ខេត្តកំពត
ដើម្បីចូលរួមទប់ស្កាត់និង កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាការបំផុសភ្នាត់គំនិតស្មារតីក្នុងការចូលរួមគោរពអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកអោយបានទូលំទូលាយដល់ពលរដ្ឋទូទៅ។
នៅព្រឹកថ្ងៃច័ន្ទ០៤រោច ខែ ផល្គុន
ព.ស២៥៦១ ត្រូវថ្ងៃទី០៥ ខែ មីនា ឆ្នាំ២០១៨។
ក្រោមកិច្ចសហការដោយមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តនិង នគរបាលចរាចរណ៍ខេត្ត ។នៅសាលាវិទ្យាល័យហ៊ុន សែនឈូស្រុកឈូក។ រដ្ឋបាលខេត្តកំពតបានធ្វើយុទ្ធនាការផ្សព្វផ្សាយស្ដីពី«ការអនុវត្តរឹតបន្តឹងការពាក់មួកសុវត្ថិ» ចំពោះប្រជាពលរដ្ឋក្នុងគោលបំណងពញ្ញាក់ស្មារតីអ្នកប្រើប្រាស់ផ្លូវនិងលើកកម្ពស់ការយល់ដឹង ដើម្បីបង្កើនការពាក់មួកសុវត្ថិភាព ក្នុងចំណោមពលរដ្ឋអ្នកបើកបរម៉ូតូ ដែលប្រើប្រាស់លើដងផ្លូវ។
លោកលី សាវ៉េតអភិបាលរងខេត្តតំណាងឯកឧត្តមជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត បានមានមតិសំណេះសំណាលអប់រំណែនាំដល់ប្រជាពលរដ្ឋសិស្សសាលា អោយមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាអោយបានខ្ជាប់ខ្ជួន។ជាពិសេសត្រូវពាក់មួកសុវត្ថិភាពទាំងអស់គ្នាដើម្បីរួមគ្នាការពារជីវិតខ្លួនឯងក៏ដូចជីវិតអ្នកដ៏ទៃផងដេរ។ លោកលី សាវ៉េតក៏បានគូសបញ្ជាក់ថា៖ ការផ្ដល់មួកសុវត្ថិភាពនាពេលនេះ គឺក្នុងគោលបំណងឆ្លើយតបទៅនឹងយុទ្ធនាការនៃការអនុវត្តទៅតាមស្មារតីណែនាំរបស់គណៈកម្មាធិការជាតិសុត្ថិភាពចរាចរណ៍ផ្លូវគោក ក៏ដូចជាក្រសួងសាធារណការនិងដឹកជញ្ជូននិងការចូលរួមយកចិត្តទុកដាក់របស់អាជ្ញាធរខេត្ត។ ក្នុងបំណងដើម្បីរួមចំណែកផ្សព្វផ្សាយណែនាំ និងជម្រុញពញ្ញាក់ស្មារតីដល់ប្រជាពលរដ្ឋយើងអោយមានការភ្ញាក់រលឹកបន្ថែមទៀត ក្នុងការចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក។ ពិសេសការបង្កើនការពាក់មួកសុវត្ថិភាពក៏ដូចជាការលើកកម្ពស់ការយល់ដឹង ពីបញ្ហាផលប៉ះពាល់នៃគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកដែលបច្ចុប្បន្ន សង្គមក៏ដូចជារាជរដ្ឋាភិបាលយើងមានការបារម្ភនិងយកចិត្តទុកដាក់យ៉ាងខ្លាំង។
ព្រោះតាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុត្ថិភាពចរាចរណ៍ផ្លូវគោក នៅក្នុងចំណោមគ្រោះថ្នាក់ចរាចរណ៍តាមរយៈការធ្វើដំណើរដោយមធ្យោបាយម៉ូតូសង្កេតឃើញថា បាននាំផលវិបាកធ្ងន់ធ្ងរភាគច្រើនគឺដោយសារការប៉ះទង្គេចទៅលើក្បាលនិងខួរក្បាលពីការបោក ឬប៉ះទង្គេច ដែលអាចឈានដល់ពិការ ឬស្លាប់បាន ដោយសារមិនបានពាក់មួកសុវត្ថិភាពត្រឹមត្រូវ។
លោក លី សាវ៉េតក៏បានណែនាំនិងអំពាវនាវផងដែរដល់ប្រជាពលរដ្ឋទូទៅ ត្រូវមានស្មារតីភ្ញាក់រលឹកឡើងដើម្បីចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។ ជៀសវាងការគោរពខ្លាចតែនគរបាលចរាចរណ៍ ហើយមិនបានគោរពច្បាប់ត្រឹមត្រូវដែលនាំអោយជួបគ្រោះថ្នាក់និងនាំអោយផលវិបាកដល់គ្រួសារនិងសង្គមជាតិយើង។ ព្រោះថាការធ្វើដំណើរដោយម៉ូតូបានពាក់មួកសុវត្ថិភាពត្រឹមត្រូវនិង គោរពច្បាប់ចរាចរណ៍ គឺដើម្បីការពារជីវិតខ្លួនឯង និងគ្រួសារព្រមទាំងអ្នកដទៃផងដែរ។