កំពង់ធំៈ អគ្គីភ័យបានឆាបឆេះផ្ទះមួយ របស់គ្រួសារដែលបានចាប់ដៃគ្នាថ្មោងថ្មី ដែលទើបតែបែកពីឳពុកម្តាយសន្សំប្រាក់សាងសង់ផ្ទះថ្មី ក៏ត្រូវបានអគ្គីភ័យឆេះខ្ទេចអស់គ្មាន ដោយសារតែការសាកអាគុយនិងបន្ទះ សូឡា បណ្តាលឲ្យទុសេ្សចរន្តអគ្គិសនី ខណៈពេលដែលម្ចាស់ទៅចំការ ។
ដោយការយកចិត្តទុកដាក់ របស់ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការី បានចុះទៅសួរសុខទុក្ខប្រជាពលរដ្ឋ មួយគ្រួសារដែលត្រូវភ្លើងឆេះផ្ទះនៅភូមិ ព្រៃព្រាលខ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅថ្ងៃទី០៤ខែមិនាឆ្នាំ២០១៨ ។
គ្រួសារជនរងគ្រោះ ត្រូវបានស្គាល់ឈ្មោះ ម៉ក់ សុខុន អាយុ២៦ ឆ្នំា ជាស្វាមី ប្អូនស្រីឈ្មោះ រ៉ុន សុខ អាយុ២៦ឆ្នំាមានកូនតូចៗចំនួន ២ នាក់ នៅក្នុងបន្ទុក ផ្ទះដែលត្រូវភ្លើងឆេះនេះមានទំហំ៤ម x៥ម ដំបូលសង្កសី រនាបក្តារ ជញ្ជាំងស្លឹក ត្រូវបានអគ្គិភ័យឆាបឆេះនៅវេលាម៉ោង១៤,៣០ ថ្ងៃទី ០៣ខែមិនាឆ្នាំ២០១៨ ។
ប្អូនស្រីរ៉ុន សុខ ជាម្ចាស់ផ្ទះរៀបរាប់ថា ប្អូនពុំបានដុតភ្លើងធូប ទៀន ឬដាំបាយអ្វីទេ ដោយសារព្រឹកឡើងត្រូវចេញទៅធ្វើការ ឲ្យចំណីស្វានៅតំបន់ព្រៃប្រស់បានប្រាក់ខែមួយខែ៣០០,០០០រ ចំណែកប្តីបានទៅស៊ីឈ្នួលបេះផ្លែស្វាយ បានប្រាក់កម្រៃចំនួន៣០,០០០រៀលក្នុងមួយ នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្នុងករណីភ្លេងឆេះផ្ទះនេះ មានស្រូវចំនួន២តោន ប្រាក់ដុល្លារ៦០០ដុល្លា ក្នុងឳកាសចុះសួរសុខទុក្ខនេះ ឯកឧត្តម សោម ស៊ុន បានអង្ករចំនួន ៧៥គីឡូក្រាម មីម៉ាម៉ា២កេស ទឹកត្រីទឹកស៊ីអ៊ីវពីរយួរ មុងជ្រលក់ថ្នាំចំនួន២ទឹកបរិសុទ្ធ៣យួរ កន្ទេលចំនួន ៥ និងថវិកាចំនួន ១០០,០០០រៀល ។
ឆ្លៀតក្នុងឳកាសនេះផងដែរ ឯកឧត្តម សោម ស៊ុន បានផ្តាំផ្ញើរដល់អ្នកភូមិផង ទាំងអស់សូមឲ្យមានការប្រុង ប្រយ័ត្នខ្ពស់ ពន្លត់ភ្លើងធូប ទាន និងភ្លើងចង្រ្កាន មុនពេលចាកចេញពីផ្ទះ ដើម្បីចៀសវាង បង្ករឲ្យមានអគ្គីភ័យកើតឡើង នៅក្នុងពេលរដូវក្តៅនេះ និងសូមឲ្យគោរពនូវច្បាប់ចរាចរណ៍ផងដែរ ដើម្បីការ់បន្ថយអត្រា គ្រោះថ្នាក់ និងបាត់បង់អាយុជីវិត និងទ្រព្យសម្បត្តិ។
ដោយ ប៊ុន រដ្ឋា




































