បន្ទាយមានជ័យ៖ បើទោះបីជា រាជរដ្ឋាភិបាលកម្ពុជា បានចេញសារចរណ៍ណែនាំ អោយមន្ទ្រីជំនាញ និងស្ថាប័នមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់ ទប់ស្កាត់សង្កាត់ បទល្មើសឈ្មួញលួចនាំចូលទំនិញគេចពន្ធ ពិសេសគឺការនាំចូលជ្រូកក្រហម សាច់ឆ្កែ បក្សី ផលិតផលធ្វើពីបក្សី ព្រោះរបស់ទាំងនេះវាអាចធ្វើអោយប្រជាពលរដ្ឋទទួលផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរផ្នែកសុកមាភាព បើឈ្មួញ និងសមត្ថកិច្ចត្រូវរ៉ូវគ្នា បើកអោយឈ្មួញ នាំចូលពីថៃ តាមព្រំដែន យ៉ាងគគ្រឹកគគ្រែងបែបនេះ។
ជាក់ស្តែង កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៤ កន្លងទៅនេះ គេបានឃើញបទល្មើសនាំចូលជ្រូក ក្រហម មាន់ ប្រហិត សាច់ឆ្កែ តាមច្រករបៀង ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ យ៉ាងភ្លូកទឹកភ្លូកដី តែគ្មានសមត្ថកិច្ចជំនាញណាម្នាក់ហ៊ានអើតក្បាលចាប់ ឬទប់ស្កាត់ ឬមួយឈ្មួញបានដាក់ថ្នាំសណ្តំអោយងងុយដេកអស់. ច្រករបៀងដែលមានប្រជាប្រិយនាំចូលបទល្មើស ជ្រូកក្រហម មាន់ ប្រហិត និងសាច់ឆ្កែ ហ្គាស់ គឺ ច្រករបៀង ទំនប់ដាច់ គ្រប់គ្រងដោយលោក កែវ ណារិន មេបញ្ជាការរង វរះការពារព្រំដែនគោក លេខ៥១៥ ចំណុះកងពលតូចថ្មើរជើងលេខ៥១។មួយទៀតគឺច្រករបៀង ចំការគោ គ្រប់គ្រងដោយទាហាន ការពារព្រំដែន គោក លេខ៥១៥ កូនចៅលោក ឃួន ជឿន មេបញ្ជាការវរៈខាងលើ។
អាជីវកររកស៊ីនាំជ្រូកចូលពីថៃមកកម្ពុជាស្របច្បាប់ម្នាក់បានបង្ហើបអោយ ខេមរា ដឹង នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៤ នេះថា ពេលនេះពួកគាត់ ជួបការលំបាកខ្លាំងនៅពេលគាត់បង់ពន្ធ ១០០% នាំជ្រូកទៅលក់តាមខេត្ត និងរាជធានី បានចំណេញតិចតួច។ ប្រភពដដែល បានបន្តថាចំពោះឈ្មួញដែលគេឃុបឃិតជាមួយសមត្ថកិច្ច នៃច្រករបៀងទំនប់ដាច់ ច្រករបៀងអូរបីជាន់ ច្រករបៀងចំការគោ បាននាំចូលទំនិញគេចពន្ធគ្រប់ប្រភេទមាន ជ្រូក មាន់ ទា សាច់ឆ្កែ ប្រហិត និងហ្គាស យ៉ាងភ្លូកទឹកភ្លូកដី គ្មានសមត្ថកិច្ចណាចេញមុខទប់ស្កាត់ និងបង្ក្រាប
ឡើយ មានតែអ្នកដាក់កុងត្រូលយកប្រាក់ និងដើររាប់ក្បាលឡានឈ្មួញយកលុយតែប៉ុណ្ណោះ។ ឈ្មួញទាំងនោះបាននិយាយចំៗថា ឈ្មួញដែលនាំជ្រូកក្រហម តាមច្រករបៀង ឃុំអូរបីជាន់ដែលលិចធ្លោ ជាងគេ មានឈ្មោះធា ឈ្មោះម៉ៅ ឈ្មោះប្រុស ឈ្មោះសឿន ទាំង៤នាក់នេះជាឈ្មួញរកស៊ីនាំជ្រូកអត់ច្បាប់ និងគេចពន្ធចូលពីថៃ។ ឈ្មោះធី និងឈ្មោះអ៊ិត ជាឈ្មួញនាំមាន់ចូលថៃ។ ក្នុងមួយរថយន្ត ត្រូវបានសមត្ថកិច្ចតម្រង់ជួរឈរយកលុយពីឈ្មួញ ប៉ូលីសប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត និងក្រសួងមួយរថយន្ត៤០,០០០រៀល ប៉េអឹមយក៥០,០០០រៀល
