យុវតីអាយុ១៧ឆ្នាំម្នាក់ ត្រូវជនសង្ស័យ ចាប់រំលោភមិនបានសម្រេច

0

ខេត្តរតនគិរី: យុវតីជនជាតិភាគតិចទំពួនម្នាក់ទៀតហើយ ត្រូវបានជនសង្ស័យចាប់រំលោភ មិនបានសម្រេចសម្លាប់ចោល បង្កការភ្ញាក់ផ្អើលកាលពី​វេលាម៉ោង៦នឹង៣០នាទីល្ងាចថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ នៅត្រង់ចំណុចចម្ការស្វាយចន្ទី ស្ថិតនៅក្នុងភូមិញ៉ាល ឃុំឡាមិញ ស្រុកបកែវ។

នៅម៉ោង៩ព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ កកម្លាំងនគរបាលការិយាល័យបច្ចេកទេស នឹងកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងនគរបាលស្រុក/ឃុំ បានចុះទៅធ្វើកោសល្យវិច័យសាកសពនៅកន្លែងកើតហេតុ។ យុវតីរងគ្រោះឈ្មោះ ក្វាស ខា អាយុ១៧ឆ្នាំ ជនជាតិទំពួន មុខរបរសិស្សរៀនថ្នាក់ទី៦ សាលាបឋមសិក្សាភូមិស៊ូ រៀនពេលព្រឹក ពេលល្ងាចទៅរៀនសាលាយូឡាយនៅទីរួមស្រុកបកែវ។

ក្រោយពីត្រួតពិនិត្យសាកសពរួមមក សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះត្រូវបានជនល្មើសប៉ងរំលោភមិនបានសម្រេចរួចសម្លាប់បំបាត់ភស្តតាងលើដងខ្លួនសាកសពមានស្នាមរបួស ទី១-បែកក្បាលផ្នែកខាងក្រោយ ទី២-បាក់ក្ដោងច្រមុះ ទី៣-មានស្នាមរបួសត្រង់.កជាំខ្មៅជនល្មើសយកដៃច្របាច់.ក ទី៤- រាងកាយត្រូវបានជនល្មើសស្រាតខោអាវចេញអស់ អាវរបស់នាងរហែក៣ទៅ៤កំណាត់ ។

សមត្ថកិច្ច បន្តថា ជុំវិញនៅកន្លែងកើតហេតុ អត់មានផ្ទះប្រជាពលរដ្ឋនៅជិតនោះទេ មានតែចម្ការស្វាយចន្ទីអមសងខាងផ្លូវ នាងជិះម៉ូតូតែម្នាក់ឯងចេញពីសាលាបំណងវិលត្រឡប់ទៅមកផ្ទះវិញ ផ្លូវដែលនាងធ្វើដំណើរនោះ ក្រាលគ្រួសក្រហម មកដល់ចំណុចកើតហេតុខាងលើនេះ ទំនងជនសង្ស័យមិនច្បាស់ថា មានគ្នាប៉ុន្មាននាក់នោះទេ ស្ទាក់ផ្លូវធ្វើសកម្មភាពធាក់ម៉ូតូនាងឲ្យដួលរួច ចាប់នាងអូសចេញពីកន្លែងកើតហេតុចម្ងាយប្រមាណ១០ម៉ែត្រប៉ុណ្ណោះ ហើយម៉ូតូជនរងគ្រោះត្រូវបានជនល្មើសអូសយកមកលាក់ទុកនៅក្បែរសាកសពផងដែរ។

នគរបាលបានបន្តទៀតថា បើតាមការអះអាងពីឪពុកម្តាយនាងរងគ្រោះ បានបាត់កងដៃផ្លាកទីនចំនួន៥វង់ តម្លៃ២លានរៀល នឹងម៉ូតូនាងជិះបែកកញ្ចក់ខាងស្តាំ ពេលជនសង្ស័យធ្វើសកម្មភាពទំនងជនរងគ្រោះបានតដៃជាមួយជនសង្ស័យវិញ ឬក៏មនុស្សស្គាល់គ្នាទើបជនល្មើសសម្លាប់បំបាត់ដាន។

