កំពតៈ ឯកឧត្តម ថៃ នរៈសត្យា រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា បើទោះជាប្រមុខរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ និងឲ្យតម្លៃ ឧបត្ថម្ភគាំទ្រលើការងារ ថែរក្សាការពារ និងអភិរក្សវប្បធម៌ក៏ដោយ ក៏មនុស្សមួយចំនួនធំហាក់មិនសូវយកចិត្តទុកដាក់ និងចូលរួមក្នុងកិច្ចការងាវប្បធម៌នេះឡើយ ដោយអ្នកខ្លះហៅមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បះថាជា “មន្ត្រីរាំច្រៀង”ក៏មាន ខណៈដែលតម្លៃនៃវប្បធម៌បានចាប់ឬសចាប់គុល និងគ្រប់ដណ្តប់លើកខ្លួនមនុស្សតាំងពីក្បាលរហូតដល់ចុងជើង។
ថ្លែងនៅក្នុងពិធីអបអរសាទរទិវារវប្បធម៌ជាតិ ៣មីនា លើកទី២០ ឆ្នាំ២០១៨ ក្រោមប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ” ដែលបានរៀបចំឡើងនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ ក្នុងសាលប្រជុំខេត្តកំពត ឯកឧត្តមបានបញ្ជាក់ទៀតថា យើងទាំងអស់គ្នា គួរតែមានមោទភាពចំពោះមាតុភូមិកម្ពុជា ដែលមានវប្បធម៌ អរីយធម៌សម្រាប់សំគាល់អត្តសញ្ញាណរបស់ខ្លួន។ ហើយថាកម្ពុជាយើងសម្បូរសម្បត្តិវប្បធម៌ដ៏ល្បីល្បាញទាំងរូបី និងអរូបី មានដូចជា ប្រាសាទ ចម្លាក់ គំនូរ កំណាព្យ តន្ត្រី ល្ខោន ។ល។ របៀបរបបនៃការរស់នៅក្នុងសង្គម ដេក ដើរ ឈរ អង្គុយ ហូបចុក និយាយស្តី ។ល។ នាំឲ្យមានទំនាក់ទំនងការងារការទូតល្អនៅលើឆាក់អន្តរជាតិ និងមានសម្បត្តិវប្បធម៌ជាច្រើនត្រូវបញ្ជូលទៅជាសម្បត្តិបីតិកភណ្ឌពិភពលោកជាដើម។ និយាយរូមក្នុងជីវិតរស់នៅមិនអាចខ្វះវប្បធម៌បានទេ។ ហេតុនេះ មន្ត្រីជំនាញ មន្ត្រីពាក់ព័ន្ធ ពលរដ្ឋ និងពិសេសយុវវ័យទាំងអស់ ត្រូវយកចិត្តទុកដាក់គោរព ថែរក្សា អភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិយើងឲ្យបានគង់វង់រុងរឿង។
នៅក្នុងឱកាសនោះដែរ ឯកឧត្តមក៏បានផ្តល់អនុសាសន៍ល្អណែនាំយុវជនឲ្យបាបដឹងដែរថា “ប្រវត្តិសាស្ត្រ សម្រាប់តែឲ្យដឹង មិនមែនសម្រាប់ឲ្យខឹងឬគំគួនទេ” ដូច្នេះសូមយុវជនយើងកុំប្រមាថឬស្តីបន្ទោសដល់បុព្វបុរសនិងមេដឹកនាំជំនាន់មុន ថាបានធ្វើឲ្យបាត់បង់ទឹកដី ធ្វើឲ្យស្រុកខ្មែររួមតូចទៅៗ។ឯកឧត្តមណែនាំថា អ្នកជំនាន់ក្រោយត្រូវយកចិត្តទុកដាក់សិក្សាស្វែងយល់ពីប្រសាស្ត្រឲ្យច្បាស់ ហើយចេះសហការ ថែរក្សាអភិរក្ស និងអភិវឌ្ឍអ្វីដែលយើងមាន ពិសេសគឺវប្បធម៌នេះឯង ព្រោះបើវប្បធម៌រលំ ជាតិរលាយ។ ហើយលោកក៏បានពន្យល់បញ្ជាក់បន្ថែមទៀតដែរថា មនុស្សយើងត្រូវចេះ ស្រលាញ់សន្តិភាព អត់ឱន យោគយល់ និងគិតប្រយោជន៍រួម ប្រយោជន៍សង្គមជាធំ ព្រោះជីវិតមនុស្សកើតមកមានលទ្ធផលតែពីគឺ “សុខ និងទុក្ខ ” ឬ “សើច និងយំ” ហើយអ្វីដែលជាកំហុសរបស់មនុស្សមានពីរដូចគ្នា គឺ “ឃើញខុសមិនព្រមកែ ឃើញត្រូវមិនព្រមធ្វើ”។
លោកជំទាវ យុ សុគន្ធ អភិបាលរងខេត្តបានលើកឡើងថា ក្នុងនាម គណៈអភិបាខេត្តកំពត សូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលវិជ្ជមាន ដែលកើតចេញពីដំណើរការអភិរក្ស និងអភិវឌ្ឍវប្បធម៌ ក្នុងការថែរក្សាការពារ បណ្តុះបណ្តាល ផ្សព្វផ្សាយ ផ្ទេរចំណេះជំនាញ បច្ចេកទេស ទេពកោសល្យ ឲ្យដល់មនុស្សជំនាន់ក្រោយ ពិសេសស្រទាប់យុវវ័យ ដែលជាទំពាំងស្នងឬស្សី ពោពេញដោយសក្តានុពល ប្រឌិដ្ឋញាណក្នុងសកម្មភាពអភិរក្សទំនើបកម្មនិងការបង្កើតថ្មី្។ និងបានស្នើយុវជនទាំងអស់នៅក្នុងខេត្តឲ្យតម្លៃលើវប្បធម៌ជាតិ រួមគ្នា ថែរក្សា អភិរក្សា និងអភិវឌ្ឍវធម៌ជាតិយើងឲ្យកាន់តែរុងរឿងនៅលើឆាកអន្តរជាតិ៕