ភ្នំពេញ៖ ក្មេងស្ទាវពីរក្រុមបើកឆាកប្រយុទ្ធដេញកាប់គ្នាពេញផ្លូវបណ្តាលឲ្យយុវជនម្នាក់រងរបួសត្រូវមួយកាំបិតចំពីក្រោយខ្នងរងរបួសធ្ងន់ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង១០:៣០នាទីយប់ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៤ នៅចំណុចផ្លូវលេខ២៧១ ស្ថិតនៅក្នុងភូមិ៥ សង្កាត់
ទំនប់ទឹក ខណ្ឌចំការមន។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានមិត្តភ័ក្តិដឹកតាមម៉ូតូទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្ស៊ី។
ប្រភពពត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគឺមានយុវជនពីរក្រុមមិនដឹងថាវារឿងអ្វីមកពីណាទេបានដេញកាប់គ្នាពេញផ្លូវដោយភាគីម្ខាងមានកាន់កាំបិតនៅនឹងដៃដេញកាប់ភាគីម្ខាងបណ្តាលឲ្យយុវជនម្នាក់រងរបួសធ្ងន់នៅកន្លែងកើតហេតុ។
ក្រោយពេលកើតហេតុភាគីម្ខាងបាននាំគ្នាគេចខ្លួនបាត់ស្រមោលអស់ដោយទុកជនរងគ្រោះនៅកន្លែងកើតហេតុ ត្រូវបានមិត្តភ័ក្តិដឹកតាមម៉ូតូទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្ស៊ី៕