បច្ចប្បន្នវត្ថុតាងម៉ូតូយុវតីរងគ្រោះត្រូវបាននគរបាលយកមករក្សាទុកនៅអធិការដ្ឋានស្រុកបកែវ ។ ចំណែកសពប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីជនជាតិដើមភាគតិច ។

ពេលនេះ កម្លាំងជំនាញរបស់នគរបាលកំពុងតែធ្វើការស្រាវ​ជ្រាវយ៉ាងសកម្ម ដើម្បីកំណត់មុខសញ្ញាជនសង្ស័យយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់។

តាមការឲ្យដឹងពីឪពុកម្តាយយុវតីរងគ្រោះជនជាតិទំពួនរស់នៅភូមិឃុំខាងលើ បានឲ្យសារព័ត៌មានដឹងថា ពេលព្រឹកនាងបានរៀននៅសាលាក្បែរផ្ទះ រួចហើយ ពេលល្ងាចម៉ោង៣រសៀលនាងតែងតែជិះម៉ូតូទៅរៀនម្នាក់ឯងនៅសាលាភាសាអង់គ្លេសយូឡាយមានចម្ងាយពីផ្ទះ៨គីឡូម៉ែត្រ នាងចប់រៀននៅម៉ោង៦នឹង៣០នាទីល្ងាច នៅថ្ងៃកើតហេតុនោះដែរ ឪពុកម្តាយបានបាត់នាងក៏នាំគ្នីគ្នាដើររក ក៏បានប្រទះឃើញសពនាងនៅចំណុចខាងលើ នៅវេលាម៉ោង៨នឹង៣០នាទីយប់ នៅថ្ងៃទី២១ ខែកុម្ភៈនេះ តាមទម្លាប់របស់នាងមិនប្រើទូរស័ព្ទនោះទេ កូនស្លាប់នេះជាកូនច្បងក្នុងបន្ទប់៥នាក់ ប្រុស៣ ស្រី២ ។

សូមបញ្ជាក់ថា រំលោភសម្លាប់មិនបានសម្រេចនេះនៅក្នុងខេត្តរតនគិរីបានកើតឡើងចំនួន៤ករណីហើយ នៅចុងឆ្នាំ២០១៧ ១ករណីនៅស្រុកលំផាត់ ដើមឆ្នាំ២០១៨នៅក្រុងបានលុង២ករណី ស្លាប់១ របួសធ្ងន់១ ពេលនេះនៅស្រុកបកែវ រំលោភសម្លាប់មិនបានសម្តេច មិនទាន់ចាប់បានមុខសញ្ញានៅឡើយទេ ។

ក្នុង៤ករណីនេះចាប់បានមុខសញ្ញា១ករណីទេ នៅក្រុងបានលុងចាប់រំលោភនាងអាត សិញ អាយុ១៨ឆ្នាំជនជាតិគ្រឹង មុខរបរសិស្សរៀនថ្នាក់ទី១២ រស់នៅភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង ថ្ងៃកើតហេតុថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង៧នឹង៣០នាទីយប់ នៅក្បែរផ្ទះនាងចម្ងាយប្រមាណ២០ម៉ែត្រប៉ុណ្ណោះ ជនសង្ស័យចាប់ខ្លួនមានឈ្មោះ ជា ដែន អាយុ៣៩ឆ្នាំជនជាតិគ្រឹង មុខរបរកសិករ ជាបុរសពោះម៉ាយ២ឆ្នាំមកហើយ រស់នៅក្បែរផ្ទះនាងរងគ្រោះភូមិឃុំជាមួយគ្នា នៅ៣ករណីទៀតមិនទាន់ចាប់បាននៅឡើយ ៕ យក្ខឡោម