ផ្លូវបេតុងអាមេមួយខ្សែថ្មីទៀតភ្ជាប់ពីផ្លូវជាតិលេខ៤ឆ្ពោះទៅរោងចក្រកាត់ដេរយូស៊ីនស្ថិតនៅសង្កាត់លេខ១ ក្រុង ខេត្តព្រះសីហនុ ត្រូវបានប្រកាសបើកការដ្ឋានសាងសង់ជាផ្លូវការ

0

ព្រះសីហនុ÷ នៅព្រឹកថ្ងៃសៅរិ៍ ៩រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ពស២៥៦១ ត្រូវនឹងថ្ងៃទី១០ខែមីនាឆ្នាំ២០១៨ ក្រោមអធិបតីឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដើម្បីជាការឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។
តាមរបាយការណ៍សាងសង់បានឲ្យដឹងថា ផ្លូវបេតុងមួយខ្សែនេះមានប្រវែង ៥១០ម៉ែត្រ ទទឹង ៦ម៉ែត្រ កម្ពស់ ០,១៥ម៉ែត្រ ក្រាលឆ្អឹងដែក សាងសង់ដោយក្រុមវិស្វកម្ម ក្រសួងមហាផ្ទៃ ។
ឯកឧត្តម យន្ដ មីន មានប្រសាសន៍គ្រា បើកការដ្ឋានសាងសង់ផ្លូវបេតុងថា ផ្លូវបេតុងអាមេមួយខ្សែនេះ ជាសមិទ្ធផលថ្មីមួយទៀតសម្រាប់បងប្អូនប្រជាពលរដ្ឋ​ក្នុងសង្កាត់លេខ ១ ក្រុងព្រះសីហនុ ​ក្នុងការធ្វើដំណើកាន់តែមានភាពងាយស្រួល ដែលជាតម្រូវការចាំ បាច់របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ ដូច្នេះនៅពេលផ្លូវនេះសាងសង់រួច យើងត្រូវចូលរួមថែរក្សា ការពារឲ្យការប្រើប្រាស់បានយូរអង្វែង ដើម្បីធ្វើចរាចរណ៍កាន់តែមានភាពងាយស្រួល ព្រោះផ្លូវមួយខ្សែនេះ វាជាសម្បត្តិរួមរបស់យើងទាំងអស់គ្នា ។
ឯកឧត្តមបានបន្ដថា ដោយមើលឃើញការលំបាកក្នុងការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ហើយអាជ្ញាធរក្រុង ខេត្តបានធ្វើការសិក្សាលើគម្រោងអទិភាពនេះ ដើម្បីសាងសង់មុន។ចំពោះផ្លូវដទៃជាច្រើនខ្សែទៀតអាជ្ញាធរក្រុងនិងខេត្តព្រះសីហនុ នឹងបន្តខិតខំដោះស្រាយ កែលម្អប្រែក្លាយផ្លូវក្នុងក្រុងពីផ្លូវលំ មកជាផ្លូវបេតុង និងផ្លូវកៅស៊ូជាបន្តបន្ទាប់ ដើម្បីបំពេញតម្រូវការពលរដ្ឋ​ក្នុងក្រុងព្រះសីហនុទាំងមូល។
ឯកឧត្តមអភិបាលខេត្ត បានសំណូមពរបងប្អូនប្រជាពលរដ្ឋដែលមានលំនៅឋាននៅអមសងខាងផ្លូវខាងលើនេះ ចូលរួមសហការជាមួយក្រុមការងារបច្ចេកទេសរបស់ កងវិស្វកម្ម ដើម្បីជួយសម្រួលឲ្យដំណើរការសាងសង់ផ្លូវមួយខ្សែនេះ ប្រព្រឹត្តទៅដោយរលូនតាមការគ្រោងទុក៕