ខេត្តកពង់ចាម: ថៅកែសាឡាងកំពង់ចម្លង ឆ្លងទៅមកស្រុកស្ទឹងត្រង់និងស្រុកក្រូចឆ្មា ខេត្ត កំពង់ចាម និងខេត្តត្បូងឃ្មុំនោះ បាននិងកំពុងសង្កត់ក ប្រជាពលរដ្ឋ តាមរយះ តំឡើងថ្លៃឈ្មួល លើសពីសៀវ ភៅបន្ទុក ទ្វេ៣ដង ដោយអាជ្ញាធរ ឃុំ ស្រុកពុំមានលទ្ធភាពអន្តរាគមន៍នោះទេ។
ប្រជាពលរដ្ឋស្រុកទាំង២ខាងលើ បានឲ្យអ្នកយកព័ត៌មានអ្នកសារព័ត៌មានកម្ពុជាថ្មី ដឹងថា ក្នុងសៀវភៅបន្ទុកគឺមនុស្សម្នាក់៤០០រៀល .កង១គ្រឿង២០០រៀល .ម៉ូតូ១គ្រឿង៥០០រៀល និងរថ យន្តធន់តូច១គ្រឿង តម្លៃ១០០០០រៀល ប៉ុន្តែថៅកែសាឡាងយកមនុស្ស១នាក់១៥០០រៀល.កង់ ៥០០រៀល.ម៉ូតូ១៥០០០រៀលនិងរថយន្តតូចតម្លៃ ១៥០០០រៀល។
ប្រភពដដែលនេះបានបញ្ចាក់ថា បើជិះម៉ូតូ គឺម៉ូតូគិតតម្លៃផ្សេង មនុស្សអ្នកជិះគិតតម្លៃផ្សេង ពោលគឺមនុស្សម្នាក់១៥០០រៀលបូកនឹងម៉ូតូ១គ្រឿង១៥០០រៀលទៀត សរុប៣០០០រៀល នៅពេល ឆ្លង១ជើង។ បុរសអ្នករត់ម៉ូតូឌុបម្នាក់ នៅកំពង់ចម្លងខាងស្រុកស្ទឹងត្រង់ ដែលសុំមិនឲ្យបញ្ចេញឈ្មោះ ព្រោះខ្លាច ថៅកែសាឡាងបញ្ឈប់មិនឲ្យឆ្លងនោះ បានប្រាប់អ្នកសារព័ត៌មានកម្ពុជា ថ្មីឲ្យដឹងថា គាត់នៅត្រើយម្ខាងក្នុងស្រុកក្រូចឆ្មា គាត់ឆ្លងមករត់ម៉ូតូឌុប នៅខាងកំពង់ចម្លងស្រុកស្ទឺងត្រង់នេះ ជា រៀងរាល់ថ្ងៃ គឺមិនឆ្លងទៅហួបបាយនៅផ្ទះវិញទេ ព្រោះថាបើឆ្លងទៅហួបនៅផ្ទះ គឺត្រូវឆ្លង៤ជើង ក្នុង១ថ្ងៃ ហើយតម្លៃសាឡាងថ្លៃ បើឆ្លងទៅមក៤ជើង ក្នុង១ថ្ងៃ គឺសរុបទាំងម៉ូតូ តម្លៃ១២០០០រៀល ហេតុនេះ គឺរត់ម៉ូតូឌុបក្នុង១ថ្ងៃ គឺគ្រាន់តែថ្លៃសាំងនិងថ្លៃសាឡាងតែប៉ុណ្ណោះ ជួនថ្ងៃខ្លះចូលដើម ទៀត ផង។
ស្ត្រីអ្នកលក់ចេកអាំងម្នាក់ ក៏ថ្ងូរ ប្រាប់កម្ពុជាថ្មី ដូចបរុសអ្នករត់ម៉ូតូឌុបនោះដែរ ដោយគាត់ និយាយថា ជារៀងរាល់ថ្ងៃ គាត់ក្រោកពីព្រលឹម ឆ្លងមកលក់ចេកអាំង នៅផ្សារខាងស្រុកស្ទឹងត្រង់ ពុំហ៊ានត្រឡប់ទៅហូបបាយជួបជុំ ជាមួយក្រុមគ្រូសារនោះទេ ព្រោះថ្លៃសាឡាងថ្លៃ ហើយមុខរបរ គាត់បានចំណេញតិចតួចណាស់។ ប្រជាពលរដ្ឋទាំងនោះ បានបន្តថា កន្លងមកពួកគាត់បានសំណូបពរ ទៅអាជ្ញាធរឃុំនិងស្រុក ទាំងសង្ខាង ជួយរក ដំណោះស្រាយឲ្យដែរ ប៉ុន្តែលទ្ធផលគ្មាន ។
ថៅកែសាឡាងដែលគេស្គាល់ឈ្មោះថា ចែ កួយៗនោះ បានឆ្លើយតបនឹងអ្នកសារព័ត៌មាន កម្ពុជាថ្មី ដោយគ្មានសុជីវធ៌មថា បើឲ្យយកតាមសៀវភៅបន្ទុកនោះ គឺចាំ៣ម៉ោង ចេញម្ដង ឬជិះសៀវភៅបន្ទុកនោះ ទៅ។ លោក កៅ សុខអាន អភិបាលស្រុកស្ទឹងត្រង់បានប្រាប់កម្ពុជាថ្មីឲ្យដឹង តាមទូរស័ព្ទថា សូមសួរទៅខាងស្រុក ក្រូច ឆ្មាទៅ ព្រោះអាជ្ញាធរស្រុកក្រូចឆ្មា ជាប្រធាន ហើយចំពោះរឿងនេះ គឺលោកបានរាយការណ៍ទៅថ្នាក់លើរូចហើយ។
ចំណែក លោកអភិបាលស្រុកក្រូចឆ្មាពុំបានឲ្យកម្ពុជាថ្មីដឹងថា ដូចម្ដេចនោះទេ ដោយអ្នក យកព័ត៌មានព្យាយាមទំនាក់ទំនងសុំបំភ្លឺតាមទូរស័ព្ទមិនបានឡើយនៅពេលនេះ។ ប្រជាពលរដ្ឋសុំឲ្យក្រសួងសេដ្ខកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងលោក អភិបាលខេត្តទាំង២ សុំជួយ អន្តរាគមន៍ចំពោះរឿងនេះផង៕