គ្រឿងឥស្សរិយយសការពារជាតិ ថ្នាក់មាស ប្រាក់ សំរិទ្ធ ត្រូវបានបំពាក់ជូនដល់សមាជិកអតីតយុទ្ធជន ដែលជាជនពិការ និវត្តជនចំនួន៥០០នាក់ មកពីស្រុកចំនួន៣ ក្នុងខេត្តព្រះវិហារ!

0

ព្រះវិហារ: ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សុភា សមាជិកអចិន្ត្រៃយ៍គណ:កម្មាធិការកណ្តាល សមាគមអតីយុទ្ធជនកម្ពុជា បានមានប្រសាសន៍ថា បើគ្មានសម្តេចតេជោ ហ៊ុន សែន ប្រទេសជាតិ ក៍គ្មានសុខសន្តិភាព និងការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យនោះដែរ។ ដូច្នេះត្រូវរួមគ្នាថែរក្សារការពារសុខសន្តិភាពដែលយើងមានសព្វថ្ងៃនេះ អោយបានគង់វង្សបន្តទៅទៀត។ ប្រសាសន៍ថ្លែងបែបនេះ នៅក្នុងឱកាសដែលឯកឧត្តម អញ្ជើញជាអធិបតីក្នុងពិធីបំពាក់គ្រឿងឥស្សរិយយសថ្នាក់មេដាយការពារជាតិ ជូនដល់សមាជិកអតីតយុទ្ធជន ដែលជាជនពិការ និវត្តជនចំនួន៥០០នាក់ មកពីស្រុកចំនួន៣រួមមាន÷ ស្រុករវៀង ស្រុកសង្គមថ្មី និងស្រុកគូលេន នៃខេត្តព្រះវិហារ នារសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨ នៅសាលាខេត្តព្រះវិហារ ដែលបានរៀបចំឡើង ដោយសមាគមអតីតយយុទ្ធជនកម្ពុជាខេត្តព្រះវិហារ សហការជាមួយស្នងការនគបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន ស្តារនីតិសម្បទាខេត្តព្រះវិហារផងដែរ។

ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាសមាជិកអចិន្ត្រៃយ៍គណ:កម្មាធិការកណ្តាលសមាគមអតីយុទ្ធជនកម្ពុជា បានបន្តថាស្របពេលដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជានឹងជាប្រធានសមាគមអតីតយយុទ្ធជនកម្ពុជា បានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងដើម្បីអតីតយុទ្ធជនយើងទាំងអស់ដោយមិនប្រកាន់និន្នាការនយោបាយ ដោះស្រាយជូនជាបន្តបន្ទាប់។ ឯកឧត្តមបន្តថា ដើម្បីតបស្នងសងគុណចំពោះសម្តេចតេជោវិញ សូមអោយបងប្អូនសមាជិកសហគមអតីតយុទ្ធជនយើងទាំងអស់ អញ្ជើញទៅបោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ អោយបានគ្រប់ៗគ្នា។

ឯកឧត្ត អ៊ុន ចាន់ដា គណៈអភិបាលខេត្តព្រះវិហារ និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានមានប្រសាសន៍ អំពាវនាវទៅដល់បងប្អូនអតីតយុទ្ធជនទាំងអស់ធ្វើយ៉ាងណា បន្តខិតខំប្រឹងប្រែងការងារបង្ករបង្កើនផល និងចាប់យកមុខរបរណាមួយ អោយបានច្បាស់លាស់ ដោយមិនត្រូវផ្តេកផ្តួលទៅលើប្រេងវាសនានោះទេ។ ឯកឧត្តមបន្ថែមថា បើបងប្អូនមានមុខរបរពិតប្រាកដណាមួយ នោះជីវភាពយើងនិងកាន់តែល្អប្រសើរឡើង គួបផ្សំជាមួយនិងការជួយឧបត្ថម្ភពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តម ឧត្តមសេនីយ៍ត្រី ចាន់ សុភក្ត្រា ប្រធានសមាគមអតីតយុទ្ទ្ធជនកម្ពុជា ខេត្តព្រះវិហារ បានឲ្យដឹងថា នៅខេត្តព្រះវិហារ​ មានអតីតយុទ្ធជនចំនួន ២.០២៤នាក់ ក្នុងនោះមានសមាជិកអតីតយុទ្ធជនចំនួន ១.៦២៦នាក់ ហើយដើម្បីលើកទឹកចិត្ត ចំពោះគុណបំណាច់ដែលបងប្អូនអតីតយុទ្ធជនយើងទាំងអស់ បានលះបង់ចំពោះជាតិមាតុភូមិ និងភាពរស់នៅសុខសាន្តរបស់ប្រជាពលរដ្ឋកន្លងមក សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ បានស្នើរទៅប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គមេបញ្ជាការ នៃកងយោធិពលខេមរភូមិន្ទ កងទ័ពជើងគោក ដើម្បីផ្តល់ជូននូវគ្រឿងឥស្សរិយយស ថ្នាក់មេដាយការពារជាតិ ដល់អតីតយុទ្ធជនចំនួន៥០០នាក់ ដែលក្នុងនោះបានផ្តល់ គ្រឿងឥស្សរិយយសថ្នាក់មេដាយការពារជាតិ មាសចំនួន ១គ្រឿង ថ្នាក់មេដាយប្រាក់ចំនួន៦៣គ្រឿង ថ្នាក់មេដាយសំរិទ្ធចំនួន៤៣៧គ្រឿង។

លើសពីនោះ អ្នកមានជីវភាពលំបាកអត់ដី អត់ផ្ទះ ត្រូវបានសមាគមអតីតយុទ្ធជនខេត្ត ដោះស្រាយជូនជាបន្តបន្ទាប់ ហើយចំពោះគ្រួសារអតីតយុទ្ធជន ដែលបានពលី ក៏ត្រូវបានសមាគម ដោះស្រាយថវិកាបេឡាមរណភាពជូនបានទាន់ពេលវេលា ក្រៅពីនោះសមាគម ក៏បានលើកផ្ទះជូនគ្រួសារអតីតយុទ្ធជន ដែលមានជីវភាពទីទាល់ក្រ បានជាច្រើនខ្នងផងដែរ៕សួនលីណា