​ក្រោយពី​សូ​វៀតបាន​រលំរលាយ​បាត់​ទៅហើយ ស្រាប់​តែមាន​ភេរវកម្ម​កើតឡើង​បន្តបន្ទាប់​គ្នា នៅក្នុង​តំបន់​ស្វយ័ត​មួយ​នេះ​។​ ​

ដើម្បី​ត្រួតត្រា​តំបន់​នេះ​បាន និង​ដើម្បី​វាយ​បង្ក្រាប​ចលនា​Ouïghour​ផ្តាច់​ទឹកដី​និយម ថ្នាក់ដឹកនាំ​ចិន​បាននិងកំពុង​បន្ត​ប្រើ​យុទ្ធសាស្ត្រ​ច្រើនយ៉ាង​។ ម្យ៉ាង​គឺ​បន្ត​បញ្ជូន​ជនជាតិ​ចិន​Han ​ច្រើនឡើងៗ ទៅ​រស់នៅ​Xinjiang​។ ចំនួន​ពួក​Han​មាន​ប្រមាណ​៤០%​នៃ​ប្រជាជន​ទាំងស្រុង​នៅ​Xinjiang​សព្វថ្ងៃ ហើយ​ពួក​Han​មាន​ចំនួន​ច្រើនជាង​ពួក​Ouïghour នៅ​ទីក្រុង​Urumqi​។ យុទ្ធសាស្ត្រ​ម្យ៉ាងទៀត គឺ​តាម​កំចាត់​ពួក​ជាតិនិយម​Ouïghour ដែល​អាជ្ញាធរ​ចិន​ចាត់ទុកថា​ជា​ភេរវជន​។ រីឯ​យុទ្ធសាស្ត្រ​ម្យ៉ាង​ចុងក្រោយ​របស់​ថ្នាក់ដឹកនាំ​ចិន គឺ​បង្កើត​តំបន់ទ្រនាប់​មួយ​ជុំវិញ Xinjiang ដើម្បី​កុំឱ្យ​ពួក​Ouïghour​អ្នក​កាន់សាសនា​អ៊ីស្លាម អាចទាក់ទង​ជាមួយ​ប្រទេសជិតខាង​ដែល​សុទ្ធសឹង​ជា​ប្រទេស​កាន់សាសនា អ៊ីស្លាម រួមមាន​ជាអាទិ៍​បណ្តា​ប្រទេស​អាស៊ី​កណ្តាល​និង​ដែនដី​Cachemire ដែល​នៅ​ចន្លោះ​ឥណ្ឌា​និង​ប៉ា​គី​ស្តង់​។​

​ការកើនឡើង​នៃ​ភេរវកម្ម​ដែលជា​ស្នាដៃ​ពិតប្រាកដ​ប្រកែក​មិនបាន​របស់​ពួក Ouïghour នា​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ ស្តែង​ឱ្យឃើញថា ពួក​Ouïghour ចេះ​រៀបចំ​រចនាសម្ព័ន្ធ ការទាក់ទង​គ្នា​កាន់តែ​ល្អប្រសើរ​ជាង​មុន ជាអាទិ៍​តាមរយៈ​ការប្រើប្រាស់​អ៊ី​ន​ធឺ​ណែ​ត​។ ការកើនឡើង​នៃ​ភេរវកម្ម ក៏​ស្តែង​ឱ្យឃើញ​ដែរ​នូវ​ការប្តេជ្ញាចិត្ត​កាន់តែខ្លាំង​របស់​ពួក Ouïghour​។ ការប្តេជ្ញាចិត្ត​ក្នុងការ​ផ្តាច់​ខេត្ត​Xinjiang​ចេញពី​ការត្រួតត្រា របស់​ទីក្រុង​Pékin​។ ការប្តេជ្ញាចិត្ត​ក្នុងការ​វាយប្រហារ​ដោយ​មិន​សំចៃ​ដៃ​ទៅលើ​ពួក​ជនជាតិ ចិន​Han ដែលជា​និមិត្តរូប​នៃ​អំណាច​អាណានិគមនិយម​images (4)របស់​ចិន​នៅ​Xinjiang៕