បទល្មើសនេសាទបាននិងកំពុងកើតយ៉ាងគគ្រឹកគគ្រេងនៅក្នុងស្រុកកណ្តៀង ខេត្តពោធិ៍សាត់ គ្មានការបង្ក្រាប សង្ស័យលោក លឹម សុក្រិតកំពុងស្រង់ដើ
ពោធិសាត់៖ ប្រភពព័ត៌មានពីប្រជានេសាទលក្ខណៈគ្រួសារបានរាយការណ៍អោយដឹងថា បច្ចុប្បន្នបទល្មើសនេសាទបាននិងកំពុងកើតយ៉ាងគគ្រឹកគគ្រេងនៅក្នុងស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។ ចំណែកឯពួកអ្នកនេសាទល្មើសច្បាប់ កំពុងតែសប្បាយចិត្តត្រជាក់ថ្លើមរីកប្រមាត់ជាមួយលោកលឹម សុក្រិត ព្រោះតែអាចនេសាទបានតាមចិត្ត ដោយគ្រាន់តែបង់ប្រាក់ជូនលោកលឹម សុក្រិត ប៉ុណ្ណោះ ។
ប្រភពព័ត៌មានខាងលើបានអោយដឹងទៀតថា អ្នកនេសាទល្មើសច្បាប់ជាជនជាតិវៀតណាមបានធ្វើសកម្មភាពនេសាទដោយប្រើឧបករណ៍នេសាទល្មើសច្បាប់ជាច្រើនប្រភេទចូលទៅនេសាទអតីតឡូត៍លេខ៦ ឬឡូត៍អភិរក្ស ។ សម្រាប់ប្រជាពលរដ្ឋនៅស្រុកកណ្តៀងកត់សម្គាល់ថា តាំងពីលោកលឹម សុក្រិតមកកាន់តំណែងជានាយសង្កាត់រដ្ឋបាលជលផលកណ្តៀងនោះមកមិនដែលឃើញលោកបង្ក្រាបបទល្មើសនេសាទម្តងណាឡើយ ។ មិនតែប៉ុណ្ណោះនាយសង្កាត់រដ្ឋបាលជលផលកណ្តៀងលោក លឹម សុក្រិត ធ្វើប្រតិបត្តិការដោយផ្ទាល់ក្នុងការប្រមូលប្រាក់ពីអ្នកនេសាទខុសច្បាប់ដើម្បីស្រង់ដើមចំពោះការចំណាយទៅលើមុខតំណែងនេះ ។
ក្រុមអ្នកនេសាទល្មើសច្បាប់ប្រើឧបករណ៍នេសាទអូស កែច្នៃដែលអាចប្រមូលត្រីបានរាប់តោនតែក្នុងរយៈពេលដ៏ខ្លី ឧបករណ៍អូសកែច្នៃនេះបំផ្លាញធនធានមច្ឆាជាតិយ៉ាងធ្ងន់ធ្ងរ ។ ប៉ុន្តែលោកលឹម សុក្រិត មិនដែលខ្វល់នោះឡើយ ។
មជ្ឈដ្ឋនទូទៅបានលើកឡើងថា មិនគួរឡើយលោក លឹម សុក្រិត មិនខ្វល់ចំពោះការរិះគន់លើរូបលោកក្នុងនាមជាមន្ត្រីជលផលតែបណ្តែតបណ្តោយអោយមានសកម្មភាពនេសាទល្មើសច្បាប់កើតមានក្នុងដែនសមត្ថកិច្ចរបស់ខ្លួនគ្មានការបង្ក្រាបយ៉ាងដូច្នេះឡើយ អ្វីដែលសំខាន់ពេលនេះ គឺត្រូវតែប្រមូលប្រាក់ដាក់ហោប៉ៅដើម្បីស្រង់ដើម ។
ពាក់ព័ន្ធនិងព័ត៌មានខាងលើនេះ អ្នកយកព័ត៌មានយើងមិនអាចសុំការបំភ្លឺនាមួយពីលោក លឹម សុក្រិត បាននៅឡើយទេនៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨នេះ។