សម្ថកិច្ចនគរបាលខេត្តសៀមរាបអះអាងថា កណីឃាតកម្មសម្លាប់ថៅកែគ្រឿងបន្លាស់រថយន្ត ជាករណីប្លន់យកទ្រព្យសម្បត្តិ

0

សៀមរាប: ព្រឹកថ្ងៃទី ០៤ខែ ឧសភា ឆ្នំា២០១៨នេះ​ សមត្ថកិច្ចនគរបាលខេត្តសៀមរាប​ បានបង្ហាញមុខជនសង្ស័យ ជាជនដៃដល់សម្លាប់ចៅកែគ្រឿងបន្លាស់រថយន្តនៅក្រុងសៀមរាប ដែលបានធ្វើសកម្មភាពកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨កន្លងទៅ។ បន្ទាប់ពីសមត្ថកិច្ចនគរបាលខេត្តសៀមរាបបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ដែលក្នុងនោះម្នាក់ជាជនដៃដល់ និងម្នាក់ទៀតជាអ្នករៀបចំគម្រោង។ជនសង្ស័យទំាង២នាក់នេះទី១ឈ្មោះ សយ ឡុង ហៅជ្រូក ភេទប្រុសអាយុ២៤ឆ្នាំ មិនមានមុខរបរពិតប្រាកដ មានទីលំនៅភូមិថ្នល់ដាច់ខាងលិច ឃុំដានរុន ស្រុកសូទ្រនិគម ជាចារីប្រព្រឹត្តផ្ទាល់(ជនដៃដល់)។ទី២ឈ្មោះអ៊ុន ប៉ូឡូញ ហៅម៉ៅ ភេទប្រុសអាយុ៣៣ឆ្នាំ មានទីលំនៅភូមិដំដែកលើ ឃុំដំដែក ស្រុកសូទ្រនិគម (ជាអ្នករៀបចំគម្រោង)។
លោកឧត្តមសេនីយ៍ត្រី ភឹង ចន្ថារ៉េ ស្នងការរងនគរបាលខេត្តសៀមរាបបានឱ្យដឹងថា កណីឃាតកម្មសម្លាប់ថៅកែគ្រឿងបន្លាស់រថយន្តនៅក្រុងសៀមរាប ជាករណីប្លន់យកទ្រព្យសម្បត្តិដោយលោកបានពន្យល់ថា តាមចំលើយសារភាពរបស់ជនសង្ស័យ ឈ្មោះសយ ឡុង ហៅជ្រូក បានបង្ហាញសមត្ថកិច្ចថា ដំបូងរូបគេទូរស័ព្ទហៅជនរងគ្រោះឱ្យបើទ្វាចូលទៅក្នុងផ្ទះ ពេលនោះជនរងគ្រោះស្លៀកខោរខ្លីក្រោមត្រឹមក្បាលជង្គង់។ បន្ទាប់មកជនរងគ្រោះក៍ឡើងទៅឡៅតឿ រួចក៍ចុះមកជួបជនសង្ស័យវិញដោយជនរងគ្រោះស្រាតខោរខ្លីចេញនៅសល់តែលីអូរ ពេលនោះជនសង្ស័យក៏យកកាំបិតចុងស្រួចកាន់ក្នុងដៃចាំ ហើយជនរងគ្រោះក្រោយស្រាតខោរខ្លី សល់តែលីអូរចុះមកម្តងទៀត រូបគេក៏ចាក់ចំបំពង់ក បណ្តាលឲ្យជនរងគ្រោះស្លាប់តែម្តង។ ភ្លាមនោះរូបគេ(ជនសង្ស័យ)ក៏ឡើងទៅលើឡៅតើដើម្បីយកវត្ថុមានតម្លៃ។ ជននេះបានបញ្ចាក់ជាមួយសមត្ថកិច្ចថា ក្នុងសកម្មភាពនោះគឺមានតែរូបគេម្នាក់គត់ ដែលជាអ្នកចាក់សម្លាប់ជនរងគ្រោះ ហើយបំណងគឺ ប្លន់យកមាសប្រាក់និងលុយ។
សូមបញ្ជាក់ថា ក្រោយបញ្ចប់សកម្មភាពធ្វើត្រាប់ ខណៈបណ្តើរឃាតករ និងបក្ខពួក ចេញពីផ្ទះកើតហេតុបំរ៉ុងបញ្ចូលទៅក្នុងរថយន្តវិញ ក៏ត្រូវសាច់ញាតិជនរងគ្រោះ  ស្ទុះសម្រុកចូលទៅវ៉ៃឃាតករ និងបក្ខពួកម្នាក់ទៀតនោះ យ៉ាងកំរោល បើទោះបីក្រុមសមត្ថកិច្ចជាច្រើននាក់ ព្យាយាមរារាំងយ៉ាងណាក៏ដោយ។ ក្នុងភ្លើងកំហឹងនោះ គេឮសូសម្រែកព្រមៗគ្នាថា អាឃាតករហេតុអីឯងសម្លាប់បងអញ។ ប៉ុន្តែសកម្មភាពនោះ ក៏បានបញ្ចប់ខណៈក្រុមសមត្ថកិច្ច ព្យាយាមរុញជនសង្ស័យជាឃាតករទាំងពីរ ចូលឡានហើយបើកចេញបាត់ទៅ។
សូមរម្លឹកថា បុរសម្ចាស់អាជីវករលក់គ្រឿងបន្លាស់រថយន្តម្នាក់ ត្រូវឃាតករចាក់សម្លាប់ដោយកាំបិតចុងស្រួចនាអំឡុងម៉ោង២១ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ ហើយទើបភ្ញាក់ផ្អើលម៉ោង៧ព្រឹក ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ដដែល។ ជនរងគ្រោះឈ្មោះ ពិត បារាំង អាយុ៤៥ឆ្នាំ រស់នៅផ្ទះកើតហេតុភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប៕