គណៈប្រតិភូក្រុមហ៊ុន ហ៊ួរ ហ្វាងគ្រុប របស់ប្រទេសចិន មានគម្រោងមកវិនិយោគនៅខេត្តព្រះសីហនុ លើគម្រោង៣សំខាន់ៗ

0

ខេត្តព្រះសីហនុ៖ ព្រឹកថ្ងៃចន្ទ ១ រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ គណៈប្រតិភូក្រុមហ៊ុនវិនិយោគរបស់ប្រទេសចិនដឹកនាំដោយលោក ឈីន តាឈាន (QIN DA QIAN) អគ្គនាយកក្រុមហ៊ុន ហ៊ួរ ហ្វាងគ្រុប បានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីគម្រោងវិនិយោគមួយចំនួន ជាមួយឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ។

ក្នុងកិច្ចប្រជុំនេះលោក ឈីន តាឈាន (QIN DA QIAN) បានអោយដឹងថា ក្រុមហ៊ុនហ៊ួរ ហ្វាងគ្រុប មានគម្រោងមកវិនិយោគនៅខេត្តព្រះសីហនុ លើគម្រោង៣សំខាន់ៗ រួមមាន ៖១.វិនិយោគ និងអភិវឌ្ឍន៏ឧស្សាហកម្មវាយភ័ណ្ឌ២.ការអភិវឌ្ឍលើវិស័យអចលនទ្រព្យ៣.វិនិយោគលើគម្រោងសណ្ឋាគារ និង វិស័យទេសចរណ៍។

ជាការឆ្លើយតប ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ បានស្វាគមន៏ចំពោះគម្រោងរបស់ក្រុមហ៊ុនហ៊ួរ ហ្វាងគ្រុប ប៉ុន្តែលោករំលេចអោយដឹងថា ត្រូវគោរពទៅតាមច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា ឯកឧត្តមអភិបាលខេត្តព្រះសីហនុ ធ្លាប់មានប្រសាសន៏ថាឯកឧត្តមស្វាគមន៏សម្រាប់គ្រុមហ៊ុនវិនិយោគទាំងអស់មិនថាមកពីប្រទេសចិន,អឺរ៉ុបឬអាមេរិច ទេសំខាន់អោយតែគោរពទៅតាមច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា។

គួរកត់សំគាល់ផងដែរថា រយៈកាល២ឆ្នាំចុងក្រោយនេះ ខេត្តព្រះសីហនុបានក្លាយទៅជាគោលដៅយ៉ាងសំខាន់របស់អ្នកវិនិយោគមកពីតំបន់ផ្សេងៗពិសេសប្រទេសចិន ហើយសព្វថ្ងៃនេះបាននឹងកំពុងធ្វើអោយខេត្តព្រះសីហនុមានការអភិវឌ្ឍយ៉ាងលឿនទៅមុខ៕ ដោយ៖ខៀវ សាវ៉ុន