ព្រះសីហនុ: ផ្លូវល្បឿនលឿនចាប់់ផ្តើសាងសង់នៅដើមឆ្នាំ២០១៩ គ្រោងនឹងបញ្ចប់ស្ថាពរនៅឆ្នាំ២០២៣ ដោយប្រើរយៈពេល៤ឆ្នាំគត់ក្នុងនោះគ្រោងចំណាយថវិកាចំនួន ១,៧៨២,០០០,០០០ដុល្លាសាងសង់ដោយ ក្រុមហ៊ុន CRBC (China Road and Bridge Corporation)។នេះយោងតាមស្មាតីនៃសិក្ខាសាលាស្តីពីការចូលរួមវាយតម្លៃលទ្ឋផលការសិក្សាហេតុផលបរិស្ថាននិងសង្គមពេញលេញនៃគម្រោងសាងសង់ផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញទៅខេត្តព្រះសីហនុកាលពីព្រឹកថ្ងៃសុក្រ ១៥ រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ ដោយមានការចូលរួមពីសំណាក់លោក លោកស្រីតាមមន្ទីរអង្គភាពជំនាញជាប់ពាក់ព័ន្ធ និងលោកអភិបាលរងខេត្តទទួលបន្ទុក ព្រមទាំងម្ចាស់គម្រោងផងដែរ ក្រោមអធិបតីភាពឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។រដ្ឋបាលខេត្តព្រះសីហនុ សំដែងការគាំទ្រទាំងស្រុងចំពោះគ្រោងនេះព្រមទាំងមានលើកទឹកចិត្តដល់ដើម្បីដំណើរការគម្រោងនេះអោយបានលឿនដោយគោរពតាមច្បាប់និងធានាគុណភាពស្តង់ដារ។លោក អាន ផល្លីភីរត្ន័ អោយដឹងថា គម្រោងផ្លូវល្បឿនលឿននេះឆ្លងកាត់៤រាជធានីខេត្ត រួមមាន រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពី ខេត្តព្រះសីហនុ ក្នុងនោះបានឆ្លងកាត់៦ស្រុក ១ខណ្ឌ ២ក្រុង ៣១ឃុំ/សង្កាត់ និង១១០ភូមិ។
ផ្លូវល្បៀនលឿននេះ មានកំរាលបេតុងកៅស៊ូ AC ដែលមានប្រវែងសរុប ១៩០,០៦១ គីឡូម៉ែត្រ (គិតរួមទាំងស្ពាន និងលូទាំងអស់) ហើយមានទទឹងសរុប ២៤,៥ ម៉ែត្រ ក្នុងនោះមានគន្លងផ្លូវឡាន (២x៣,៧៥ម៉ែត្រ) សងខាង ជាយផ្លូវកៅស៊ូ២ (២x២,៥ម៉ែត្រ) សម្រាប់ម៉ូតូ ជាយផ្លូវដីក្រហម ២(២x០,៧៥) សម្រាប់ថ្មើរជើង និងសួននៅអក្ស័កណ្តាលទ្រូងផ្លូវ៣ ម៉ែត្រ មាន ស្ពាន៨៩ កន្លែង ផ្លូវនេះមានល្បឿនកំណត់ចាប់ពី៨០ ទៅ ១២០ គីឡូម៉ែត្រក្នុងមួយម៉ោង។ មានកន្លែងសម្រាប់ឈប់សម្រាកចំនួន៤ កន្លែង និងស្ថានីយប្រេងឥន្ធនៈ៣ កន្លែង។
ផ្លូវនេះក៏មានរបងអមតាមសងខាងផ្លូវនោះដើម្បីការពារសត្វពាហនៈឆ្លងកាត់ និងរបាំងការពារសម្លេងរំខានសរុបប្រហែល៥៧,១៩ គីឡូម៉ែត្រ ព្រមទាំងទុកកន្លែងមនុស្ស និងសត្វព្រៃឆ្លងកាត់ចំនូន៣៥២កន្លែង។
លោក បញ្ជាក់ថា ទិន្នន័យនេះគ្រាន់តែជាលទ្ធផលនៃការសិក្សាដំណាក់កាលទី១ប៉ុណ្ណោះក្រុមហ៊ុននឹងធ្វើការសិក្សាចំនួនបីលើកទៀតដើម្បីអោយប្រាកដប្រជាមុននឹងចាប់ផ្តើមសាងសង់នៅដើមឆ្នាំ២០១៩ខាងមុខនេះ៕