កំពង់ចាម: បុរសម្នាក់បានប៉ុនប៉ងធ្វើអត្តឃាតបញ្ចប់ជីវិត ដោយទៅលោតទឹកពីលើស្ពានគីហ្សូណា បង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី០១ ខែគុម្ភៈ ឆ្នាំ២០១៨ ត្រង់ចំណុចចន្លោះបង្គោលស្ពានទី៧-៨ ស្ថិតក្នុងភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ ប៉ុន្តែការប៉ុនប៉ងលោតទឹកសម្លាប់ខ្លួនរបស់បុរសខាងលើមិនបានសម្រេចនោះទេ ព្រោះត្រូវបានសមត្ថកិច្ចនគរបាលប្រចាំការនៅគល់ស្ពាន និងបងប្អូនប្រជាពលរដ្ឋខ្មែរឥស្លាមចេញទូកទៅជួយសង្គ្រោះទាន់ពេលវេលា។
បើយោងតាមប្រភពពីសមត្ថកិច្ចនគរបាលក្រុងកំពង់ចាម បានឲ្យដឹងថា បុរសដែលប៉ុនប៉ងសម្លាប់ខ្លួននេះមាន ឈ្មោះ ញឹម ឡាដា អាយុ៣២ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិគគីរ ឃុំគគីរ ស្រុកគៀនស្វាយ ខេត្តកណ្ដាល។
ប្រភពបានបន្តទៀតថា ចំពោះមូលហេតុដែលឈានដល់ប៉ុនប៉ងចង់ធ្វើអត្តឃាតបញ្ចប់ជីវិតនេះ ត្រូវបានគេបញ្ជាក់ថាមកពីមានវិបត្តិក្នុងក្រុមគ្រួសារ (ជាមួយឪពុកម្ដាយ)។
ក្រោយពីកើតហេតុកម្លាំងសមត្ថកិច្ច និងបងប្អូនខ្មែរឥស្លាមបានជួយសង្គ្រោះ និងបញ្ជូនទៅមន្ទីពេទ្យខេត្តកំពង់ចាម និងរងចាំក្រុមគ្រួសារមកទទួលយកទៅវិញ ។