សៀមរាប÷ មន្ត្រីជាន់ខ្ពស់នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងនៅរសៀលថ្ងៃសុក្រទី០៩ខែមីនានេះថា កម្លាំងនគរបាលបានរកឃើញរថយន្តរបស់ប្រជាពលរដ្ឋរង
គ្រោះចំនួន១០គ្រឿង ក្នុងចំណោមរថយន្ត៣១គ្រឿងជនសង្ស័យដែលអះអាងថាខ្លួនជាមន្ត្រីកងរាជអាវុធហត្ថម្នាក់ បានជួលរួចក្លែងបន្លំឯកសារយកទៅលក់។
លោកឧត្តមសេនីយ៍ត្រី ភឹង ចន្តារ៉េត ស្នងការរង និងជាប្រធានផែនព្រហ្មទណ្ឌទនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានឲ្យដឹងថា កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៨ កន្លងទៅ កម្លាំងនគរបាលខេត្តសៀមរាប បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អៀង វាសនា ភេទប្រុសអាយុ ២៥ឆ្នាំ ទីលំនៅភូមិ ជ្រៃ ឃុំកណ្តែក ស្រុកប្រាសទបាគង ខេត្តសៀមរាប។ លោកបន្តថា ការឃាត់ខ្លួនជនសង្ស័យរូបនេះ គឺបន្ទាប់ពីទទួលបានបណ្តឹងរបស់ជនរងគ្រោះ ដែលប្តឹងមកសមត្ថកិច្ចថា ជនរូបនេះបានជួលរថយន្តរបស់គាត់ ក្នុងតម្លៃ៦០០ដុល្លាក្នុងមួយខែ។ ប៉ុន្តែបន្ទាប់ពីជួលរួចហើយ ស្រាប់តែម្ចាស់រថយន្ត បែរជាឃើញរថយន្តរបស់ខ្លួនត្រូវបានគេដាក់តាំងលក់នៅក្នុងឃ្លាំងលក់រថយន្តទៅវិញ។
លោកបន្តថា បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យរូបនេះ មានប្រជាពលរដ្ឋ២៦នាក់ផ្សេងទៀតបានមកដាក់ពាក្យបណ្តឹងថា ខ្លួនចាញ់បោកជនសង្ស័យរូបនេះដែរ ដោយសរុបរថយន្តទាំងអស់មានចំនួន៣១គ្រឿង។
បើតាមលោកភឹង ចិន្តារ៉េត រថយន្តដែលរកឃើញទាំង១០គ្រឿងនេះ មានប្រាំគ្រឿង ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងសៀមរាប ចំណែកប្រាំគ្រឿងទៀតបានធ្វើលិខិតកិច្ចសន្យារក្សាទុកនៅឃ្លាំងលក់ រថយន្តដដែលសិន ដើម្បីរង់ចាំការសម្រេចពីតុលាការ។
ទន្ទឹមនឹងការអះអាងថា នឹងខិតខំស្វែងរករថយន្តដែលនៅសេសសល់ លោកស្នងការរងបានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ មុននឹងទិញលក់ ជួល យានយន្តទាំងអស់ ត្រូវត្រួតពិនិត្យឯកសារនានាឲ្យបានម៉ត់ចត់និងកាត់ឈ្មោះឲ្យបានត្រឹមត្រូវ ដើម្បីចៀសវៀងបញ្ហានានាដែលកើតមានជាយថាហេតុ៕






































