ខេត្តរតនគិរី៖ បុរសម្នាក់ បានស្លាប់ភ្លាមៗ បន្ទាប់ពីបានជិះម៉ូតូដឹកឈើចំនួន៤ដុំ មានមុខកាត់២០x២០ ប្រវែង២.៥០ម៉ែត្រ បានបាស់កង់ម៉ូតូមកក្រោយក៏ឈើសង្កត់ចំក្បាលស្លាប់មួយរំពេច ។ហេតុការណ៍បង្កគ្រោះថ្នាក់
ដោយខ្លួនឯងបានកើតឡើងនៅវេលាម៉ោង៩នឹង១៥នាទីព្រឹកថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវជាតិលេខ៧៨ ត្រង់ចំណុចដូងប្រេង ស្ថិតនៅភូមិសោមកានិញ ឃំុសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។
មន្ត្រីនគរបាលស្រុកអូរយ៉ាដាវបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សឿន ធួន ភេទប្រុស អាយុ២៥ឆ្នំា ជនជាតិខ្មែរ មានទីលំនៅភូមិតាកុកច្រាយ ឃំុបរខំា ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។
មន្ត្រីនគរបាលបន្តថា ជនរងគ្រោះជិះម៉ូតូកែច្នៃម៉ាក វ៉េវឆ្លាម ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បាស់កង់ម៉ូតូដួលត្រូវឈើវាយចំក្បាលស្លាប់តែម្ដង ។
គួរបញ្ជាក់ថា ប្រជាពលរដ្ឋក្រីក្របានប្រកបមុខរបរស៉ីឈ្នួលដឹកឈើឲ្យថៅកែជនជាតិវៀតណាម ហើយនៅក្នុងមួយថ្ងៃចាប់ពីពីទៅបីជើងឯណ្ណោះ មិនលោះថ្ងៃណាឡើយ ។
គេបានសង្កេតឃើញសមត្ថកិច្ចយាមតាមដងផ្លូវ នៅស្រុកអូរយ៉ាដាវ ឲ្យតែឃើញម៉ូតូដឹកឈើមកដល់គេនឹងហៅឈប់ភ្លាម បើមិនឈប់គេនឹងដេញតាមចាប់ភ្លាម នេះហើយបង្កគ្រោះថ្នាក់មួយដល់អ្នកដឹកឈើច្រើន ៕ យក្ខឡោម




































