ក្រុមហ៊ុនថាមពលធំ បំផុតរបស់ ប្រទេសរុស្ស៊ី កាលពីថ្ងៃពុធ បាននិយាយថា ខ្លួននឹង ចាប់ផ្ដើមសាងសង់ បំពង់ឧស្ម័ន សម្រាប់ផ្គត់ផ្គង់ ទៅកាន់ ប្រទេសចិន នៅក្នុងខែសីហា ។ ទីភ្នាក់ងារ សារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៤ នេះដោយ បានដកស្រង់ សម្ដី CEO របស់ក្រុមហ៊ុនហ្គាសព្រំ លោក អាឡិកស៊ី មីលឺរ ឲ្យដឹងថា “ យើងមាន គម្រោងច្បាស់លាស់ និងបាន ផ្ដល់គ្រប់ភារកិច្ច ហើយយើងបានដាក់កាលបរិច្ឆេតរួចរាល់” ។
ប្រទេសចិន និងរុស្ស៊ី បានចុះកិច្ចព្រមព្រៀងកិច្ចសន្យាទិញ-លក់ នៅលើគម្រោងឧស្ម័ន និងអនុស្សរណៈ មួយនៅថ្ងៃទី២១ ខែឧសភា និងកិច្ចសន្យា៣០ ឆ្នាំ នឹងឃើញបំពង់ ប្រេងតាម ផ្លូវភាគខាងកើត ហើយនឹងចាប់ ផ្តើមផ្តល់ឧស្ម័នធម្មជាតិចំនួន ៣៨ ពាន់លានម៉ែត្រគូប ទៅកាន់ប្រទេសចិន ជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ ២០១៨ តទៅ។
នៅថ្ងៃពុធម្សិលមិញនេះផងដែរ ប្រធានក្រុមហ៊ុនហ្គាសព្រំ លោក អាឡិកសាន់ឌ័រ ម៉េដវេឌ័រ បាននិយាយ ថាក្រុមហ៊ុនជាតិ និងសាជីវកម្មប្រេងកាតប្រទេសចិន ដែលហៅកាត់ថា CNPC បានចុះហត្ថលេខាលើ ទឹកប្រាក់ចំនួន ២៥ ពាន់លានដុល្លារអាម៉េរិកជាមុន លើកិច្ចព្រមព្រៀង សម្រាប់ការផ្គត់ផ្គង់ឧស្ម័ន។ លោក ក៏បាននិយាយបន្ថែមទៀតថា ក្រុមហ៊ុនបន្ដកិច្ចចចារបន្ថែម ទៀតជាមួយ CNPC ស្ដីពីការផ្គត់ផ្គង់ ហ្គាស តាមបំពង់ផ្លូវខាងលិច និងផ្គត់ផ្គង់ឧស្ម័ន ធម្មជាតិ នៅក្នុងពេលឆាប់ៗនេះ ៕