ខេត្តរតនគិរី÷ គំនរឈើជាង១០០កំណាត់មានមុខកាត់ធំៗក្រុមឈ្មួញរកស៊ីខុសច្បាប់លាក់ទុកក្នុងចម្ការស្វាយចន្ទីរបស់ប្រជាពលរដ្ឋត្រូវបានកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកម្លាំងអាវុធហត្ថខេត្តមានការចូលរួមពីមន្ត្រីរដ្ឋបាលព្រៃឈើផ្នែកស្រុកអូរជុំផងដែរ។ នៅវេលាម៉ោង៨នឹង៣០ព្រឹកថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៨ ស្ថិតនៅភូមិនៅភូមិយ៉ាទុក ឃុំប៉ូយ ស្រុកអូរជុំ កម្លាំងខាងលើកំពង់តែចុះបង្ក្រាបបានឲ្យដឹងថា គំនរឈើខាងលើនេះមានឈើចំនួន៣ប្រភេទ គឺប្រភេទឈើកកោះ សុក្រំ នឹងគគី ដែលមានមុខកាត់ចាប់ពី៤០ រហូតដល់៦០មានប្រវែង៣ម៉ែត្រឡើងទៅ សមត្ថកិច្ចខាងលើមិនបានបញ្ជាក់ប្រាប់ថា ឈើដែលក្រុមឈ្មួញយកមកលាក់ទុកខាងលើនេះ ឈ្មួញឈ្មោះអ្វីនោះទេ មិនដឹងថាកាប់ចេញពីតំបន់ព្រៃណានោះទេ ហើយចំនួនពិតប្រាកដមិនទាន់ធ្វើការវាស់វែងនៅឡើយ គ្រាន់តែដឹងថាមានជាង១០០កំណាត់ ហើយឈើទាំងអស់នេះក្រោយពីសមត្ថកិច្ចបង្ក្រាបបានបានរឹបអូសយកមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តដើម្បីវែករកមុខម្ចាស់ឈើផាកពិន័យតាមផ្លូវច្បាប់។
សារព័ត៌មានយើងបានធ្វើការសាកសួរប្រជាពលរដ្ឋនៅក្បែរកន្លែងចាប់ឈើនោះគាត់បានឲ្យដឹងថា ជាងរៀងរាល់យប់ឃើញមានគោយន្តកែច្នៃធុនធំ២-៣គ្រឿងបានដឹកជញ្ជូនចេញពីប្រភពស្រុកវើនសៃយកមកលាក់ទុកនៅចំណុចខាងលើ។ ពួកគាត់បានដាក់ការសង្ស័យថា ឈើខាងលើកាប់ចេញពីតំបន់ព្រៃឧទ្យានជាតិការពារសត្វតូចក្នុងស្រុកវើនសៃដោយមានសិទ្ធការពារដោយមន្ទីរបរិស្ថានខេត្ត។
ជុំវិញការចោទប្រកាន់ពីសំណាក់ប្រជាពលរដ្ឋខាងលើនេះសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីមន្ទីរបរិស្ថានបានទេនៅព្រឹកថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៨នេះ ដោយមិនមានលេខទូរស័ព្ទ៕ យក្ខឡោម