កំពង់ឆ្នាំង៖ ផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នងបានរងនូវការខូចខាតរលំនិងប៉ើងជញ្ជាំង ដំបូលក្នុងពេលមានភ្លៀងនិងខ្យល់ព្យុះកន្ត្រាក់ កាលពីវេលាម៉ោង៤និង៣០នាទីល្ងាច នៅក្នុងតំបន់ជើងកំពង់ឆ្នុកទ្រូ ក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។ សមត្ថកិច្ចមូលដ្ឋាន
បានអោយដឹងថា៖ ជនរងគ្រោះទាំង៣គ្រួសារនេះមាន ទី១ឈ្មោះ ប៊ុន សម្ផស្ស មានប្រពន្ធនិងកូន៦នាក់ ផ្ទះគាត់របើកដំបូលទាំងអស់ ទី២ឈ្មោះ ម៉ៅ ឡា មានប្រពន្ធនិងកូន២នាក់ ផ្ទះរបើកដំបូល ទី៣ឈ្មោះ យ៉ង់ សំអឿន មានប្រពន្ធ និងកូន៩នាក់ ផ្ទះរបើកដំបូលអស់។
សមត្ថកិច្ចបានអោយដឹងទៀតថា៖នៅក្នុងហេតុការណ៍ខាងលើនេះ ពុំមានអ្នកណា រងរបួស ឬមានគ្រោះថ្នាក់ដល់ជីវិតឡើយ។ បច្ចុប្បន្នអាជ្ញាធរមូលដ្ឋាន កំពុងធ្វើការស្រង់ស្ថិតិក្រុមគ្រួសារជនរងគ្រោះ ដើម្បីរាយការណ៍ជូនសាខាកាកបាទក្រហមស្រុក និងខេត្ត ត្រៀមផ្តល់អំណោយសង្គ្រោះបន្ទាន់របស់កាកបាទក្រហមកម្ពុជាដល់ពួកគាត់ក្នុងពេលឆាប់ៗខាងមុខនេះ។ លោក អភិបាលស្រុកបរិបូរណ៍បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អោយបានជ្រាបថា៖
ពេលនេះជារដូវភ្លៀង អាចមានគ្រោះធម្មជាតិខ្យល់ ភ្លៀង និងព្យុះកន្ត្រាក់ យាយីជាបន្តបន្ទាប់មកលើភូមិដ្ឋានប្រជាពលរដ្ឋយើង។ហេតុនេះពេលមើលឃើញហេតុការណ៍គ្រោះថ្នាក់ខាងលើចំពោះមុខ បងប្អូនត្រូវប្រយត្ន័នាំកូនចៅចេញអោយឆ្ងាយពីផ្ទះសម្បែងដែលមិនមានការសាងសង់មាំទាំ ដើម្បីជៀសវៀងគ្រោះថ្នាក់ណា មួយដែលអាចកើតឡើងជាយថាហេតុដល់កូនចៅនិងក្រុមគ្រួសារ។
អាជ្ញាធនៅតាមមូលដ្ឋានត្រូវតែរាយការណ៍អោយបានទាន់ពេវេលាមកថ្នាក់លើ ដើម្បីថ្នាក់លើមាន វិធានការណ៍ជួយសង្គ្រោះប្រជាពលរដ្ឋអោយបានទាន់ពេលវេលា៕