កាំកុងត្រូល២០,០០០រៀល ទាហ៊ានភូមិភាគ៥ និងទាហ៊ានការពារព្រំដែនគោកលេខ៥១៥រាប់ក្បាលជ្រូកយកលុយ១ក្បាល៥០បាត ពេទ្យសត្វជ្រូក១ក្បាល១០០បាត (មានអ្នកខ្លះបង់ជាខែ មួយខែ៣០០$ ទៅ៥០០$ អោយលោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម និងបក្សព្យាបាល នៃមន្ទីរកសិកម្ម ខេត្តបន្ទាយមានជ័យ។ ដោយសារតែមានការបើកភ្លើងខៀវពីសំណាក់សមត្ថកិច្ចគ្រប់ស្ថាប័ននេះហើយ ទើបឈ្មួញនាំទំនិញគេចពន្ធ និងជ្រូកក្រហម មាន់ ចូលពីថៃបានយ៉ាងរលូន និងគ្មានការបង្ក្រាបដូច្នេះ។ បើទោះបីដឹងថាបទល្មើស ទាំងនោះជាអំពើរ
ខុសច្បាប់ គេចពន្ធ ម្ហូបអាហារទាំងនេះជារបស់ធ្វើអោយប៉ះពាល់ដលសុខភាពប្រជាពលរដ្ឋក៏ដោយ សមត្ថកិច្ចគោលដៅខាងលើមិនខ្វល់ឡើយ អោយតែឈ្មួញអោយលុយដល់ ចង់នាំទំនិញគេចពន្ធ និងជ្រូក មាន់ចូលមកប៉ុន្មានតោនក៏បាន។ បទល្មើសនេះភាគច្រើនត្រូវបានឈ្មួញ និងសមត្ថកិច្ចធ្វើសកម្មភាពនៅពេលយប់ជ្រៅ គឺម៉ោង១០យប់ឡើងទៅ។ ប្រជាពលរដ្ឋជាច្រើនសម្តែងការព្រួយបារម្មណ៍ពីសុខភាព ហើយក៏បានអំពាវនាវដល់ លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ពិនិត្យមើលពីភាពមិនប្រកតី ពិសេស
ភាពពុករលួយ របស់មន្ទីរ កសិកកម្ម ខេត្តបន្ទាយមានជ័យ។ហេតុអ្វីបានជាបណ្តោយ អោយឈ្មួញនាំចូលមាន់រស់ សាច់ឆ្កែ និង ជ្រូកក្រហម គ្មានការត្រួតពិនិត្យ សុខភាពត្រឹមត្រូវ តាមក្បួនខ្នាតពេទ្យសត្វ? មានតែអ្នក ទៅរាប់ក្បាលជ្រូកគិត លុយពីឈ្មួញ ប៉ុណ្ណោះ។ សូមលោករដ្ឋមន្ត្រី មេត្តាដុសក្អែលមន្ត្រីទាំងនោះម្តងចេញហើយ។
បច្ចុប្បន្នគ្រប់ឈ្មួញទាំងអស់គេខ្លាចរអាជាងគេ និងក្តៅក្រហាយបំផុតគឺ លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម និងបក្សព្យាបាល និងលោក តោ មេសា អនុប្រធានត្រូវបានគេសរសើរថាជាបុរសសម្តីផ្អែម ចិត្តជាផ្លែល្វាបើឈ្មួញណារកស៊ីនាំជ្រូក និងមាន់ចូលពីថៃមកកម្ពុជាត្រូវបង់លុយតាមអោយគ្រប់រួចខ្លួន បើបង់លុយមិនគ្រប់ គឺត្រូវគេនាំគ្នាដេញចាប់ ប្រផាប់ប្រភីង មិនខុសពីចោរប្លន់នោះទេ ក្រោមលេសចោទថាឈ្មួញ រកស៊ី គ្មានច្បាប់ ជ្រូក និងមានកើតរោគមិនខាន។
ជុំវិញការចោទប្រកាន់នេះ ខេមរា ពុំអាចសុំការបំភ្លឺពីលោក កែវ ណារិន មេបញ្ជាការរងវរះ ការពារ ព្រំដែនគោកលេខ៥១៥ និង លោក ហ៊ុយ ទូច ប្រធានការិយាល័យ ផលិតកម្ម និង បក្សុព្យាបាល នៃមន្ទីរកសិកម្ម ខេត្តបន្ទាយមានជ័យ បាននៅឡើយទេ ព្រោះទូរសព្ទ័មិនអាចទំនាក់ទំនងបាន៕