អាជ្ញាធរខេត្តកំពង់ធំប្រារព្វពិធីក្រុងពាលីសុំសេចក្តីសុខឳកាសពិធីបុណ្យសំបូរសង្រ្កានចូលឆ្នាំប្រពៃណីខ្មែរ

0

ខេត្តកំពង់ធំ៖ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ រួមទាំងឯកឧត្តម ឈុន ឈន់ ប្រធាន​ក្រុមប្រឹក្សាខេត្តកំពង់ធំ បានអញ្ជើញចូលរួមពិធីសូត្រមន្តក្រុងពាលី ដើម្បីបន់ស្រន់សែនថ្វាយ ដល់ទេវតា អរុកអរាក់ ម្ចាស់ទឹកម្ចាស់ដី បួងសួងសុំសេចក្តីសុខ សេចក្តីចំរើន កុំឲ្យមានឧបទ្រុបចង្រៃ កើតឡើងក្នុងឳកាសប្រារព្វពិធីសំបូរសង្រ្កាន ដែលនិងធ្វើឡើងស្របពេលបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។

ពិធីបួងសួង ដែលបានប្រគមតន្រ្តី អញ្ជើញទេវតា ម្ចាស់ទឹកម្ចាស់ដី ព្រះអង្គមានរិទ្ធិបារមី អញ្ជើញយាង មក​សេបសោយអាហារចំណី បានបង្អែម ផ្លែឈើគ្រប់មុខក្តី ម្លូស្លាបារីរៀបត្រៀបត្រា សណ្តែក អង្ករ ល្ងមាន​ហើយណា តាមក្បួនតំម្រាប្រពៃណីខ្មែរ  ពិធីបួងសួងក្រុងពាលី បានរៀបចំនៅក្នុងប្រាសាទយាព័ន្ឋ ស្ថិតនៅ ក្នុងបរិវេណប្រាសាទសំបូរព្រៃគុគ នៅរសៀលថ្ងៃទី ៩ ខែមិនា ឆ្នាំ ២០១៨។

នៅក្នុងពិធីគេសង្កេតឃើញ មានលោកតា លោកយាយ មួយចំនួន បានប្រកាន់ភ្ជាប់នូវប្រៃពៃណីជាតំណរ តាមគ្នាមកពីបុរាណ  ដោយមានអ្នកខ្លះបាននិយាយជាភាសាស័ង្កសក្រឹត ដែលជាភាសាជំនាន់ដើម​របស់​ព្រះបារមី ដោយបានអះអាងថា គឺជាការសន្ធិតរូប ដែលគេជឿថាបារមីព្រះអង្គរចូលមកនិយាយ ប៉ុន្តែក្រោយ​ពីបារមី ចេញគឺម្ចាស់រូបពុំបានដឹង ឬក៏ចេះនិយាយភាសាស័ង្កសក្រឹតនោះទេ មានមន្រ្តីរាជការ លោកតា លោក​យាយ សិស្សានុស្ស ប្រជាពលរដ្ឋ ចូលរួមយ៉ាងអធឹកអធ័មផងដែរ ដែលពិធីនេះបានប្រារព្វឡើង​ជារៀងរាល់ឆ្នាំ។

សូមបញ្ជាក់ផងដែរថា បរិយាកាសនៃប្រាសាទសំបូរព្រៃគុគ បានធ្វើឲ្យមានភ្ញៀវទេសចរណ៍ជាច្រើនមក​កំសាន្ត ក្រោយពីប្រាសាទសំបូរព្រៃគុគ ត្រូវបានបញ្ជូលជាសម្បត្តិបេត្តក័ភណ្ទពិភពលោក ដោយសារមាន ការចង្អុលបង្ហាញណែនាំ ពីសំណាក់ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ដល់មន្ទីរទេសចរណ៍ខេត្ត ឲ្យ​រក្សានូវបញ្ហាអនាម័យ បរិស្ថានបានល្អប្រសើរ ដែលជាមន្តស្នេហ៍ទាក់ទាញភ្ញៀវទេសចរណ៍ ឲ្យមកកំសាន្ត​នៅប្រាសាទសំបូរព្រៃគុណនេះ ។

បន្ទាប់ពីក្រុងពាលីបានបញ្ចប់  ឯកឧត្តម សុខ លូ បានដឹកនាំមន្រ្តីពាក់ព័ន្ឋ ចុះពិនិត្យទីតាំងដែលត្រូវបាន​ប្រារព្វពិធីសំបូរសង្រ្កាន នៅបរិវេណប្រាសាទតោ ហើយក៏បានណែនាំឲ្យអ្នកទទួលខុសត្រូវរៀបចំទីកន្លែង សម្រាប់បងប្អូនដែលមកកំសាន្តសម្រាប់ពិសារបាយ និងទីតាំងចោលសំរាម ដោយមិនអនុញ្ញាតិឲ្យហូប នៅក្នុងបរិវេណប្រាសាទនោះឡើយ ។ ដោយ  ប៊ុន  រដ្ឋា