ឈើគ្រញូងជិត២តោនដែលបំរុងនាំទៅលក់នៅប្រទេសវៀតណាមត្រូវបានអាវុធហត្ថខេត្តតាកែវចុះបង្រ្កាបកន្លែងស្តុកទុក

0

តាកែវ៖ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តតាកែវនិងដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាខេត្ត កាលពីយប់ថ្ងៃអង្គារ៏ទី ១៦ ខែ មករា ឆ្នាំ ២០១៨នេះបានចុះទៅបង្រ្កាបផ្ទះស្តុកឈើគ្រញូងមានទំងន់ប្រមាណជិត២តោនដែលក្រុមឈ្មួញខិលខូចបំរុងនាំទៅលក់នៅប្រទេសវៀតណាមនៅចំណុចឃុំព្រៃខ្លា ស្រុកកោះអណ្ដែត ខេត្តតាកែវ។
លោក ង៉ែត ចាន់ធី មេបញ្ជាការរកងរាជអាវុធហត្ថខេត្តតាកែវដែលបានដឹកនាំមន្រ្តីអាវុធហត្ថចុះទៅបង្រ្កាបទីតាំងស្តុកឈើគ្រញូងបានថ្លែងអោយដឹងថា ការចុះទៅបង្រ្កាបឈើគ្រញូងទាំងយប់នេះគឺមានការសម្របសម្រួលនីតិវិធីដោយលោកជីវ ចាន់តារា ព្រះរាជអាជ្ញាខេត្តតាកែវ ដោយមន្រ្តីរបស់លោកបានធ្វើការរឹបអូសឈើគ្រញូងដែលឈ្មួញខិលខូចបានកាត់ជាកង់ៗដាក់ក្នុងបាវស៊ីម៉ង់ប្រមាណ៨០បាវ ហើយបើគិតជាទម្ងន់គឺមានទម្ងន់ប្រមាណជិត២តោន។ឈើទាំងអស់នេះត្រូវក្រុមឈ្មួញបំរុងនាំចេញទៅលក់នៅប្រទេសវៀតណាម។
លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តបានមានប្រសាសន៏បន្តថា ឈើគ្រញូងដែលបង្ត្រាបបានត្រូវបានបញ្ជូនមកទុកជាបណ្ដោះអាសន្ននៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវដើម្បីធ្វើការថ្លឹងទម្ងន់ ដោយមានការចូលរួមពីលោកព្រះរាជអាជ្ញា មន្រ្តីខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្ត ។ បន្ទាប់ពីថ្លឹងទម្ងន់រួចហើយ មន្រ្តីកងរាជអាវុធហត្ថនិងបំពេញសំណុំបែបបទបញ្ជូនទៅរដ្ឋបាលព្រៃឈើដើម្បីចាត់ការជាបន្តទៅទៀត។ ដោយឡែកអ្នកពាក់ព័ន្ធនិងឈើគ្រញូងនេះសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវស្វែងរកចាប់ខ្លួនដើម្បីផ្តន្ទាទោសទៅតាមច្បាប់៕