ឡិចស៉ិសRX៣០០ បុកម៉ូតូបណ្តាលឲ្យមនុស្សពីនាក់ស្លាប់មួយរំពេច

0

ខេត្តរតនគិរី÷ រថយន្តឡិចស៉ិស RX៣០០មួយគ្រឿងបុកម៉ូតូបណ្ដាលឲ្យមនុស្ស ២ នាក់បានស្លាប់ភ្លាមៗមួយរំពេចខណ:ម៉ូតូបើកបរក្នុងទិសដៅបញ្ច្រាសគ្នា។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង១០ និង៣០ នាទីយប់ថ្ងៃច័ន្ទ ១០កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨នៅតាមកំណាត់ផ្លូវជាតិលេខ៧៨ ស្ថិតនៅភូមិទុយ ឃំុទីងចាក់ ស្រុកបរកែវ ខេត្តរតនគិរី។

អធិការនគរបាលស្រុកបកែវ លោក ជួប វណ្ណរក្ស បានឲ្យដឹងថា រថយន្តបង្កម៉ាកឡិចស៉ិស RX៣០០ ពណ៌ស អត់ស្លាកលេខ បើកបរក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿនបានជ្រុលចង្កូតទៅបុកម៉ូតូខណ:បើកបរបញ្ច្រាសទិសគ្នាពីកើតមកលិចយ៉ាងពេញទំហឹងតែម្តង បណ្តាលឲ្យមនុស្សប្រុសពីនាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។លោក ជួប វណ្ណរក្ស បន្តថា ជនរងគ្រោះពីនាក់ដែលស្លាប់នោះមិនទាន់ស្គាល់អត្តសញាណនៅឡើយ ជិះម៉ូតូមួយគ្រឿងមិនស្គាល់ម៉ាក ហើយរថយន្តបានបុកម៉ូតូជ្រុះម៉ាស៉ិនចេញពីតួរម៉ូតូផ្លោងទៅម្ខាង ចំណែករថយន្តបានផ្ងារជើងឡើងលើ។ក្រោយកើតហេតុអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ស្រមោល។ភ្លាមនោះដែរសមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ធ្វើការវាស់វែងនឹងបន្តស្រាវជ្រាវរកសាច់ញាតិនៃសពមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។ដោយឡែកអ្នកបើកបររថយន្តបង្កហេតុ បណ្តាលឲ្យមនុស្សពីនាក់បានស្លាប់ សមត្ថកិច្ចកំពុងស្រាវជ្រាវរកម្ចាស់រថយន្តមកទទួលខុសត្រូវចំពោះមុខច្បាប់។បច្ចុប្បន្ន មធ្យោបាយទាំងពីគ្រឿងសមត្ថកិច្ចបានរឹបអូសយកមករក្សាទុកនៅប៉ុស្តិ៍ទីងចាក់ ដើម្បីរងចាំធ្វើការដោះស្រាយនៅពេលក្រោយ៕ យក្ខឡោម