កំពង់ធំៈ បនល្បែងប្រៀបបាននឹង ហ្គាស៊ីណូ ព្រមទាំងល្បីកក្រើកខេត្តកំពង់ធំ កន្លងមកបានបង្វក់ស្មារតី អ្នកញៀនល្បែង ញៀនមាន់ជល់ បានប្រមូលកេរ្ត៍អាករទ្រព្យសម្បត្តិ លក់ដីលក់ផ្ទះដើម្បីមកផ្សងសំណាង ក្រែងកាក់កប ពុំត្រូវមានការបង្រ្កាបម្តងណាឡើយ ដែលគេសង្ស័យថា ប្រាកដជាមានការត្រូវរ៉ូវគ្នា តាំងតែថ្នាក់អធិការ រហូតដល់ប៉ុស្តិ៍រដ្ឋបាល បើពុំដូច្នោះបនល្បែងស៊ីសងនេះ ពុំអាចថ្លើមធំ បើលេងជាចំហរនោះទេ។
តែទោះជាយ៉ាងណានោះ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណា ចក្រកម្ពុជា បានយកចិត្តទុកដាក់ លុបបំបាត់នូវល្បែងស៊ីសងគ្រប់ប្រភេទ ដើម្បីកាត់បន្ថយនូវភាពក្រីក្រ និងភាពមិនចុះសម្រុងគ្នារវាងគ្រួសារ និងអំពើហឹង្សា រួមទាំងអនុវត្តគោលនយោបាយភូមិឃុំមានសុវត្តិភាព ទាំង៩ចំនុច តែទោះជាមានបទបញ្ជាតឹងរ៉ឹងយ៉ាងណានោះ ក៏នៅតែមន្រ្តីថ្នាក់ក្រោម កន្ទេលធំប្រឡំដេក ឃុប ឃិតជាមួយនឹងមេល្បែងស៊ីសង ព្រោះតែលាភស្ការៈ ។
ជាក់ស្តែងបនល្បែងហ្គាស៊ីណូជនបទ សំណាងមិនល្អរហូតនោះទេ ត្រូវបានលោក ឧត្តមសេនីយ៍ត្រី អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានបញ្ជាឲ្យសមត្ថកិច្ចចុះបង្រ្កាបជាបន្ទាន់ នូវសង្វៀនជល់មាន់ បៀរ អាប៉ោង ដែលមានទីតាំងនៅជាប់និងព្រុំប្រទល់ស្រុកស្ទឹងត្រង់ខេត្តកំពង់ចាមត្រង់ចំនុចភូមិសាស្ត្រតំបន់ ភ្នំក្រហម ឃុំបឹងល្វា ស្រុកសន្ទុក ចំងាយពីភូមិ អូរ កែងទាត់ ជិត១គីឡូម៉ែត្រ។
តាមប្រភពព័ត៌មានបាន បញ្ជាក់ឲ្យដឹងថា ស្របពេលដែលសកម្មភាព បនល្បែងទូទាំងប្រទេស ត្រូវបានបង្រ្កាប បែរជាលោក មេប៉ុស្ដិឃុំបឹងល្វា មិនមានវិធានការបង្ក្រាប បែរបង្កើតអោយមានបនល្បែង ម្ចាស់សង្វៀនជល់មាន់ ឈ្មោះ សួង វណ្ណី អាយុ៤០ឆ្នាំ និងប្រពន្ធ ឈ្មោះ ផាន់ ភឿន អាយុ ៣៨ឆ្នាំ រស់នៅភូមិ កោះ ផ្កូវ ឃុំ បឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ បានបើក បនល្បែងស៊ីសង ប្រជល់មាន បៀរ អាប៉ោង ក្នុងតំបន់ភ្នំក្រហមជិតនិងភូមិ កែងទាត់នេះ ចំនួន៤កន្លែង ដើម្បីចល័ត ចុះឡើង ដើម្បីស្រួលបំភានភ្នែកសមត្ថកិច្ច ចំណែកអ្នកមកលេង មាន៣ខេត្ត កំពង់ធំ កំពង់ចាម និងខេត្ក្រចេះ ។
លទ្ធផលនៃការបង្រ្កាប នៅថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០១៨ សមត្ថកិច្ចរឹបអូសបាន ចាប់បានម៉ូតូ៥៦ មាន់ជល់១១ក្បាល តែងាប់ អស់៣ក្បាល ចានអាប៉ោង១ និងសម្ភារះលេងល្បែង មួយចំនួន បានបញ្ចូនវត្ថុតាងទាំង អស់នេះមករក្សាទុកនៅស្នងការដ្ឋាននគរខេត្តកំពង់ធំ ដើម្បីអោយម្ចាស់ម៉ូតូទាំងនោះចូលខ្លួនមកទទួលការណែនាំ និងធ្វើកិច្ចសន្យាអបរំបញ្ឈប់ រួចនិងប្រគល់ម៉ូតូអោយវិញ ។ដោយ ប៊ុន រដ្ឋា