កោះកុង: សេចក្តីរាយការណ៏ពីប្រជាពលរដ្ឋខេត្តកោះកុង បានអោយដឹងថាសព្វថ្ងៃទំនិញរាប់រយមុខ ចូលតាមច្រក អន្តរ ជាតិចាំយាម និងតាមច្រកផ្លូវទឹកប៉ាក់ខ្លង គឺត្រូវបានគេរាយការណ៏ថា មិនបានបំពេញកាតព្វកិច្ចបង់ពន្ធចូលរដ្ឋ១០០% ទេ ក្នុងនោះបូករួមទាំងការនាំចូលសាច់មាន់ពីប្រទេសថៃផងដែរ ។សេចក្តីរាយការណ៏បានបន្តថា ទំនិញគេចពន្ធទាំងអស់ មានប្រមាណរហូតដល់ ៨០% ឯណោះ ក្នុងនោះរួមមានឥវ៉ាន់ចាប់ហ៊ួយគ្រប់ប្រភេទ ទុយយោជ័រ ធុងទឹកកក គ្រាប់ជ័រ ផ្លែឈើកំប៉ុងគ្រប់មុខ ទឹកដោះគោក្រហម ប្រេងខ្យង ទឹកប៉េងប៉ោះ និងភេសជ្ជះកំប៉ុងជាច្រើនប្រភេទទៀត។ល។
ទំនិញទាំងនេះត្រូវបានប្រភពរាយការណ៏ថា គឺមានការឃុបឃិតពីមន្ត្រីជំនាញ ជាពិសេសសាច់មាន់ដែលនាំចូល ពីថៃ រាប់សិបតោនក្នុង១ថ្ងៃៗ ដែលត្រូវបានប្រភពទម្លាយថាជារបស់ក្រុមហ៊ុន អ៊ូរវិនតង់ខៃវណ្ណត្រេដិង ខូអិលធីឌី (ហៅក្រុមហ៊ុន គាធី) ដែលគេដឹងថាជាមន្ត្រីជាន់ខ្ពស់ម្នាក់នៅក្នុងរដ្ឋាភិបាល ។
ជាក់ស្តែងកាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៤ នេះ មាន រថយន្តធុនធ្ងន់១គ្រឿង ពាក់ស្លាកលេខភ្នំពេញ3B3958 ដែលគេអះអាងថាជារបស់ក្រុមហ៊ុន គាធី បានដឹកសាច់មាន់សុទ្ធ រហូតដល់១៨តោន ពីថៃមកសាងនៅផ្សារភូមិថ្មី ចាំយាម ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដោយក្នុងលិខិតអនុញ្ញាត្តិ ដឹកជញ្ជូនលេខ ២៧៦២/១៤ ជ.ប.លដជ របស់នាយកដ្ឋានផលិតកម្ម និងបសុព្យាបាលចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៤ បានអនុញ្ញាត្តិអោយដឹកសាច់មាន់ចំនួនតែ ៨តោនប៉ុណ្ណោះ ដោយចេញពីប្រទេសថៃតាមច្រកចាំយាម ឆ្ពោះទៅសង្កាត់ បឹងសាឡាង រាជធានីភ្នំពេញ ។
ពាក់ព័ន្ធនិងសេចក្តីរាយការណ៏ខាងលើ អ្នករកស៊ីប្រកបមុខរបរស្រដៀងគ្នានេះ (តែតូច តាច) បានបង្ហើបអោយដឹងបន្ថែមទៀតថា សព្វថ្ងៃមានតែក្រុមហ៊ុន គាធី នេះទេអាចធ្វើព្យុះធ្វើភ្លៀងបាន ហើយមានលទ្ធ ភាពនាំចូលទំនិញគ្រប់មុខ និងដឹកតាមរថយន្តធំៗ ក្នុង១ថ្ងៃៗរាប់សិបឡាន តាមច្រកចាំយាមខេត្តកោះកុងនេះបានដោយ រលូន ហើយត្រូវគេង្ស័យថាបង់ពន្ធចូលរដ្ឋបានត្រឹមតែ២០%តែប៉ុណ្ណោះ ដោយគ្មានសមត្តកិច្ចពាក់ព័ន្ធណាមួយយកចិត្ត ទុកដាក់ អើពើទំនិញរបស់ក្រុមហ៊ុន គាធី នេះឡើយ។ អ្នករកស៊ីតូចតាចដដែរបានបន្តទៀតថាចំណែកឯពួកគាត់ ជាអ្នក រកស៊ី កំប៉ិចកំប៉ុកគឺខាងសមត្តកិច្ចជំនាញពាក់ព័ន្ធទាំងនេះរឹតបណ្តឹង មិនលើកលែងអោយរួចខ្លួនឡើយ។
ទាន់ទិននិងការ ចោទប្រកាន់ថាក្រុមហ៊ុន គាធី ខាងលើនាំទំនិញចូលមិនបង់ពន្ធចូលរដ្ឋ ១០០% នោះសារព័ត៌មានយើងមិនទាន់បាន សុំ ការពន្យល់បានទេនៅព្រឹកថ្ងៃ២០ ខែមិថុនា នេះ ដោយឡែកសមត្តកិច្ចជំនាញពាក់ព័ន្ធមានកាំកុងត្រូល និងពេទ្យសត្វបាន អះអាងប្រហាក់ប្រហែលគ្នាថា គេមានច្បាប់គ្រប់គ្រាន់តាំងពីថ្នាក់រដ្ឋមន្ត្រីរហូតដល់ថ្នាក់ក្រោមពួកគេមិនអាចធ្វើអ្វីបានទេ។ លោក ចេង ម៉ុងហួន ប្រធានសាខាគយច្រកអន្តរជាតិចាំយាម មិនបានធ្វើអធិប្បាយទេ គ្រាន់តែនិយាយយ៉ាងខ្លីថា ទំនិញទាំងនេះត្រូវបានបង់ពន្ធ១០០% ទាំងអស់ មិនមានទំនិញគេចពន្ធណាមួយដូចសេចក្តីរាយការណ៏ពីប្រជាពលរដ្ឋ ខាងលើទេ ។