ខេត្តកំពតបើកទ្វារចំហរស្វាគមន៍វិនយោគគិនគ្រប់វិស័យទាំងអស់

0

កំពតៈ ឯកឧត្តមជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានមានប្រសាសន៍ថា ខេត្តកំពតបើកទ្វារស្វាគមន៍វិនិយោគគិនទាំងអស់ ទាំងក្នុងនិងក្រៅប្រទេស មិនថាការងារវិនិយោគលើវិស័យអ្វីទេ ឲ្យតែផ្តល់ផលប្រយោជន៍ដល់ប្រជាពល និងការអភិវឌ្ឍខេត្ត លោកយល់ព្រមទទួលសំណើរ និងសហការដោយសេចក្តីពេញចិត្ត។
ឯកឧត្តមបានលើកឡើងបែបនេះនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពតដែលបានរៀបចំឡើងនៅរសៀលថ្ងៃទី ០៣ ខែមេសា ឆ្នាំ២០១៨ នៅសាលប្រជុំសាលាខេត្ត។
លោកអភិបាលបានបញ្ជាក់ថា ខេត្តកំពតត្រូវតែមានការអភិវឌ្ឍន៍ទៅមុខ មិនមែនផ្លូវដី នៅតែដីទេ គឺត្រូវកែពីផ្លូវដីឲ្យទៅជាផ្លូវក្រាលកៅស៊ូ ឬ បេតុង។ ហើយថា លោកមិនខ្លាចក្នុងការជួលដីរដ្ឋឲ្យទៅក្រុមវិនិយោគនោះទេ ដោយសំអាងថា ប្រសិនបើគេអាចយកដីរដ្ឋទៅលក់បាន ហេតុអ្វីលោកគ្រាន់តែយកទីរដ្ឋទៅវិនិយោគជាការខុសច្បាប់ ព្រោះរដ្ឋបាលខេត្តធ្វើដោយមានការឯកភាព និងមានកម្លាភាព មានន័យថា មានការចូលរួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាដោះស្រាយ រួមគ្នាទទួលខុសត្រូវ។
លោកអភិបាលក៏បានបញ្ជាក់ដែរថា ទីកន្លែងណាក៏ដោយដែលរជាដីរបស់រដ្ឋ មិនថាភ្នំ ឬអ្វីទេ ប្រសិនបើមានអ្នកវិនិយោគក្រុមហ៊ុនណាមួយ មកសុំជួលដើម្បីបើកធ្វើប្រតិបត្តិអាជីវកម្មវិនិយោគរបស់ខ្លួន រដ្ឋបាលខេត្តកំពតយល់ព្រមទាំងអស់ ឲ្យតែក្រោយពេលសិក្សាទៅឃើញថា មិនប៉ះពាល់ដល់ភាគីណាមួយផ្សេងទៀត ហើយថែមទាំងអាចទាញយកប្រយោជន៍មកបម្រើប្រជាពលរដ្ឋ និងបម្រើការងារអភិវឌ្ឍខេត្ត ឲ្យកាន់តែមានភាពទាក់ទាញ ឬរីកចំរើន។
សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំនោះដែរ លោកបានជម្រុញ ឲ្យមន្ត្រី ថ្នាក់ដឹកដាំមន្ទីរ អង្គភាពនានាជុំវិញខេត្ត គណៈអភិបាលខេត្តត្រូវប្រមូលឯកសារធ្វើការកំណត់ឲ្យបានច្បាស់លាស់ថា ដីត្រង់ណាជារបស់រដ្ឋ របស់មន្ទីរណា ឬក្រសួងណា ដើម្បីបង្កភាពងាយស្រួលដល់រដ្ឋបាលខេត្ត ក្នុងការចាត់ចែងដីនោះសម្រាប់ធ្វើការវិនិយោគរកប្រាក់ចំណូល សំដៅកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ និងអភិវឌ្ឍខេត្តឲ្យកាន់តែរីកចម្រើនស្របតាមគោលនិយោបាយរបស់រាជរដ្ឋាភិបាល៕