រដ្ឋាភិបាលប៉ាគីស្ថានបានបញ្ជាឲ្យជម្លៀសពលរដ្ឋ៣ម៉ឺននាក់ចេញពីទីតាំងដែលនឹងត្រូវធ្វើសមរភូមិប្រឆាំងពួកឧទ្ទាម លីបង់។ រដ្ឋាភិបាលក៏បានដាក់ពង្រាយកម្លាំងកងទ័ព រថក្រោះ និងយន្តហោះចម្បាំងឲ្យឈរជើងយ៉ាងរឹងមាំស្ថិតនៅតំបន់ វ៉ាហ្សីរីស្ថានខាងជើង ដែលជាប់ព្រំដែនជាមួយអាហ្វហ្គានីស្ថានដើម្បីទប់ទល់ជាមួយឧទ្ទាមទាំងនោះ។ ថែមពីលើនេះផងដែរ នៅព្រឹកថ្ងៃពុធ យន្តហោះគ្មានមនុស្សបើកបរអាមេរិកបានបាញ់មីស៊ីលចូលទៅកាន់ទីតាំងពួកឧទ្ទាមជាបន្តបន្ទាប់ ខណៈដែលយោធាប៉ាគីស្ថានបានប្រកាសដកបម្រាមគោចរនៅវ៉ាហ្សីរីស្ថានខាងជើងដើម្បីឲ្យជនស៊ីវិលនៅទីនោះចាកចេញពីលំនៅឋានទៅរកទីសុវត្ថិភាពជាបណ្តោះអាសន្ន ដើម្បីទុកតំបន់នោះជាទីលានប្រយុទ្ធស្លាប់រស់រវាងកម្លាំងរដ្ឋាភិបាល នឹងពួកឧទ្ទាមភេរវកម្ម។
មនុស្សរាប់ពាន់នាក់បានភៀសខ្លួននាពេលកន្លងមកហើយ ហើយកម្លាំងយោធាបានអះអាងថា ពួកខ្មាន់កាំភ្លើងជាង ២០០នាក់ត្រូវទាហានរដ្ឋាភិបាលបាញ់ប្រហារផងដែរ។ មន្ត្រីសន្តិសុខជាន់ខ្ពស់ដែលឈរជើងនៅភាគពាយព្យប៉ាគីស្ថានបានថ្លែងប្រាប់ AFP ថា កម្លាំងកងទ័ពបានត្រៀម លក្ខណៈរួចហើយ ហើយនៅពេលពលរដ្ឋចាកចេញអស់ ទាហាននឹងចូលទៅកាន់ភូមិស្រុកទាំងនោះ ដែលដំបូងចូលទៅកាន់ទីក្រុង ហើយឆ្ពោះទៅកាន់តំបន់ជាយក្រុង និងទៅកាន់ជើងភ្នំ ហើយប្រតិបត្តិការនេះធ្វើរហូតទាល់តែកម្ចាត់ពួកឧទ្ទាមបានចប់សព្វគ្រប់ ៕ ៕