កំពង់ឆ្នាំង៖ ជនល្មើសនេសាទជាអ្នករកស៊ីឆក់ត្រី៣នាក់ ត្រូវបានសហគមនេសាទព័ទ្ធចាប់ខ្លួន និងបានប្រគល់អោយសមត្ថកិច្ចជំនាញ ខណៈពួកគេកំពុងត្រឡប់មកពីប្រព្រឹត្តបទល្មើសឆក់ត្រីវិញ ស្ថិតក្នុងភូមិកន្លែងភេ ឃុំគោកបន្ទាយ ស្រុករលាប្អៀរ កាលពីម៉ោង៦និង១០នាទីល្ងាចថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៤ ហើយជនល្មើសទាំង៣នាក់ត្រូវបានសមត្ថកិច្ចរដ្ឋបាលជលផលកសាងសំណុំរឿងតាមនីតិវិធី បញ្ជូនទៅឃុំខ្លួននៅសាលាដំបូងខេត្តនាល្ងាចថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៤រួចហើយ។
លោកឈឹម ឈឿន ប្រធានសហគមនេសាទភូមិកន្លែងភេបានអោយដឹងថា៖មុនពេលចាប់ខ្លួនលោកបានទទួលព័ត៌មានពីប្រជាពលរដ្ឋនៅក្នុងសហគម ហើយលោកក៍បានដឹកនាំកំលាំងសហគមធ្វើការពួនស្ទាក់ និងចាប់បានជនល្មើសទាំង៣នាក់នៅកាន់ឧបកលរណ៍ឆក់ត្រីដែលជាវត្ថុតាងនៃបទល្មើស ហើយបានរាយការណ៍រួមមានអាំងវែកទ័រ១គ្រឿង អាគុយ១គ្រឿង ត្រីដែលឆក់បាន៣ក្បាល និងបានបញ្ជូនពួកគេមកជំនាញរដ្ឋបាលជលផលចាត់ការតាមផ្លូវច្បាប់។
មន្ត្រីខ័ណ្ធរដ្ឋបាលជលផលកំពង់ឆ្នាំងបានអោយដឹងថា៖ជនល្មើសទាំង៣នាក់ខាងលើនេះទី១ឈ្មោះ ជា រស្មី អាយុ២៥ឆ្នាំ,ទី២ឈ្មោះ ប៉ិល បឿន អាយុ៣៣ឆ្នាំ,៣ឈ្មោះ ប្រាក់ ស៊ីលៀម អាយុ៣៨ឆ្នាំ ពួកគេរស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។នៅចំពោះមុខសមត្ថកិច្ចជំនាញជនល្មើសទាំង៣នាក់បានព្យាយាមបដិសេថភូតភរថា៖អាំងវែទ័រឆក់ និងត្រីមិនមែនជារបស់ពួកគេទេ តែអាគុយ៤០អំពែរជារបស់ពួកគេយកទៅដើរឆ្លុះសត្វ។ ជនល្មើសទាំងបីនាក់ត្រូវបានសមត្ថកិច្ចរដ្ឋបាលជលផលខ័ណ្ធកំពង់ឆ្នាំងកសាងសំណុំរឿងតាមនីតិវិធី បញ្ជូនខ្លួននិងវត្ថុតាងទៅកាន់សាលាដំបូងខេត្តកំពង់ឆ្នាំងនៅល្ងាចថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៤ ដើម្បីអោយស្ថាប័នអយ្យការចោទប្រកាន់ និងជំនុំជំរះជនល្មើសទាំង៣តាមផ្លូវច្បាប់។
សូមបញ្ជាក់ថា៖តាមច្បាប់ស្តីពីជលផល បទល្មើសឆក់ត្រីត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៣ទៅ៥ឆ្នាំ។ទោសទណ្ឌនៃបទល្មើសខាងលើនេះ មន្ត្រីជលផលធ្លាប់បានអប់រំនិងផ្សព្វផ្សាយជាញឹកញាប់នៅតាមមូលដ្ឋាន ដើម្បីអោយប្រជានេសាទទាំងអស់បានជ្រួតជ្រាប។សមត្ថកិច្ចជំនាញបានអោយដឹងថា៖ការឆក់ត្រីបានធ្វើអោយមច្ឆាជាតិទាំងកូនទាំងមេ រងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ។ដោយឡែកមេពូជត្រីដែលត្រូវគេឆក់មិនងាប់ភ្លាមៗ វាត្រូវរងគ្រោះ៣ឆ្នាំដោយមិនអាចពងកូនបាន បទល្មើសនេះជាគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់ពូជមច្ឆាជាតិដែលត្រូវតែហាមឃាត់ជាដាច់ខាត៕