ខេត្តកែប ៖ មានឃាតកម្មដ៏សាហាវមួយកើតឡើងនៅក្នុងបន្ទប់ហាងម៉ាស្សាយីហោ «លីដា ខ្មែរម៉ាស្សា» នៅផ្សារក្តាម ក្នុងភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ដោយស្ត្រីម៉ាស្សាម្នាក់ត្រូវជនល្មើសសម្លាប់ដេកស្លាប់ក្នុងថ្លុកឈាម ខណៈដែលករណីនេះកើតឡើងនៅម៉ោងប្រហែល៨យប់ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨។
ស្នងការនគរបាលខេត្តកែប លោកឧត្តមសេនីយ៍ទោ អ៊ីង សំអុល បានប្រាប់ឲ្យដឹងថា ជនរងគ្រោះឈ្មោះ លុច គាង ភេទស្រី អាយុ២៧ឆ្នាំ មុខរបរជាអ្នកម៉ាស្សា ជាកូនប្រសារបស់មេបញ្ជាការរងអាវុធហត្ថខេត្តកែប និងមានស្វាមីឈ្មោះ ប៉ក់ សួនវិបុល អាយុ២៧ឆ្នាំ មុខរបរជាកសិករ ហើយមានកូនស្រីម្នាក់ទើបតែអាយុ៨ខែប៉ុណ្ណោះ។ លោកស្នងការបញ្ជាក់ថា ជនរងគ្រោះរូបនេះ ត្រូវបានជនល្មើសប៉ុនប៉ងរំលោភ តែរំលោភមិនបានសម្រេចក៏ស្លាប់ចោលតែម្តង។
ពាក់ព័ន្ធករណីនេះមន្ត្រីនគរបាលកំពុងស្រាវជ្រាវបន្ត ដោយសហការជាមួយ កម្លាំងនគរបាលសន្តិសុខផ្ទៃក្នុង ជាមួយស្នងការនគរបាលខេត្តកំពត និងជាមួយនាយកដ្ឋាននគរបាលយុត្តិធម៌ ដើម្បីស្វែងរកចាប់ជនល្មើស៕