ក្រុមប្រឹក្សាខេត្តព្រះសីហនុ បើកកិច្ចប្រជុំសាមញ្ញលើកទី៤៥ អាណត្តិទី២

0

ខេត្តព្រះសីហនុ៖ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ បានកោតសរសើរមន្ត្រីតាមមន្ទីរ អង្គភាព អាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់ អនុវត្តការងារទទួលបានលទ្ធផលល្អ តាមតួនាទី ភារកិច្ចរៀងៗខ្លួន រក្សាបាននូវសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ អន្តរជាតិ។
ឯកឧត្តម បានជំរុញអោយមានការអនុវត្តការងារចំពោះមុខមួយចំនួនទៀតផងដែរ ដូចជាការត្រៀមរៀបចំការពារសន្តិសុខ សុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្តខេត្តព្រះសីហនុ នៅក្នុងឪកាសពិធីបុណ្យចូលឆ្នាំចិន វៀតណាមនាពេលខាងមុខ។
ជាមួយគ្នានេះដែរ ឯកឧត្តម ជាម ហ៊ីម ក៏បានជំរុញឱ្យគ្រប់ផ្នែក និងជំនាញត្រូវខិតខំយកចិត្តទុកដាក់រក្សាសន្តិសុខ សុវត្ថិភាពជូនភ្ញៀវទេសចរជាតិ អន្តរជាតិ ពិសេសការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ៩ចណុចរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ ជូនប្រជាពលរដ្ឋនៅក្នុងសហគមន៍និង រៀបចំកែលម្អសោភណ្ឌភាព អនាម័យ បរិស្ថាន តាមទីប្រជុំជនក្នុងក្រុងព្រះសីហនុអោយកាន់តែមានភាពល្អប្រសើរថែមទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិអោយចូលមកលេងខេត្តព្រះសីហនុបានកាន់តែច្រើនថែមទៀត។

ប្រសាសន៏នេះត្រូវបានរំលេចឡើងក្នុងគ្រានៃកិច្ចប្រជុំសាមញ្ញលើកទី៤៥ អាណត្តិទី២របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុកាលពីព្រឹកថ្ងៃទី០៦ រោច ខែមាឃ ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ ២០១៨ ក្រោមអធិបតីភាព ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងមានការចូលរួមពី អភិបាលរងខេត្ត អភិបាលរងក្រុង ស្រុក មន្ទីរ អង្គភាព ស្ថាប័នរដ្ឋពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ ដើម្បីធ្វើការពិភាក្សាលទ្ធផលការងារ និងលើកទិសដៅអនុវត្តន៍បន្ត។
ក្នុងនោះដែរកិច្ចប្រជុំសាមញ្ញលើកទី៤៥ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ បានធ្វើការពិនិត្យ ពិភាក្សា និងអនុម័តលើរបៀបវារៈចំនួន០៥ រួមមាន៖
ទី១. ពិនិត្យ និងអនុម័តលើសេចក្ដីព្រាងរបៀបវារៈ កិច្ចប្រជុំសាមញ្ញ លើកទី៤៥ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្ត ។
ទី២. ពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៤៤ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្ត ។ ទី៣. ពិនិត្យ និងអនុម័តរបាយការណ៍ប្រចាំខែមករា ឆ្នាំ២០១៨ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត គិតចាប់ពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ ។
ទី៤. ស្តាប់របាយការណ៍របស់គណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្ត គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ គណៈកម្មាធិការលទ្ធកម្ម គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស គណៈកម្មាធិការគ្រប់គ្រងមណ្ឌលអភិវឌ្ឍន៍ធនធានមនុស្សខេត្ត គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មខេត្ត និងទី៥. បញ្ហាផ្សេងៗ។