អ្នក​ឆក់​ត្រី​៣​នាក់​ត្រូវ​សហគម​នេសាទ​ចាប់ខ្លួន​ប្រគល់​អោយ​មន្ត្រីជលផល និង​បាន​បញ្ជូន​បន្ត​ទៅ​តុលាកា​ខេត្ត ដើម្បី​ឃុំខ្លួន​

​កំពង់ឆ្នាំង​៖​ជនសង្ស័យ​ជា​អ្នករកស៊ី​ឆក់​ត្រី​៣​នាក់ ត្រូវបាន​សហគម​នេសាទ​ព័ទ្ធ​ចាប់ខ្លួន និង​បាន​ប្រគល់​អោយ​មន្ត្រីជលផល​ភ្លាមៗ ខណៈ​ពួកគេ​ទាំង​៣​នាក់​កំពុង​ត្រឡប់មក​ពី​ប្រព្រឹត្ត​បទល្មើស​ឆក់​ត្រី​វិញ ដែល​ហេតុ​ការណ៏​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៦​និង​១០​នាទី​ល្ងាច​ថ្ងៃទី​១៧

ខែមិថុនា ឆ្នាំ​២០១៤ ស្ថិតក្នុង​ភូមិ​កន្លែង​ភេ ឃុំ​គោក​បន្ទាយ ស្រុក​រលាប្អៀរ ជនល្មើស​ទាំង​៣​នាក់​នោះ​ត្រូវបាន​សមត្ថកិច្ច​រដ្ឋបាល​ជលផល​កសាង​សំណុំរឿង​តាម​នីតិវិធី បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​សាលាដំបូង​ខេត្ត​នា​ល្ងាច​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០១៤​នោះ​ផង​ដែរ​។​
​    ​លោក​ឈឹម ឈឿន ប្រធាន​សហគម​នេសាទ​ភូមិ​កន្លែង​ភេ​បានអោយដឹងថា​៖​មុនពេល​ចាប់ខ្លួន​លោក​បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅក្នុង​សហគម ហើយ​លោក​ក៍បាន​ដឹកនាំ​កំលាំង​សហគម​ធ្វើការ​ពួនស្ទាក់ និង​ចាប់បាន​ជនល្មើស​ចំនួន​៣​នាក់​និង​ឧបករណ៍​ឆក់​ត្រី​ដែល​ជា​វត្ថុតាង​នៃ​បទល្មើស ដែល​រួមមាន​អាំង​វែក​ទ័រ​១​គ្រឿង អាគុយ​១​គ្រឿង ត្រី​ដែល​ឆក់​បាន​៣​ក្បាល និង​បាន​បញ្ជូន​ពួកគេ​មក​ជំនាញ​រដ្ឋបាល​ជលផល​ចាត់ការ​តាម​ផ្លូវច្បាប់​។​
​    ​មន្ត្រីខ័​ណ្ធ​រដ្ឋបាលជល​ផល​កំពង់ឆ្នាំង​បាន​អោយ​ដឹងថា​៖​ជនល្មើស​ទាំង​៣​នាក់​ខាងលើ​នេះ​ទី​១​ឈ្មោះ ជា រស្មី អាយុ​២៥​ឆ្នាំ​,​ទី​២​ឈ្មោះ ប៉ិល បឿន អាយុ​៣៣​ឆ្នាំ​,៣​ឈ្មោះ ប្រាក់ ស៊ី​លៀម អាយុ​៣៨​ឆ្នាំ ពួកគេ​រស់នៅ​ក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជំនាញ​ជនល្មើស​ទាំង​៣​នាក់​បាន​ព្យាយាម​បដិសេថ​ភូតភ​រថា​៖​អាំង​វែទ័​រឆក់ និង​ត្រី​មិនមែន​ជា​របស់​ពួកគេ​ទេ តែ​អាគុយ​៤០​អំពែរ​ជា​របស់​ពួកគេ​យក​ទៅ​ដើរ​ឆ្លុះ​សត្វ ។​
​    ​
​ជនល្មើស​ទាំង​បី​នាក់​ត្រូវបាន​សមត្ថកិច្ច​រដ្ឋបាល​ជលផល​ខ័ណ្ធ​កំពង់ឆ្នាំង​កសាង​សំណុំរឿង​តាម​នីតិវិធី បញ្ជូន​ខ្លួន​និង​វត្ថុតាង​ទៅកាន់​សាលាដំបូង​ខេត្ត​កំពង់ឆ្នាំង​នៅ​ល្ងាច​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០១៤ ដើម្បី​អោយ​ស្ថាប័ន​អយ្យការ​ចោទប្រកាន់ និង​ជំនុំ​ជំ​រះ​ជនល្មើស​ទាំង​៣​តាម​ផ្លូវច្បាប់​។​
​    ​
​សូមបញ្ជាក់​ថា​៖​តាម​ច្បាប់​ស្តីពី​ជលផល បទល្មើស​ឆក់​ត្រី​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​៣​ទៅ​៥​ឆ្នាំ​។​ទោសទណ្ឌ​នៃ​បទល្មើស​ខាងលើ​នេះ មន្ត្រីជលផល​ធ្លាប់បាន​អប់រំ​និង​ផ្សព្វផ្សាយ​ជា​ញឹកញាប់​នៅ​តាម​មូលដ្ឋាន ដើម្បី​អោយ​ប្រជា​នេសាទ​ទាំងអស់​បាន​ជ្រួតជ្រាប​។​សមត្ថកិច្ច​ជំនាញ​បានអោយដឹងថា​៖​ការ​ឆក់​ត្រី​បាន​ធ្វើអោយ​មច្ឆា​ជាតិ​ទាំង​កូន​ទាំង​មេ រងគ្រោះថ្នាក់​យ៉ាង​ធ្ងន់ធ្ងរ​។​ដោយឡែក​មេ​ពូជ​ត្រី​ដែល​ត្រូវ​គេ​ឆក់​មិន​ងាប់​ភ្លាមៗ​ទេ វា​ត្រូវ​រងគ្រោះ​៣​ឆ្នាំ​ដោយ​មិន​អាច​ពង​កូន​បាន បទល្មើស​នេះ​ជា​គ្រោះថ្នាក់​យ៉ាងធ្ងន់ធ្ងរ​ដល់​ពូជ​មច្ឆា​ជាតិ​ដែល​ត្រូវតែ​ហាមឃាត់​ជាដាច់ខាត​សង្កេត​។​

