(ព្រះវិហារ)៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយរងសេនា ធិការចម្រុះ មេបញ្ជាការរងកងទ័ពជេីងគោក តំណាងដ៍ខ្ពង់ខ្ពស់សម្តេចតេជោ និងឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញដឹកនាំគណៈប្រតិភូ ចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមកចែកជូនដល់កងទ័ពវរសេនាតូច៣៩៥ រួមទាំងនាយ និងពលនគបាលជាតិ ការពារព្រំដែនគោកលេខ១០៥ ដែលជាអង្គភាពសម្ព័នមេត្រីភាព កំពុងឈរជើងការពារទឹកដីតាមបណ្តោយព្រំដែនកម្ពុជា.ឡាវ មុនឱកាស់បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។
ពិធីនេះបានប្រារពធ្វេីឡេីងកាលពីថ្ងៃ២៤ ខែមីនា ឆ្នាំ២០១៨ នៅតំបន់មុំបី ដោយមានការចូលរួមពីសំណាក់ នាយឧត្តមសេ នីយ៍ ភួង ស៊ីផាន អនុរដ្ឋលេខាធិការក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ គីម ប៊ុនថាន អគ្គមេបញ្ជាការរងនៃកងយោធពល ខេមរភូមិន្ទ នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ និងឧត្តមសេនីយ៍ទោដួង ច័ន្ទ មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៩ផងដែរ។
ឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែត បានថ្លែងថា ពិតជាមានអត្ថន័យធំធេងណាស់ ដែលក្រសួងស្ថាប័ន្ធស៊ីវិល មានការចងសម្ព័នមេត្រីភាព ជាមួយកងកម្លាំងប្រដាប់អាវុធនៅសមរភូមិមុខ នេះគឺជាការរួមគ្នាជួយការពារបូរណៈភាពទឹកដី ការពារជាតិមាតុភូមិ អោយបានគង់វង់ជាបន្តទៀត។ ព្រោះថានៅពេលសព្វថ្ងៃនេះប្រទេសជាតិយេីង កំពុងមានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រេីនលេីគ្រប់វិស័យពេញផ្ទៃប្រទេស ក្រោមការដឹក នាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ថ្លែកក្នុងឱកាស់នោះ ឯកឧត្តមបណ្ឌិត ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចជាកាលសម្តេច តែងបានគិតគូរដល់សុខមាលភាព ជីវភាពរស់នៅរបស់កងកម្លាំង និងក្រុមគ្រួសារទាំងអស់ជាប់ជាប្រចាំ តាមរយៈការដំឡើងប្រាក់ បៀវត្សជាបន្តបន្ទាប់ រួមទាំងការហូបចុក ស្នាក់នៅ និងការហ្វឹកហ្វឺន ដើម្បីលើកកម្ពស់ ពង្រឹងចំណេះដឹង ជំនាញ សមត្ថភាព និងស្មារតីប្រយុទ្ធ អោយកាន់តែមាំមួនក្លាំងក្លា នៅក្នុងបុព្វហេតុការពារជាតិ និងអធិបតេយ្យភាពជាតិគង់វង្សមិនអោយបាត់បង់ សូម្បីតែមួយមីលីម៉ែត។
ជាមួយគ្នានោះផងដែរ ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានទី១ នៃក្រុម ការងារពិសេសថ្នាក់ជាតិ ទទួលបន្ទុកកិច្ចការអធិបតេយ្យ តំណាង ឯកឧត្តមបណ្ឌិតសភាចារ្យទេសរដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថ្លែងការកោតសរសេីរ និងវាយតំលៃខ្ពស់ចំពោះវីរភាពអង់អាចក្លាហាន របស់នាយទាហាន នាយទាហានរង ពលទាហាន វរៈយុទ្ធជន យុទ្ធនារី ដែលបាននិងកំពុងបំពេញបេសកកម្ម ក្នុងបុព្វហេតុការពារជាតិមាតុភូមិ ការពារបូរណភាពទឹកដី ការពាររដ្ឋធម្មនុញ និងការការពាររាជរដ្ឋាភិបាលស្របច្បាប់ ថែរក្សាសុខសន្តិភាព ជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍន៍ប្រទេសបានរហូតមកដល់នាពេលបច្ចុប្បន្ននេះ។
ឯកឧត្តមបន្តថា ក្នុងស្មារតីផ្សារភ្ជាប់រវាងសមរភូមិមុខ និងសមរភូមិក្រោយ នៅក្នុងក្របខ័ណ្ឌ នៃសម្ព័ន្ធមេត្រីភាពដែលកំណត់ដោយរាជរដ្ឋាភិបាល គឺក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុតែងតែផ្តល់នូវការគាំទ្រជាប់ជាប្រចាំ តាមរយៈការចុះសាកសួរសុខទុក្ខ និងនាំមកជាមួយនូវអំណោយជាសម្ភារៈ និងថវិការ ជូនដល់កងទ័ព និងកងនគរបាល រួមទាំងអង្គភាព មិនដែលខាន ស្របតាមតម្រូវការជាក់ស្តែង ដើម្បីជួយធ្វើអោយបងប្អូន យើងអាចឈរជើងកាន់តែរឹងមាំ និងអាចបំពេញនូវភារកិច្ចការពារជាតិប្រកបដោយប្រសិទ្ធភាព ហើយអង្គភាពកាន់តែមានការអភិវឌ្ឍ និងកាន់តែមានជីវភាពធូរធារ តាមរយៈការបង្កបង្កើនផលផ្សេងៗ។
មេបញ្ជាការវរសេនាតូច៣៩៥ លោក អ៊ាម ចំនិត បានបញ្ជាក់ថាទោះបីជាសភាពការណ៍បច្ចុប្បន្ន នៅតាមព្រំដែន មានសភាពស្ងប់ស្ងាត់ក៍ពិតមែន តែកម្លាំងយេីងដែលកំពុងឈរជេីង តាមខ្សែរត្រៀមជួរមុខ និងនៅតាមបណ្តាអង្គភាពខាងក្រោម បានត្រៀមលក្ខណៈប្រយុទ្ធគ្រប់ពេលវេលា ពិសេសបង្កេីនការយកចិត្តទុក្ខដាក់ក្នុងការចេញដេីរល្បាត តាមភូមិសាស្ត្រដែលអង្គភាពទទួលខុសត្រូវ ដេីម្បីតាមដានក្តាប់ នូវរាល់សភាពការប្រែប្រួល ដេីម្បីបញ្ជៀសបានការប្រឈមមុខដាក់គ្នាដោយកម្លាំងប្រដាប់អាវុធ។
សូមបញ្ជាក់ថា អំណោយដែលគណៈប្រតិភូក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្តុ នាំយកមកជួយឧបត្ថម្ភ ដល់កងទ័ពសម្ព័នមេត្រីភាពនាឱកាស់នោះរួមមាន÷ ទីបញ្ជាការវរសេនាតូច៣៩៥ ចំណុះទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៩ និងអង្គភាពនគរបាលជាតិការពារព្រំដែនគោកលេខ១០៥ ដោយមួយអង្គ ភាពទទួលបានថវិការចំនួន២លានរៀល រួមទាំងសម្ភារបរិក្ខា គ្រឿងឧបភោគបរិភោគមួយចំនួន និងឧបត្ថម្ភជូនដល់នាយទា ហាន នាយទាហានរង ពលទាហាន នាយនគរបាល ពលនគរបាល ម្នាក់ៗថវិការ៥ម៉ឺនរៀលផងដែរ៕សួនលីណា