(ព្រះវិហារ) អភិបាលរងខេត្តព្រះវិហារ ឯកឧត្តម ស៊ូ សិរី តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានអញ្ជេីញជាអធិបតី ក្នុងពិធីទិវាជាតិបង្ការ និងពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាន នគបាលខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២២ ខែកុម្ភះ ឆ្នាំ២០១៨ នៅក្នុងបរិវេណសាលាខេត្តព្រះវិហារ ដោយមានការចូលរួមពីមន្ត្រីរាជកា នានាជំុវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ លោកគ្រូ អ្នកគ្រូសិស្សានុសិស្សជាង៧០០នាក់។
លោកវរៈសេនីយ៍ឯក សំ សាមឿន ស្នងការរង តំណាងឯកឧត្តម ឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគបាលខេត្តព្រះវិហារ បានបញ្ជាក់ថា ការប្រារពពិធីទិវាជាតិបង្ការ និងពន្លត់អគី្គភ័យនាថ្ងៃនេះ ក្នុងគោលដៅ ដេីម្បីបំផុសអោយមានការចូលរួម ពីគ្រប់ស្ថាប័នជាតិ អង្គការសង្គមស៊ីវិល ផ្នែកឯកជន ពិសេសប្រជាពលរដ្ឋយេីងគ្រប់ស្រទាប់វណ្ណៈ គ្រប់ទីកន្លែង អោយមានការយល់ដឹង និងចូលរួមគាំទ្រ ជាមួយកងកម្លាំងនគបាលផ្នែកពន្លត់អគ្គីភ័យ ប្រកបដោយការប្តេជ្ញាចិត្តយ៉ាងមុតមាំ ដេីម្បីកាត់បន្ថយគ្រោះថ្នាក់ដែលបណ្តាលមកពីបញ្ហាអគ្គីភ័យ។
លោកបញ្ជាក់បន្តថា ក្នុងឆ្នាំ២០១៧កន្លងទៅនេះ គ្រោះថ្នាក់ដែលបណ្តាលមកពីអគ្គីភ័យ កេីតឡេីងចំនួន១៤/២៤លេីក បេីធៀបនិងឆ្នាំ២០១៦ មានការថយចុះ១០លេីក ក្នុងនោះកេីតឡេីងនៅក្រុងព្រះវិហារចំនួន៤/១លេីក នៅស្រុកជាំក្សាន្តចំនួន២/៩លេីក ស្រុកសង្គមថ្មី២/១លេីក ស្រុកឆែប២/៣លេីក ស្រុកជ័យសែន១/១លេីក ស្រុករវៀង២/២លេីក ស្រុកគូលែន១/៧លេីក បណ្តាលអោយស្លាប់មនុស្សម្នាក់ផងដែរ។
អភិបាលរងខេត្តព្រះវិហារ ឯកឧត្តម ស៊ូ សិរី បានមានប្រសាសន៍ ធ្វេីការផ្តាំផ្ញេីរទៅដល់ប្រជាពលរដ្ឋ អាជីវករទាំងអស់ ត្រូវមានការយល់ដឹងអោយបានខ្ពស់ ចំពោះបញ្ហាដែលបណ្តាលមកពីអគ្គីភ័យនេះ ពិសេសមន្ត្រីនគបាលផ្នែកពន្លត់អគ្គីភ័យ ធ្វេីយ៉ាងណាខិតខំយកចិត្តទុក្ខដាក់ផ្សព្វផ្សាយអោយបានទូរលំទូរលាយទៅដល់បងប្អូនប្រជាពលរដ្ឋជាបន្តទៀត ដេីម្បីអោយពួកគាត់យល់ដឹងកាន់តែច្បាស់ និងកាត់បន្ថយបាននូវ ហានិភ័យដែលកេីតឡេីងជាយត្ថាហេតុ ពីគ្រោះថ្នាក់ដោយសារអគ្គីភ័យនេះបានផងដែរ៕ សួនលីណា