​មន្ត្រី​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​អោយដឹងថា​៖​បើទោះជា​មាន​ការ​ហាមឃាត់​និង​ការពារ​ដោយ​ច្បាប់​យ៉ាង​នេះ​ក្តី ក៏​បទល្មើស​ឆក់​ត្រី​នេះ សព្វថ្ងៃ​កំពុងតែ​កើតមាន​យ៉ាង​គគ្រឹក​គ្រេង​នៅ​ពាសពេញ​តាម បឹងបួរ ទន្លេ អូរ ព្រែក ។​ល​។ សមត្ថកិច្ច​បង្ក្រាប​បាន​តិចតួច​ណាស់  ដោយសារ​តែ​អ្នក​រកស៊ី​ឆក់​ត្រី​ទាំងនោះ​គឺ​គេ​រក​តែ​ពេល​យប់ ហើយ​ពួកគេ​មិន​ខ្លាច​សមត្ថកិច្ច​ឡើយ បើ​សមត្ថកិច្ច​ហ៊ាន​ចូលចាប់​ពួកវា  វា​និង​បើក​បា​ឡា​បំបុក​ពន្លិចទូក​សមត្ថកិច្ច​វិញ បញ្ហា​នេះ​បាន​ធ្វើអោយ​មាន​ការពិបាក​ក្នុង​ការចុះ​បង្ក្រាប​ម្តងៗ​៕​

1