ខេត្តព្រះសីហនុ៖ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ខៀវ សុភ័គ នាយកខុទ្ទកាល័យសម្តេចក្រឡាហោម ខេង និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃនិងឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ។
លោក ឡី បណ្តូល អ្នកតំណាងក្រុមហ៊ុនRoyal VIP Club បានបញ្ជាក់ថាជំហ៊ានដំបូងនេះក្រុមហ៊ុនបានផ្តល់ឱកាសការងារបានចំនួន៥៥នាក់ហើយនៅពេលសាងសង់រួចក្រុមហ៊ុននឹងអាចផ្តល់ការងារជូនពលរដ្ឋបានប្រមាណជាង១០០នាក់ផងដែរ។
ក្នុងឱកាសនេះ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍អរគុណក្រុមហ៊ុនRoyal VIP Club ដែលបានមកវិនិយោគនិងផ្តល់ការងារបានមួយចំនួនដល់ពលរដ្ឋនៅខេត្តព្រះសីហនុ។
ឯកឧត្តម មានប្រសាសន៍ថា ខេត្តព្រះសីហនុបច្ចុប្បន្ននេះបានប្រែប្រួលមុខមាត់យ៉ាងលឿននិងមានវឌ្ឍនភាពគួរជាទីមោទនៈ។ឯកឧត្តមបន្ត អ្នកវិនិយោគតូចធំកំពុងតែចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះខេត្តព្រះសីហនុហើយបើអ្នកវិនិយោគនិងទេសចរមកកាន់តែច្រើនគឺកាន់តែល្អ បើទោះណាជាមានចំណុចអវិជ្ជមានតិចតួចតែធ្វើយ៉ាងណាត្រូវនាំគ្នាគោរពច្បាប់ជាគោល។
ជាមួយគ្នានេះដែរ
ឯកឧត្តម ខៀវ សុភ័គ មានប្រសាសន៍ថា រយៈកាលពីរឆ្នាំចុងក្រោយនេះក្រោមការដឹកនាំរបស់ឯកឧត្តម យន្ត មីន បានធ្វើអោយខេត្តព្រះសីហនុមានការអភិវឌ្ឍលឿនគួរអោយកត់សំគាល់។
ឯកឧត្តម ខៀវ សុភ័គ មានប្រសាសន៍បន្ថែម ថា ដើម្បីអោយវិនិយោគិនគេចង់មកបណ្តាក់ទុននៅស្រុកយើងសំខាន់ណាស់យើងត្រូវពង្រឹងសន្តិសុខសណ្តាប់ធ្នាប់និងបរិស្ថានតំបន់ឆ្នេរកោះ អោយបានល្អ។
យើងត្រូវធ្វើយ៉ាងណាអោយវិនិយោគិន ភ្ញៀវទេសចរ គេមានទំនុកចិត្តថាមកស្រុកយើងមានសន្តិសុខ សុវត្ថិភាព កក់ក្តៅ គ្មានការភ័ខ្លាចនិងគ្មានការរើងអើងជាតិសាសន៍ពណ៌សម្បុរអ្វីឡើយ។
ឯកឧត្តម មានរំពឹងថាតទៅមុខទៀតខេត្តព្រះសីហនុនឹងកាន់តែរីកចម្រើនថែមទៀត៕