ទំនិញគេចពន្ធ សម្រុកដឹកចូលក្នុងខេត្តសៀមរាបយ៉ាងគំហុក ខណៈមេគយកំពុងសម្ងំ

0

សៀមរាប៖ សេចក្តីរាយការណ៍បានឲ្យដឹងថា ជារៀងរាល់ថ្ងៃគេឃើញរថយន្តដឹកទំនិញគេចពន្ធចេញពីព្រំដែនថៃចូលមកចែកចាយក្នុងខេត្តសៀមរាបយ៉ាងរលូន តាមស្រុកក្រឡាញ់និងស្រុកវ៉ារិន នៃខេត្តសៀមរាប ហើយករណីនេះ គេបានដាក់ការសង្ស័យថា គយខេត្តសៀមរាប គឺជាអ្នកបើកដៃ ឲ្យឈ្មួញធំៗ នាំចូល ទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់ អាចជាថ្នូរនឹង ផលប្រយោជន៍។ប្រភពព័ត៌មានបានឲ្យដឹងថា ទំនិញគេចពន្ធនិងទំនិញបង់ពន្ធ មិនគ្រប់តាម ច្រកព្រំដែនថៃមានដូចជា ភេសជ្ជៈ គ្រឿងកំប៉ុង គ្រប់ប្រភេទ គ្រឿងឧបភោគបរិភោគ ដោយដឹកតាម រថយន្តម៉ាកសាំយ៉ុង រថយន្តមួយបាំងកន្លះផ្ទុករាប់តោន និងរថយន្តកាមរី ឆ្ពោះមកចែកចាយនៅក្នុងខេត្តសៀមរាប យ៉ាងរលូន។ ប្រភពពី អាជីវករនិង ក្រុមឈ្មួញ តូចតាចបានឲ្យដឹងថា នៅពេលពួកគាត់ នាំចូលទំនិញ តាមចូលមកតាមច្រកព្រំដែនរួចឆ្លងមកជិតដល់ខេត្តសៀមរាប ត្រូវបង់លុយ ឲ្យមន្ត្រីគយនៅច្រកនេះ តាមការកំណត់ ហើយសមត្ថកិច្ចគយ មិនបានចេញ វិក្កយបត្រ ត្រឹមត្រូវឡើយ។ ជាងនេះទៅទៀត នៅពេលពួក គាត់ដឹកទំនិញឆ្លងផុតមានសមត្ថកិច្ច ពាក់ព័ន្ធជាច្រើន ស្ថាប័នទៀត ចាំយកលុយ ពីពួកគាត់ តាមអំពើចិត្តធ្វើឲ្យពួកគាត់ រកស៊ីស្ទើរតែគ្មានសល់លុយចំណេញ សម្រាប់ទ្រទ្រង់ជីវភាពនោះទេ។
លោក សុខ សុដារ៉ា ប្រធានសាខាគយនិងរដ្ឋករខេត្តសៀមរាប កំពុងធ្វើឲ្យ រដ្ឋខាតបង់ ចំណូលពន្ធយ៉ាងច្រើន សន្ធឹកសន្ធាប់ ក្នុងមួយខែៗ ព្រោះជារៀងរាល់ថ្ងៃ ឈ្មួញធំៗនាំចូល ទំនិញរាប់សិបតោន ពីទឹកដីថៃចូល ទឹកដីខ្មែរ។ ទាក់ទិនករណីនេះដែរលោក សុខ សុដារ៉ា ប្រធានសាខាគយនិងរដ្ឋករខេត្តសៀមរាប មិនអាចទាក់ទងសុំការបំភ្លឺបានទេនៅរសៀលថ្ងៃទី២៨ខែមីនាឆ្នាំ២០១៨នេះ ដោយហៅទូរស័ព្ទទៅលោកចូលតែគ្មានអ្នកទទួល។ យ៉ាងនេះក្តី គេសង្ឃឹមថា លោកឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប នឹងមានវិធានការទៅលើទំនិញគេចពន្ធ ដែលកំពុងហូរចូលក្នុងខេត្តសៀមរាប ជាក់ជាមិនខាន ហើយគេសង្ឃឹមថាលោកអភិបាលខេត្តនឹងមិនជាប់ត្រគៀកដូចលោក សុខ សុដារ៉ា ប្រធានសាខាគយនិងរដ្ឋករខេត្តសៀមរាប នោះទេ៕