ក្រុមយុវជនមកពីជាង៣០ប្រទេសនឹងមកចូលរួមអង្គរសង្រ្កាន្តឆ្នាំ២០១៨

0

សៀមរាប៖ ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៨ គឺជាប្រវត្តិសាស្ត្រមួយថែមទៀត ដែលខេត្តសៀមរាប នឹងទទួលបានក្រុមយុវជនមកពីបណ្តាប្រទេសនានា ប្រមាណជា៣០ប្រទេសមកចូលរួម។
មានប្រសាសន៍នៅក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូ ១២០០ម៉ែត្រនៅក្នុងភូមិវាល សង្កាត់ជ្រាវ ក្រុងសៀមរាប នៅព្រឹកថ្ងៃពុធ ១៣រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី១៤ ខែមីនាឆ្នាំ២០១៨នេះ អភិបាលខេត្តសៀមរាប ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង បានលើកឡើងថា អង្គរសង្ក្រាន្តឆ្នាំ២០១៨ នៅខេត្តសៀមរាប មិនត្រឹមតែជាព្រឹត្តិការជាតិនោះទេ ប៉ុន្តែវាបានក្លាយជាព្រឹត្តិការណ៍អន្តរជាតិដោយនៅក្នុងឆ្នាំនេះ អង្គរសង្រ្កាន្តនឹងទទួលក្រុមយុវជនមកពីបណ្តាប្រទេសនានាប្រមាណជាង៣០ ដែលមកចូលរួមអបអរសាទរ។
ឯកឧត្តមបន្តថា នៅតាមបណ្តាខេត្តផ្សេងៗដូចជា ខេត្តកំពង់ធំ បាត់ដំបង ព្រៃវែង ជាដើម ក៏មានរៀបចំពិធីសង្ក្រាន្តឆ្នាំថ្មីសម្រាប់អបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរដែរ ប៉ុន្តែការរៀបចំរបស់ខេត្តទាំងនោះ គឺធ្វើត្រឹមតែថ្នាក់ខេត្តប៉ុណ្ណោះ លើកលែងតែខេត្តសៀមរាប ដែលបានធ្វើឡើងជាលក្ខណៈជាតិ។ ឯកឧត្តមបន្តថា ជាមួយនឹងព្រឹត្តិការណ៍ដ៏ធំនេះ អាជ្ញាធរខេត្តសៀមរាប បានត្រៀបលក្ខណៈរួចជាស្រេចនៅក្នុងរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យបរិស្ថាន និងសោភ័ណ្ឌភាពទីក្រុង ។
ទីក្រុងសៀមរាប បានជាប់ចំណាត់ថ្នាក់ជាទីក្នុងស្អាតអាស៊ាន សម្រាប់ឆ្នាំ២០១៨ ហើយក៏ជាទីក្រុងដែលទទួលបានចំណាត់ថ្នាក់រំដួលបីទង សម្រាប់ចលនាប្រលងប្រណាំងទីក្រុងស្អាតផងដែរ។ ដើម្បីបន្តរក្សានូវចំណាត់ថ្នាក់នេះ ឯកឧត្តមអភិបាល បានណែនាំដល់អាជ្ញាធរក្រុង សង្កាត់ ខិតខំលើកកម្ពស់អនាម័យ បរិស្ថាន ។ ម៉្យាងទៀតអាជ្ញាធរក្រុង សង្កាត់ត្រូវយកចិត្ត ទុកដាក់ថែទាំផ្លូវ និង ធ្វើឲ្យដងផ្លូវប្រកបទៅដោយពណ៌បៃតង គឺត្រូវរួមគ្នាធ្វើការដាំដើមឈើ ដែលវាមានតម្លៃ ក្នុងការលើកកម្ពស់សោភណ្ឌភាពក្រុងបុរាណរបស់យើងទៀតផង ៕ ខេង ឧត្តម