ភ្នំពេញ ៖ បុរសម្នាក់បានបើកបរថយន្តមួយគ្រឿងក្នុងល្បឿនលឿន ស្រាប់តែបែកកង់ខាងមុខ ក៏រ៉េចង្កូតបុករះរនាំងដែកពុះចែកទ្រូងផ្លូវបាក់វៀចចំនួន២ផ្ទាំង ហើយរថយន្តរងការខូចខាតទៅមុខ លែងរួច ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង១០នាទីរំលងអាធ្រាត្រ
ឈានចូល ថ្ងៃទី១៩ខែមិថុនាឆ្នាំ២០១៤ ត្រង់ចំនុចផ្លូវព្រះមុនីវង្សកែងផ្លូវលេខ២៤២ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ។
តាមការនិយាយរៀបរាប់របស់ម្ចាស់រថយន្តខាងលើប្រាក់ក្រុមអ្នកសារព័ត៌មានបានអោយដឹងថា គាត់គ្មានអចេតនាបើករថយន្តទៅបុករនាំងដែកពុះចែកទ្រូងផ្លូវនោះទេហើយពេលដែលគាត់កំពុង បើករថយន្តមួយគ្រឿងម៉ាក វ៉លវើហ្គេន ជេតា ស៊េរីចាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ង១៤៦១ ភព២ ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្សក្នុងទិសដៅពីត្បូងទៅជើង ស្រាប់តែមកដល់ចំណុចកើតហេតុ នេះរថយន្តរបស់គាត់ក៏បានបែកកង់មុខផ្នែកខាងឆ្វេង ក៏ធ្វើអោយរេចង្កូតរថយន្តជ្រុលទៅបុក និង រនាំងដែកពុះចែកទ្រូងផ្លូវបណ្ដាលអោយបាក់វៀចចំនួន២ផ្ទាំង ហើយរថយន្តរងការខូចខាត ទៅមុខលែងរួចតែម្ដង។ បន្ទាប់ពីកើតហេតុគាត់ក៏បានប្រាប់អោយសមត្ថកិច្ចវាស់វែងរថយន្តរបស់គាត់យកទៅរក្សាទុកនៅ ការិយាល័យចរាចរជើងគោកស្នងការនគរបាលរាជធានីភ្នំពេញ ហើយគាត់និងចូលខ្លួនមក ដោះស្រាយតាមផ្លូវច្បាប់៕





































